Grand News Asia Close

(វីដេអូ) សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា នៃកងពលតូចលេខ ៧០

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 393

CNV:

–សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិ

–មេបញ្ជការ មេបញ្ជាការរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ!

 

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួម ជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំង ៥២ ផែននៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃកងពលតូចលេខ ៧០ ។

ពិធីនេះក៏ជាឱកាសដ៏ប្រសើរថ្មីមួយទៀត ដែលនេះគឺជាលើកទី៧ ហើយនៃការជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ពិសេសនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចលេខ ៧០។

ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារ ជំនះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជា។ ខ្ញុំក៏សូមសម្តែងនូវការដឹងគុណចំពោះបងប្អូន ជនរួមជាតិនៅគ្រប់ជំនាន់ ដែលបានលះបង់កូនចៅ ប្តីសី និង សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និងមាតុភូមិ។ ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ សូមគោរពដឹងគុណជានិច្ចចំពោះគ្រប់វីរភាពរបស់យោធិន និងគ្រួសារយោធិនពលី ពិការ និងមរណ:។

ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ ខ្ញុំសូមស្វាគមន៍ចំពោះគណ:ប្រតិភូអង្គការ ជេភីអ (JPR) លោក គីយូស៊ី ម៉ាសៃ និងគណៈប្រតិភូមកពីទីក្រុងកូបេ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីរបស់យើង នាពេលនេះ។ តាមរយៈលោក គីយូស៊ី ម៉ាសៃ និងគណៈប្រតិភូ សូមមេត្តាពាំនាំនូវអំណរគុណជូនរដ្ឋាភិបាល និងប្រជាជន ជប៉ុន និងកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រជាសម្ភារៈហ្វឹកហ្វឺន និង ថវិកាក្នុងការសង្គ្រោះប្រជាជនគ្រោះមហន្តរាយនានា ដូចជា ការសង្គ្រោះក្នុងគ្រោះថ្នាក់បាក់រលំអគារ សង្គ្រោះប្រជាជនរងគ្រោះដោយសារទឹកជំនន់ អគ្គិភ័យ និងសង្គ្រោះប្រជាជនដែលមានគ្រោះថ្នាក់នានា។

ខ្ញុំសូមអបអរសាទរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈតែងទ្រទ្រង់ ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា។

–សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន !

ក្នុងរយៈពេល ២៩ ឆ្នាំ កងពលតូចលេខ ៧០ បានកសាងអគាររាប់រយខ្នង កសាងហេដ្ឋារចនាសម្ព័ន្ធនានា កសាងសាលាហ្វឹកហ្វឺន ការបំពាក់សម្ភារៈកងទ័ពបានពេញលេញ លើកកម្ពស់ជីវភាព និងសុខភាពកងទ័ពបានយ៉ាងល្អប្រសើរ។ ភាពរីកចម្រើន លូតលាស់ជាលំដាប់នៃកងទ័ពកម្ពុជា បានផ្ដើមចេញពីឆន្ទៈ និង កម្លាំងមហាសាមគ្គីរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ ៧ មករា ១៩៧៩។ ថ្ងៃ៧ មករា ជាចំណុចចាប់ផ្តើមនៃការកសាងឡើងវិញនូវរាល់សមិទ្ធផល គ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត សិទ្ធិសេរីភាពប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសមិទ្ធផលដែលយើងទាំងអស់គ្នាកំពុងឃើញនាពេលនេះ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៅថ្ងៃនេះ រួមមាន អគារមន្ទីរពេទ្យមរតកតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចោមចៅ អគារប្រពៃណីតេជោសន្តិភាពកងពលតូចលេខ ៧០ អគារស្នាក់នៅរបស់ទ័ពពិសេសប្រឆាំងភេរវកម្ម និងកងសង្គ្រោះ (នារី) និងអគារចំណតឡាន និងសាលប្រជុំ គឺមិនត្រឹមតែ ឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តខ្ពស់ដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាស ក្រើនរំលឹកពីភាពចាំបាច់ខានពុំបាននៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាជាធ្លុងមួយ ក្នុងស្មារតីរួមចំណែកបន្តលើកកម្ពស់ដល់ការថែរក្សាឱ្យបានគង់វង្ស នូវកត្តាសុខសន្តិភាព ភាពសុខដុមរមនា និងសុខុមាលភាពប្រជាជាតិយើង។ យើងទាំងអស់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព ពីព្រោះជាបុព្វលក្ខខណ្ឌ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍ និងភាពរីកចម្រើននៃប្រជាជាតិនីមួយៗ ជាពិសេស ការធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈនេះ យើងអាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទ ដែលតែងបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម របស់ខ្លួនក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល។

តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ កងទ័ពកម្ពុជាមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិទៀតផង។ ជាមួយនេះ ដោយមានការជួយ-ជ្រោមជ្រែងបន្ថែម និងការគាំទ្រពីបណ្តាប្រទេសជាមិត្ត ធ្វើឱ្យ កងពលតូចលេខ ៧០ ក្លាយជាកងទ័ពជំនាញមួយរបស់កងយោធពលខេមរភូមិន្ទ ដោយត្រូវបានលើកកម្ពស់សមត្ថភាពជាប្រចាំ ហើយមានសមត្ថភាពឯកទេសជំនាញច្រើន ដែលអាច និងបំពេញកិច្ចការពារបូរណភាពដែនដីបានយ៉ាងពេញលេញ មានកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងសម្រេចបាននូវសមទ្ធិផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។

ក្នុងស្មារតីនេះ កងពលតូចលេខ ៧០ និយាយដោយឡែក និងកងយោធខេមរភូមិន្ទ និយាយរួមត្រូវបន្តការងារអភិវឌ្ឍសមត្ថភាព កងទ័ពឱ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតី ដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើង ជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។ កងទ័ពយើងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ពយើងបានអនុវត្តរួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការដោះមីនរំដោះដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម។ ជាងនេះទៀត សមត្ថភាពកងទ័ពត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួលរួចមកហើយ គឺការប្រែក្លាយកម្ពុជា ដែលធ្លាប់ល្បីថាជាវាលពិឃាត ពុំមានសន្តិសុខ​ រងការហ៊ុមព័ទ្ធ និងឯកោ ទាំងផ្នែកនយោបាយការទូត និងសេដ្ឋកិច្ច បច្ចុប្បន្នបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាពក្នុងតំបន់ឤស៊ីអាគ្នេយ៍ និងបានប្រែក្លាយដីមីនទៅជាដីមាស ជាប្រទេស ​ដែលបាន និង​​កំពុងសមាហរណខ្លួនកាន់តែជ្រៅទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មសកល និងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ហើយជាកន្លែងដែលទទួលរៀបចំកិច្ចប្រជុំធំៗជាអន្តរជាតិ មានមេដឹកនាំប្រទេសមហាអំណាចពិភពលោកបានមកចូលរួមប្រជុំ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

ថ្មីៗនេះ យើងទើបបានបិទបញ្ចប់ដោយជោគជ័យនូវស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនេះគឺជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ ដែលសុំយកឱកាសនេះឧទ្ទិសជូនរបស់ប្រជាជាតិកម្ពុជាទាំងមូល ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នូវសមិទ្ធផលនេះសម្រាប់ជាតិកម្ពុជាទាំងមូល។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងជាសក្ខីកម្ម សម្រាប់បញ្ជាក់ថា កងទ័ពយើងអាចធ្វើបាន។ ដូច្នេះ យើងត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាពរីកចម្រើនរុងរឿងដូចអារ្យប្រទេសនានា។

រាជរដ្ឋាភិបាល នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាព សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងកម្លាំងមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពពេញលេញ ដើម្បីចូលរួមក្នុងបេសកកម្មនានាឱ្យបានប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កា។

រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេចំពោះការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហការរបស់អង្គភាព កងទ័ពនីមួយៗជាមួយនឹងស្ថាប័នស៊ីវិលផ្សេងៗទៀត ក្នុងគោលដៅ រួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា។ ក្នុងនាម រាជរដ្ឋាភិបាល ខ្ញុំសូមជំរុញ និងលើកទឹកចិត្តខ្ពស់ដល់ការចូលរួមចំណែករបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិនានា ដើម្បីរួមចំណែកដោះស្រាយត្រូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឱ្យបាននូវសុខុមាលភាព កម្លាំងពលំមាំមួន ស្មារតីភ្លឺថ្លាប្រកបដោយថាមពល សម្រាប់បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការធានាបាននូវសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូន ប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០។

ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រី និង សប្បុរសជនជាតិ-អន្តរជាតិ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ ដើម្បីការរីកចម្រើននៃកងពលតូចលេខ ៧០។

នៅទីបញ្ចប់ ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលនានារបស់កងពលតូចលេខ ៧០ នាឧកាសនេះ ខ្ញុំសូម ជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាត។

សូមអគុណ !

អត្ថបទទាក់ទង