Grand News Asia Close

ក្រុមសមាជិកសភាអាមេរិក ទទូចឱ្យលោក បៃដិន រារាំងកុំឱ្យមេដឹកនាំហុងកុងដែលជាប់ទណ្ឌកម្ម ចូលរួមកិច្ចប្រជុំ APEC នៅរដ្ឋ California

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 276
ក្រុមសមាជិកសភាអាមេរិក ទទូចឱ្យលោក បៃដិន រារាំងកុំឱ្យមេដឹកនាំហុងកុងដែលជាប់ទណ្ឌកម្ម ចូលរួមកិច្ចប្រជុំ APEC នៅរដ្ឋ California ក្រុមសមាជិកសភាអាមេរិក ទទូចឱ្យលោក បៃដិន រារាំងកុំឱ្យមេដឹកនាំហុងកុងដែលជាប់ទណ្ឌកម្ម ចូលរួមកិច្ចប្រជុំ APEC នៅរដ្ឋ California

(វ៉ាស៉ីនតោន)៖ សមាជិកសភាអាមេរិកមួយក្រុម មកពីប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធសប្តាហ៍នេះ បានទទូចឱ្យ​រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន ហាមឃាត់កុំឱ្យអភិបាលទីក្រុងហុងកុង ដែលជាប់ទណ្ឌកម្ម ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ APEC ដែលត្រូវរៀបចំឡើងនៅរដ្ឋកាលីហ្វរញ៉ា (California)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

ហុងកុងដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំមួយ ក៏មានឈ្មោះជាសមាជិកនៃវេទិកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ដែលហៅកាត់ថា APEC ផងដែរ។ កិច្ចប្រជុំកំពូល APEC ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ (San Francisco) នៃរដ្ឋ California របស់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។ យ៉ាងណាក្តី មេដឹកនាំហុងកុង លោក ចន លី (John Lee) ត្រូវបានអាមេរិកដាក់​ទណ្ឌកម្មកាលពីឆ្នាំ២០២០ ដោយរដ្ឋបាលលោក ដូណាល់​ត្រាំ ដោយសារតែតួនាទីរបស់លោក ក្នុងនាមជាប្រមុខសន្តិសុខរបស់ហុងកុង ពាក់ព័ន្ធទៅនឹងសកម្មភាពបង្រ្កាបបាតុកម្មដ៏កក្រើក កាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា​ បើតាមក្រុមសមាជិកសភាអាមេរិកខាងលើ កន្លងមកនេះ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វេនឌី សឺមែន (Wendy Sherman) បានទទួលស្គាល់អំពីផែនការគ្រោងអញ្ជើញលោក លី ឱ្យចូលរួមកិច្ចប្រជុំ APEC។ ដូច្នេះហើយ ក្នុងលិខិតចំហផ្ញើទៅកាន់លោក អាន់តូនី ប៊្លីនខិន (Antony Blinken) ដែលជារដ្ឋមន្រ្តីការបរទេសអាមេរិក ក្រុមសមាជិកសភាដដែល បានទទូចរដ្ឋបាលលោក បៃដិន កុំឱ្យធ្វើយ៉ាងដូច្នោះ។ អាជ្ញាធរហុងកុងបានចាប់ខ្លួនមនុស្សច្រើនជាង ១០,០០០នាក់ ជុំវិញសកម្មភាពបាតុកម្មគាំទ្រប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៩។ ដោយឡែក ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ក៏ត្រូវគេរំពឹងថានឹងមកចូលរួម កិច្ចប្រជុំកំពូល APEC ផងដែរ៕ ដោយ៖ Fresh News

អត្ថបទទាក់ទង