Grand News Asia Close

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង ក្រោយរដ្ឋាភិបាលបារាំងដួលរលំ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 326
វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង ក្រោយរដ្ឋាភិបាលបារាំងដួលរលំ? វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង ក្រោយរដ្ឋាភិបាលបារាំងដួលរលំ?

(ប៉ារីស)៖ ជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ១៩៦២មក រដ្ឋាភិបាលបារាំងបានដួលរលំ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Michel Barnier បានដួលរលំកាលពីថ្ងៃពុធ ទី៤ ខែធ្នូ បន្ទាប់ពីត្រូវបានសភាជាតិជាទីដែលក្រុមបក្សប្រឆាំងមានទឹកមាត់ប្រៃ បោះឆ្នោតដកសេចក្ដីទុកចិត្ត។ ក្រុមគណបក្សចម្រុះមាននិន្នាការឆ្វេងនិយម និងគណបក្សស្ដាំនិយមជ្រុល National Rally party (RN) បានរួមដៃគ្នាបោះឆ្នោតគាំទ្រលើសំណើដកសេចក្ដីទុកចិត្តប្រឆាំងនឹងលោក Michel Barnier ជាមួយសំឡេងគាំទ្រភាគច្រើន ៣៣១ ក្នុងចំណោមសមាជិកសភា សរុបទាំង៥៧៧រូប។ ការបោះឆ្នោតដកទំនុកចិត្តនេះដែរគឺជាការបញ្ចេញកំហឹង និងការដាក់ទោសលើលោក Barnier សម្រាប់ការប្រើប្រាស់សិទ្ធិអំណាចពិសេសដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តកញ្ចប់ថវិកាមួយសម្រាប់ឆ្នាំ២០២៥ ដោយមិនឆ្លងកាត់ការបោះឆ្នោតសម្រេចចិត្តចុងក្រោយពីសភា។ លោក Barnier ទើបតែត្រូវបានត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំងកាលពីខែកញ្ញាកន្លងទៅ។

* ដូច្នេះតើនឹងមានអ្វីកើតឡើងបន្ទាប់?
លោក Michel Barnier ត្រូវដាក់លិខិតលាលែងចេញពីតំណែងរបស់លោកផ្ទាល់ និងរដ្ឋាភិបាលរបស់លោកទាំងមូលទៅកាន់លោកប្រធានាធិបតី Emmanuel Macron។ ប៉ុន្តែមានការរំពឹងថា លោកទំនងជានឹងត្រូវបានស្នើឱ្យបន្តកាន់តំណែងដឹកនាំរដ្ឋាភិបាលក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះ ទម្រាំលោក Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មី។ លោក Macron កាលពីប៉ុន្មានខែមុន ក៏ធ្លាប់បានស្នើឱ្យអតីតនាយករដ្ឋមន្ត្រី លោក Gabriel Attal កាន់តំណែងជាបណ្ដោះអាសន្នផងដែរ បន្ទាប់ពីលោករំលាយសភារៀបចំការបោះឆ្នោតសភាមុនអាណត្តិ។

រដ្ឋាភិបាលបណ្ដោះអាសន្ននឹងដឹកនាំកិច្ចការប្រទេសជាតិជាធម្មតា តែមិនអាចបោះឆ្នោតលើច្បាប់ថ្មីណាមួយឡើយ ហើយការតែងតាំងនាយករដ្ឋមន្ត្រីថ្មី គឺជាភារៈរបស់ប្រធានាធិបតី លោក Macron ដែលមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទឡើយ។ តែទោះជាបែបនេះក្ដី ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីអាចនឹងមានស្មុគស្មាញ ខណៈរដ្ឋសភាសព្វថ្ងៃដែលត្រូវបានបង្កើតឡើងក្រោយ ការបោះឆ្នោតមុនអាណត្តិ គឺមិនមានគណបក្សណាមួយមានសំឡេងភាគច្រើនដាច់ខាត ឬគ្រប់គ្រាន់ទេ។ ម្យ៉ាង នៅពេលនេះគេមិនទាន់ច្បាស់ថាតើលោក Macron អាចបញ្ចុះបញ្ចូល ឬប្រមូល បានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាឱ្យគាំទ្រនាយករដ្ឋមន្ត្រីថ្មីដែលលោកបានជ្រើសរើស ឬក៏យ៉ាងណានោះទេ? ចំណែកឯ ការរៀបចំការបោះឆ្នោតមុនអាណត្តិអាចធ្វើទៅបាន រហូតដល់ ខែកក្កដា ឆ្នាំក្រោយឯណោះ។

*​ តើនរណាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី?
គិតត្រឹមថ្ងៃពុធ ទី៤ ខែធ្នូ មានឈ្មោះបេក្ខជនជានាយករដ្ឋមន្ត្រីប៉ុន្មាននាក់ប៉ុណ្ណោះត្រូវបានទម្លាយឱ្យដឹង ក្នុងនោះរួមមានរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធសព្វថ្ងៃ លោក Sébastien Lecornu, ឬក៏លោក François Bayrou ជាមេដឹកនាំមកពីគណបក្ស Democratic Movement ដែលជាបក្សមាននិន្នានការកណ្ដាលនិយម។ គណបក្សមួយចំនួននៅក្នុងក្រុមចម្រុះបក្សឆ្វេងនិយម NFP ដែលមានសំឡេងភាគច្រើននៅរដ្ឋសភា ធ្លាប់បានតែងតាំងលោកស្រី Lucie Castets ជាបេក្ខជននាយករដ្ឋមន្ត្រីកាលពីខែកក្កដាកន្លងទៅ។ លោកស្រី Lucie កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាលោកស្រីបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដឹកនាំរដ្ឋាភិបាល។ លោក François-Xavier Millet ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់បានយល់ថា «នៅលើកនេះ លោក Macron មានបំណងទប់ស្កាត់កុំឱ្យរដ្ឋាភិបាលដួលរំលំសាជាថ្មីទៀត ម្លោះហើយលោកអាចនឹងបើកផ្លូវឱ្យសមាជិករដ្ឋសភាជ្រើសមនុស្សម្នាក់មានលក្ខណៈសម្បត្តិដែលគេអាចទទួលយកដោយ កង់សង់ស៊ីសខ្លាំងជាងពេលកន្លងមក។

ប៉ុន្តែ លោក Emmanuel Rivière ជាអ្នកជំនាញខាងមតិសាធារណៈ និងជាទីប្រឹក្សានយោបាយម្នាក់បាននិយាយថាការជ្រើសរើសនាយករដ្ឋមន្ត្រីអាចនឹងធ្វើឡើងក្រោមគម្រោង ឬកិច្ចព្រមព្រៀង ណាមួយ មិនមែនពឹងផ្អែកលើលក្ខណៈសម្បត្តិនោះទេ។ លោកបានបន្ថែមថារដ្ឋាភិបាលអាចត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីម្នាក់ជាអ្នកជំនាញសុទ្ធសាធ ជាមួយបេសកកម្មជាក់លាក់ ដើម្បីធានាឱ្យបានថាបារាំងអាចអនុម័តកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥។

គួរបញ្ជាក់ថា លោក Emmanuel Macron ធ្លាប់បានអះអាងថានឹងបន្តកាន់តំណែងជាប្រធានាធិបតីរហូតដល់ចប់អាណត្តិនៅឆ្នាំ២០២៧។ ប៉ុន្តែ ក្រោយការបោះឆ្នោតដកសេចក្ដីទុកចិត្តពី រដ្ឋាភិបាលរបស់លោក ក្រុមអ្នកនយោបាយប្រឆាំងបានអំពាវនាវឱ្យលោក Macron លាលែងចេញពីតំណែង ចំពេលប្រជាប្រិយភាពរបស់ប្រធានាធិបតីបារាំងរូបនេះកំពុងរង្គោះរង្គើរស្រាប់។ បើតាមការស្ទង់មតិកាលពីខែវិច្ឆិកា ធ្វើឡើងដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Ifop ប្រជាជនបារាំងត្រឹម ២២ភាគរយប៉ុណ្ណោះដែលពេញចិត្តលោក Macron៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង