Grand News Asia Close

នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ បានអញ្ជើញដល់ ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ

ដោយ៖ សុវណ្ណា ពិទូ ​​ | 21 ម៉ោងមុន ព័ត៌មានជាតិ 332
នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ បានអញ្ជើញដល់ ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ បានអញ្ជើញដល់ ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធា​រណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន បានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

អញ្ជើញទទួលវត្តមានមកដល់របស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋ​មន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង​លោក​ជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល, តំណាងគណៈកម្មាធីការជាតិ រៀបចំបុណ្យជាតិ និង​អន្តរជាតិ, មន្ត្រីក្រសួងការបរទេស, ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅឡាវ, និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនទៀត ។

នៅក្នុងឱកាសបំពេញទស្សនកិច្ច ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន និង​លោកជំទាវ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ នឹងមានជំនួបសម្តែងការគួរសមដាច់​ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ។

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នឹងមានជំនួបទ្វេភាគី ជាមួយ​សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាព​ជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ។ នាយករដ្ឋ​មន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍​រួមផងដែរ ។

បើតាមសេចក្តីប្រកាសព័ត៌មាន ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ។

ក្នុងអំឡុងពេលនៃទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបថត៖ FN

អត្ថបទទាក់ទង