Grand News Asia Close

លិខិតមិត្តអ្នកអាន៖ តើកត្តាសុខសន្តិភាពបានផ្តល់ផលប្រយោជន៍អ្វីខ្លះដែលប្រជាពលរដ្ឋគួរយល់ដឹង?

ដោយ៖ សុវណ្ណា ពិទូ ​​ | ម្សិលមិញ ម៉ោង 12:15 pm ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 327
លិខិតមិត្តអ្នកអាន៖ តើកត្តាសុខសន្តិភាពបានផ្តល់ផលប្រយោជន៍អ្វីខ្លះដែលប្រជាពលរដ្ឋគួរយល់ដឹង? លិខិតមិត្តអ្នកអាន៖ តើកត្តាសុខសន្តិភាពបានផ្តល់ផលប្រយោជន៍អ្វីខ្លះដែលប្រជាពលរដ្ឋគួរយល់ដឹង?

ជាការពិតសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជាព្រោះទម្រាំស្វែងរកបានសុខសន្តិភាពពេញលេញ យើងបានឆ្លងកាត់ដំណាក់កាលសង្រ្គាម របបប្រល័យពូជសាសន៍ និងដំណាក់កាលលំបាកជាច្រើន។

ប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់បានហែលឆ្លងដំណាក់កាលដ៏លំបាកៗខាងលើ តែងតែប្រាថ្នាចង់បានសុខសន្តិភាព ខុសពីក្មេងជំនាន់ក្រោយ ដែលជាយុវជនសម័យបច្ចុប្បន្ន កើតក្នុងស្ថានភាពប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ អាចនឹងភ្លេចខ្លួនឬអាចនឹងមិនសូវយល់ពីតម្លៃនៃសន្តិភាព។

ដូច្នេះដើម្បីចែករំលែក និងផ្តល់ជូនដល់យុវជនជំនាន់ក្រោយឱ្យយល់ច្បាស់ពីអត្ថប្រយោជន៍នៃសុខសន្តិភាព ខ្ញុំសូមលើកយកចំណុចសំខាន់ៗមកពិពណ៌នាដូចខាងក្រោម៖

១-សន្តិភាពបម្រើដល់ការអភិវឌ្ឍ៖ ពិតណាស់ ឆ្នាំ១៩៩៨ គឺជាបន្ទាត់ប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាលទ្ធផលដែលកើតចេញពីការពុះពារស្វែងរកសុខសន្តិភាពជូនជាតិ និងប្រជាជន រហូតមានការវិវឌ្ឍខ្លួនមកដល់ពេលបច្ចុប្បន្នតាមរយៈនយោបាយឈ្នះ-ឈ្នះ។ ជាក់ស្តែង ដោយសារតែរក្សាបាននូវម្លប់សុខសន្តិភាព ទើបយើងអាចអភិវឌ្ឍ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានយ៉ាងខ្វាត់ខ្វែង ការរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដែលពិតជាមិនអាចខ្វះសន្តិភាពបានឡើយ។ បើប្រទេសជាតិធ្លាក់ក្នុងស្ថានភាពចលាចល ប្រាកដណាស់យើងមិនមានឱកាសធ្វើការអភិវឌ្ឍបាននោះទេ។

២-សន្តិភាពជួយលើកកម្ពស់ជីវភាពប្រជាជន៖ ជាក់ស្តែង តាមរយៈទិដ្ឋភាពក្នុងថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៩ និង ១៧ មេសា ឆ្នាំ២០២៤ បានឆ្លុះបង្ហាញឱ្យឃើញពីភាពខុសគ្នាយ៉ាងដាច់ស្រឡះនៃសង្គមកម្ពុជា ពោលគឺប្រៀបដូចជាឋាននរកអវីចី និងឋានសួគ៌នៃជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ ក្រោមគោលនយោបាយ និងមាគ៌ានៃការដឹកនាំដ៏ត្រឹមត្រូវ និងភាពច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលមានតាំងពីពេល សម្តេចតេជោ ហ៊ុន សែន ដឹកនាំ បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលថ្មីនេះ បាននិងកំពុងធ្វើឱ្យសង្គមមានការរីកចម្រើន ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងពោរពេញដោយភាពសប្បាយរីករាយ។ ប្រជាពលរដ្ឋកម្ពុជាត្រូវបានលើកកម្ពុជាជីវភាពកាន់តែប្រសើរឡើងជាលំដាប់ ដោយពីមុនយើងខ្វះសូម្បីអាហារហូបចុក ប៉ុន្តែបច្ចុប្បន្នកម្ពុជាសម្បូរសប្បាយ រហូតក្លាយជាប្រទេសនាំស្បៀងអាហារចេញទៅបរទេសថែមទៀតផង។ ប្តូរពីប្រទេសដែលក្រីក្រចេញពីរបបប៉ុលពត ប្រែមកជាប្រទេសដែលស៊ីវិល័យមួយ ដែលមិនគួរឱ្យជឿ ទាំងនេះគឺជាគុណតម្លៃដ៏ធំនៃសន្តិភាព ដែលត្រូវតែបន្តការពារឱ្យខាងតែបាន។

៣-សន្តិភាពផ្តល់ឱកាស និងក្តីសង្ឃឹម៖ យើងគ្រប់គ្នាដឹងហើយថា បើគ្មានសន្តិភាពយើងក៏គ្មានឱកាសធ្វើរឿងជាច្រើនដូចជាឱកាសក្នុងការសិក្សា ឱកាសក្នុងការបង្កើតការងារ និងការវិនិយោគ ជាពិសេសឱកាសចូលរួមក្នុងសង្គម ឬក្តីសង្ឃឹមក្នុងការខិតខំប្រឹងប្រែងប្រកួតប្រជែងជាមួយប្រទេសនានាលើសកលលោក។ ប្រសិនបើយើងធ្វើឱ្យបាត់បង់សន្តិភាព ហើយបើសិនសង្រ្គាមកើតមានឡើងនោះ យុវជនរបស់យើង នឹងបាត់បង់អនាគត ក្តីសង្ឃឹម និងឱកាសកសាងខ្លួន ព្រោះត្រូវស្ពាយអាវុធចូលសមរភូមិជាក់ជាមិនខាន។

ជារួមយើងត្រូវនាំគ្នាថែរក្សាសន្តិភាពដែលរកបានមកយ៉ាងលំបាកដើម្បីកុំឱ្យមានប្រវត្តិសាស្រ្តច្រំដែលដូចអតីតកាល និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងប្រឹងប្រែងកសាងជាតិយើងឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខ៕

ដោយ៖ ហាក់ ដាវី

អត្ថបទទាក់ទង