Grand News Asia Close

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ អាស៊ាន | ASEAN 1806
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់
 
នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
 
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានគ្រប់គ្រងនៃ IMF បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការពង្រឹងភាពជាដៃគូដ៏ល្អ រវាងកម្ពុជា និង IMF សម្រាប់ពេលអនាគត។ ឯកឧត្តមបានក៏គូសបញ្ជាក់ថា កម្ពុជាបានធានានូវភាពជាដៃគូដ៏ល្អជាមួយនឹង IMF, ជាពិសេសក្នុងមុខងារនៃការឃ្លាំមើល (Surveillance function), ការកំណត់នូវអនុសាសន៍គោលនយោបាយ, និងការចូលរួមក្នុងការជំរុញឱ្យស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និង ភាពរឹងមាំ។
 
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ IMF ក៏ដូចជាក្រុមការងាររបស់ IMF ដែលបានរួមចំណែក ក្នុង៖ (១) ការផ្ដល់ជំនួយបច្ចេកទេស, ការបណ្ដុះបណ្ដាលនិងការកសាងសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច, សារពើពន្ធ, ហិរញ្ញវត្ថុ, និងវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងរូបិយវត្ថុ, (២) ប្រែក្លាយប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ, និង (៣) ធានាបាននូវស្ថិរភាពផ្នែកធនាគារ និងហិរញ្ញវត្ថុ ដែលជាសសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា, និង (៤) ពង្រឹងការរៀបចំទិន្នន័យ និងបង្កើតប្រព័ន្ធទិន្នន័យនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលមានសារៈសំខាន់នៅក្នុងការកំណត់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ប្រកបដោយភាពច្បាស់លាស់ និងឈានទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ជូនឯកឧត្តមអនុប្រធានផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពគន្លឹះមួយចំនួននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល IMF អាចចូលរួមគាំទ្រ និង ជួយជំរុញ ធ្វើយ៉ាងណាអាចឱ្យកម្ពុជាអាចអនុវត្តយុទ្ធសាស្រ្តខាងលើ ប្រកបដោយជោគជ័យ ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ កម្ពុជាបាន និងកំពុងតែយកចិត្តទុកដាក់ក្នុងការកំណត់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ តាមរយៈការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៏ដូចជាតាមរយៈការពង្រឹងនូវឯករាជភាពផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។
 
សម្ដេចបវរធិបតី និងឯកឧត្តមអនុប្រធាន IMF បានបង្ហាញជំហររួមគ្នាក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ក៏ដូចជាការកំណត់នូវក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។
 

អត្ថបទទាក់ទង