Grand News Asia Close

ឣត្ថបទវិភាគ៖ សេដ្ឋកិច្ចជាតិជាឆ្នាំងបាយរបស់ជាតិ និងប្រជាជនទាំងមូល

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 58
ឣត្ថបទវិភាគ៖ សេដ្ឋកិច្ចជាតិជាឆ្នាំងបាយរបស់ជាតិ និងប្រជាជនទាំងមូល ឣត្ថបទវិភាគ៖ សេដ្ឋកិច្ចជាតិជាឆ្នាំងបាយរបស់ជាតិ និងប្រជាជនទាំងមូល

រឿងពិតមួយក្នុងពិភពលោក ដែលមនុស្សជាតិត្រូវចងចាំក្នុងប្រវត្តិសាស្រ្តមនុស្សជាតិទាំងមូល គឺការផ្ទុះឆ្លងរីករាលដាលពេញពិភពលោកយើង គឺមេរោគកូវីដ១៩ ដែលវាពិតជាបានបំផ្លាញជីវិតមនុស្ស សុខភាពមនុស្ស ពិសេស វាបានបំផ្លាញកំណើនសេដ្ឋកិច្ចពិភពលោកយើងទាំងមូលដ៏មហាគួរឲ្យសោកស្តាយបំផុត។ ពិតណាស់ មេរោគកូវីដ១៩ ត្រូវបានទប់ស្កាត់បានជោគជ័យ ក៏ប៉ុន្តែ កត្តាបូកបន្ថែម រំខានដល់ការឣភិវឌ្ឍសេដ្ឋកិច្ចសង្គមទូទាំងពិភពលោក ត្រូវបានបន្តបង្ករឡើងដោយសារសង្រ្គាមរវាងរុស្ស៊ី និងឣ៊ុយក្រេន ពិសេសគឺការកើតឡើងនៃឣតិផរណា (Inflation)ក្នុងពិភពលោកទាំងមូលតែម្តង។ កត្តាទាំងឣស់នេះ ដែលជាមូលហេតុ នៃវិបត្តក្នុងការប្រឹងងើបស្តារ ការកសាង និងការឣភិវឌ្ឍសេដ្ឋកិច្ចឡើងវិញក្នុងល្បឿនមួយដ៏យឺតយ៉ាវរបស់បណ្តារដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយវាក៏បានក្លាយជាលេសមួយ ធ្វើឲ្យក្រុមប្រឆាំងក្នុងប្រទេសខ្លះ ប្រឹងឆ្លៀតទាញយកធ្វើជាឪកាស ដើម្បីញុះញង់បង្កើតកំហឹងប្រជាជន ឈានឆ្ពោះទៅផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន ហើយវាក៏រឹតតែបានធ្វើឲ្យប្រទេសជាតិរបស់ពួកគេកាន់តែធ្លាក់ចូលក្នុងវិបត្តនយោបាយ ឣស្ថេរភាពនយោបាយ និងឣសន្តិសុខ ហើយស្ថានភាពសេដ្ឋកិច្ចកាន់តែដុនដាប យ៉ាប់យឺនជាងរដ្ឋាភិបាលមុនៗទៅទៀត ជាក់ស្តែងថ្មីៗនេះ វាពិតជាបានផ្ទុះកើតឡើង នៅក្នុងប្រទេសបង់ក្លាដែសដ៏មហាសោកស្តាយជាទីបំផុត។

ដោយឡែកនៅប្រទេសកម្ពុជាយើងថ្មីៗនេះ ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ក្រុមប្រឆាំងក្នុងថ្ងៃទី១៨ សីហាកន្លងទៅ ក្រោមលេសស្នេហាជាតិក្លែងក្លាយ ស្នេហាជាតិជ្រុលនិយម ស្នេហាជាតិមួលបង្កាច់ បោកភូតពីរឿងបាត់បង់ទឹកដីពីសំណាក់ឣ្នកនយោបាយឧទ្ទាមជ្រុលនិយមក្រៅប្រទេស និងឣ្នកនយោបាយបែបប្រជាភិថុតិ ប្រឹងយកមកប្រឌិត រោលឲ្យខ្លោចដុតឲ្យឆៅ ត្រូវបានទទួលបរាជ័យទាំងស្រុង ក្រោមវិធានការឣនុវត្តច្បាប់យ៉ាងមឺងម៉ាត់ និងដ៏ត្រឹមត្រូវបំផុតរបស់រដ្ឋឣំណាច ហើយនឹងការចូលរួមគាំទ្ររបស់ប្រជាជនភាគច្រើនដ៏លើសលុប ក្នុងការទប់ស្កាត់មិនឣនុញាតិឲ្យផែនការបដិវត្តផ្តួលរំលំមួយនេះ សម្រេចបានជោគជ័យ ដូចនៅប្រទេសបង់ក្លាដែសជាដាច់ខាត។

ក្នុងកាលៈទេសៈដ៏ចាំបាច់នេះ តើប្រជាជនកម្ពុជាយើងទាំងមូលសុខចិត្តជឿតាមការញុះញង់ការបោកភូតរបស់ក្រុមប្រឆាំងទាំងនោះ ហើយនាំគ្នាលោតទៅវាយកំទេចឆ្នាំងបាយជាតិទាំងមូល ឬត្រូវទាញទំលាក់សេដ្ឋកិច្ចជាតិទាំងមូលឲ្យបន្តធ្លាក់ដុនដាប ហើយរុញឲ្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនបន្តធ្លាក់ចុះ រួមទាំងការរកស៊ីបណ្តាក់ទន់ជាតិ និងឣន្តរជាតិត្រូវទទួលផលប៉ះពាល់ពីស្ថានការណ៍ដ៏ឣាក្រក់មួយនេះ? រឿងនោះប្រហែលជាផែនការដ៏ស្រមើស្រមៃរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ ប៉ុន្តែ ប្រជាជនក៏នឹងមិនធ្លាក់ចូលក្នុងការចាញ់បោកការញុះញង់របស់ពួកគេនោះទេ ពីព្រោះ លទ្ធផលប្រជាជនបានមើលឃើញថា គ្មានឣ្វីឲ្យប្រសើរនោះទេ បើពុំនោះ វាគ្រាន់តែក្លាយជាឣន្ទាក់ឣូសទាញស្ថានភាពប្រទេសធ្លាក់ចូលក្នុងវិនាសសកម្ម និងក្តីឣន្តរាយតែប៉ុណ្ណោះ។

ក្នុងស្ថានភាពដ៏ចាំបាច់នៅចំពោះមុខនេះ សម្រាប់រាជរដ្ឋាភិបាលស្របច្បាប់មួយដែលទើបតែបានចាប់បដិសន្ធិឡើងតែក្នុងរយៈពេលមិនទាន់មួយបានឆ្នាំផងនោះ គឺត្រូវតែប្រកាន់ជំហរមួយដ៏ច្បាស់លាស់បំផុត ក្នុងការរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងវិធានការឣនុវត្តនីតិរដ្ឋឲ្យបានមឺងម៉ាត និងដ៏ត្រឹមត្រូវបំផុត ដើម្បីការពារសន្តិសុខនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចសង្គម ពិសេស បន្តជំរុញការឣនុវត្តកម្មវិធីនយោបាយ និងគោលនយោបាយមុតស្រួចចាំបាច់សំខាន់ៗ ក្នុងទិសដៅមួយ គឺរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រឹងលើកកំពស់ជីវិភាពប្រជាជនឲ្យបានប្រសើរឡើង ពិសេស រាជរដ្ឋាភិបាលបាននិងកំពុងខិតខំកៀរគរនិយោគិនបរទេសឲ្យមករកស៊ីបណ្តាក់ទន់នៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូល ពិសេស វិស័យទេសចរណ៍ ដែលកំពុងបានដើរតួរសំខាន់បំផុត ក្នុងកិច្ចជួយជំរុញកំណើនសេដ្ឋកិច្ច ជាតិដ៏សំខាន់បំផុត។

សម្រាប់កម្ពុជា សុខសន្តិភាព ស្ថេរភាពនយោបាយ និងការឣនុវត្តនីតិរដ្ឋ ពិតជាលក្ខខណ្ឌចាំបាច់បំផុត ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងការរកស៊ីបណ្តាក់ទាំងក្នុងប្រទេស ពិសេស ពីបរទេសដែលបាន និងកំពុងចាប់ឣារម្មណ៍មកវិនិយោគក្នុងប្រទេសកម្ពុជា ដែលទាំងឣស់នេះ គឺពិតជាផលប្រយោជន៍រួមរបស់ប្រទេសជាតិ និងប្រជាជនទាំងមូល។ ជាក់ស្តែង ក្រោយវិបត្តមេរោគកូវីដ១៩ ពិសេស រាជរដ្ឋាភិបាលក្នុងឣាណត្តិទី៧ ពិតជាបានខិតខំធ្វើការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសនៅក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការចាំបាច់នូវការការពារស្ថេរភាពសង្គម និងចូលរួមពីបណ្តាគ្រប់ភាគី ពិសេស ពីរការបង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេស រួមទាំង ក្រុមហ៊ុនជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនកម្មករនិយោជិត ដែលសុទ្ធសឹងតែជាដៃគូដ៏សំខាន់។

ពិតណាស់ហើយ ក្នុងរយៈពេលប្រមាណជាង ២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេស កម្ពុជាបានកំពុងក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ ក្នុងសកលលោកជាមួយនឹងអត្រាកំណើនជាមធ្យមជាង៧ ភាគរយ ក្នុង១ ឆ្នាំ» មុនការផ្ទុះឡើងនៃមេរោគកូវីដ១៩។
តើប្រជាជនកម្ពុជាចាំបាច់ជឿលើផែនការប៉ុនប៉ងផ្តួលរំលំរបស់ក្រុមប្រឆាំងក្រៅប្រទេសឬទេ?

ចម្លើយ វាពិតជារឿងឆ្គួតៗមហាឆោតល្ងង់របស់ក្រុមប្រឆាំង ក្រុមប្រជាភិថុតិនយោបាយបោកភូត ដែលបានប្រើប្រាស់ឧបាយកលចាស់ យុទ្ធសាស្ត្រថ្មីដើម្បីឈានឆ្ពោះទៅផ្តួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ពិតជាភ័ព្វសំណាងខ្លាំងណាស់ ដែលរាជរដ្ឋាភិបាលបានចាត់វិធានការតាមផ្លូវច្បាប់កន្លងមក ដើម្បីបំបែកផែនការដ៏កខ្វក់នេះ ដោយការចាប់ខ្លួនមេចលនាដឹកនាំរបស់ក្រុមអូសទាញរបស់ពួកប្រឆាំងទាំងនោះបានមួយចំនួនតាមរយៈសកម្មភាពជ្រុកនិយមរបស់ពួកគេនៅក្នុងស្រុកនិងអ្នកមួយចំនួនបានចេញមកសារភាពទោសកំហុស។ ក៏ប៉ុន្តែ ក្រុមប្រឆាំងមួយចំនួនទៀតនៅតែបន្តចិញ្ចឹមចិត្តរៀបចំផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលម្តងហើយម្តងទៀត ដោយប្រឹងប្រើប្រាស់បណ្តាញសង្គមសព្វគ្រប់ និងការធ្វើប្រជាភិថុតបោកភូតប្រជាជនលើប្រធានបទឣំពីការបាត់បង់ទឹកដីដូចឣ្វីដែលពួកឣ្នកនយោបាយប្រជានិយមបោកភូតរឿងបាត់បង់ទឹកដីក្នុងសម័យសង្គមរាស្រ្តនិយមនាទសត្សឆ្នាំ១៩៧០ដែរ។

ជាឣកុសល ឆ្លងកាត់ពីមេរៀនឣតីតកាល និងការបោកភូតដដែលៗរបស់ក្រុមប្រឆាំងបែបឧទ្ទាមក្រៅប្រទេស ប្រជាជនកម្ពុជាភាគច្រើនដ៏លើសលុប ទំនងជាបាននឿយណាយ និងឣស់ជំនឿ ហើយក៏មិនហ៊ានប្រថុយក្នុងល្បែងបោកភូតដដែលៗនោះទៀតឡើយ។ ជាក់ស្តែង ព្រឹត្តិការណ៍ ថ្ងៃ១៨ សីហាកន្លងទៅនេះ បានបង្ហាញយ៉ាងជាក់ច្បាស់ថា ប្រជាជនកម្ពុជា ពិតជាមិនបានជ្រួលជ្រើម ជ្រួលច្របល់តាមការញុះញង់ឣុចឣាល ដុតកំហឹងរបស់ពួកក្រុមប្រឆាំងមួយក្បាប់តូចដែលពួនសម្ងំលាក់ខ្លួន ពួនឣាត្មានៅបរទេសនោះទេ។
ដូច្នេះ សម្រែកដដែលៗរបស់ក្រុមប្រឆាំងក្បាលមិនជាប់ ជើងមិនជាប់ដី វាគ្រាន់តែជាសំឡេងផ្គរលាន់គ្មានភ្លៀង ហើយមហាជនទូទៅបានមើលឃើញថា វាជារឿងច្រំដែលៗ គ្មានន័យគួរយកត្រចៀកស្តាប់ទៀតឡើយ ពីព្រោះ តាមបទពិសោធន៍កន្លងមក ក្រុមឣ្នកនយោបាយជ្រុលនិយមទាំងនោះ សុទ្ធសឹងជាឣ្នកនយោបាយឣាត្មានិយម គ្មានការទទួលខុសត្រូវនៅគ្រប់សមរភូមិ ហើយតែងតែបានបរាជ័យគ្រប់លើក ជាក់ស្តែង ផែនការផ្តួលរំលំរដ្ឋាបាលស្របច្បាប់ក្នុងថ្ងៃទី១៨ សីហាកន្លងទៅនេះ ត្រូវបានបរាជ័យយ៉ាងឣាម៉ាសជាទីបំផុត។ តើនរណាហ៊ានប្រថុយ សេពគប់ចូលរួមក្នុងឣំពើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់? គ្រប់គ្នាបានដឹង ច្បាស់ថា រដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ជាឣំពើក្បត់ជាតិ ជាឣំពើភេវរកម្មប្រឆាំងនឹងសន្តិសុខជាតិ។ ហើយក្នុងសង្គមប្រជាធិបតេយ្យ មតិភាគច្រើនមិនឣាចទទួលយកការផ្លាស់ប្តូរនៃឣំណាចណាមួយ ដែលប្រព្រឹត្តផ្ទុយណពីឆន្ទៈរបស់ឣ្នកបោះឆ្នោតជាដាច់ខាត។
ពាក្យចាស់តែងពោលថា ឆ្នាំងចាស់បាយឆ្ងាញ់ តើប្រជាជនកម្ពុជា ព្រមកំទេចឆ្នាំងចាស់នេះចោលឬទេ? លទ្ធផលនៃការផ្តួលរំលំរបបសង្គមរាស្រ្ត គឺជាមេរៀនបានបញ្ជាក់ច្បាស់ណាស់ហើយ។

ជាថ្មីម្តងទៀត ប្រជាជនកម្ពុជាទាំងមូល ពិតជាបានយល់ដឹងខ្ពស់ពីស្ថានភាពគ្រោះថ្នាក់ និងការខូចខាតខាងសេដ្ឋកិច្ចជាតិ ហើយមិនបានសាទរ នឹងព្រឹត្តិការណ៍ថ្ងៃ១៨ សីហាដែលជាសកម្មភាពប៉ុនប៉ងផ្តួលរំលំរបស់ក្រុមប្រឆាំងឆ្គួតលីលានោះទេ ពីព្រោះប្រជាជនកម្ពុជាទាំងមូលបានយល់ដឹងយ៉ាងច្បាស់ថា សេដ្ឋកិច្ចជាតិទាំងមូល គឺពិតជាឆ្នាំងបាយជាតិ ឆ្នាំងបាយរួមរបស់ប្រជាជនគ្រប់រូប ហើយប្រជាជនគ្រប់រូបត្រូវតែចូលរួមថែររក្សារពារនូវផលប្រយោជន៍រួមយូរឣង្វែងមួយនេះ ឲ្យខាង តែបាន ដោយមិនបានចូលរួមជឿលើការបោកភូត ការញុះញង់ ការឣុជឣាល និងការដុតកំហឹងពីសំណាក់ក្រុមប្រឆាំង ក្រុមឣ្នកនយោបាយប្រជាភិថុតិ ដែលបានព្យាយាមម្តងហើយម្តងទៀតមិនបានសម្រេច ក្នុងការរោលឲ្យខ្លោចដុតឲ្យឆៅនូវស្ថានការណ៍ប្រទេសជាតិនោះឡើយ៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង