Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 283

CMF:

ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គពិធី ជាទីមេត្រី!

១. ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសិស្សមន្ត្រី និង កម្មសិក្សាការី ដែលជាជ័យលាភីបានបញ្ចប់ការសិក្សា ដោយជោគជ័យ​នៅឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំសិក្សា ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ ហើយភាពជោគជ័យដ៏ធំនេះសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និង ការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពីសំណាក់ស្វាមី ឬ ភរិយា និង ក្រុមគ្រួសារ របស់សិស្សសិក្ខាកាមទាំងអស់។

២. ជ័យលាភីនៅថ្ងៃនេះ គឺជាធនធានមនុស្ស និង មូលធនមនុស្សបន្ថែម​ សម្រាប់​កម្ពុជា ដែលមានសមត្ថភាព, គុណភាព, ចំណេះដឹង និង ចំណេះធ្វើ, តាមរយៈ​ការបណ្តុះ​បណ្តាល​នៅ សាលាភូមិន្ទរដ្ឋបាលដោយជោគជ័យ ។ ធនធានមនុស្សប្រកបដោយមូលធន​មនុស្ស​ខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់​គ្រប់ដំណើរការនៃការអភិវឌ្ឍ, ព្រោះថា គ្រប់អ្វីៗទាំងអស់ នឹងមិនអាចដំណើរការបានប្រកបដោយគុណភាព, ប្រសិទ្ធភាព និង ផលិតភាពឡើយ បើពុំមានធនធានមនុស្សដែលមានគុណវុឌ្ឍិខ្ពស់ ទាំងជំនាញរឹង និង ទន់, និង កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។ បន្ថែមលើនេះ ធនធានមនុស្ស គឺ ជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមជាតិកម្ពុជាទំនើប និង រឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលក្នុងប្រព័ន្ធនេះ ការដឹកនាំកសាងខឿនសេដ្ឋកិច្ច គឺ ឈរលើគោលការណ៍ និង យន្តការសេដ្ឋកិច្ច ទីផ្សារ ដោយប្រើប្រា ស់ និង គ្រប់គ្រងយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់បម្រើផលប្រយោជន៍​ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សំដៅធានាឱ្យប្រជាជាតិកម្ពុជាទាំងមូលឤចក្តាប់ជាប់ និង ធ្វើជាម្ចាស់ពេញលេញ លើជោគវាសនារបស់ខ្លួន ព្រមទាំងធានាឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ឤចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាមួយនឹងការចែករំលែកផលផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសមធម៌ ។

៣.​ តាមរយៈរបាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និង ជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ខ្ញុំសូមចូលរួមអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលសម្រេចបានរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងរយៈពេលកន្លងមកនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និង ខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង, លទ្ធផលការងារ និង សមិទ្ធផល ធំៗជាច្រើនរបស់សាលា រួមមាន ការជ្រើសរើស​ និង បណ្តុះបណ្តាលសិស្សមន្ត្រី, ការរៀបចំវគ្គវិក្រឹតការមន្ត្រីរាជការ, ការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ការរៀបចំវេទិកាចែករំលែកចំណេះដឹង និង បទពិសោធអំពី នវានុវត្តន៍ និង ឧត្តមានុវត្តក្នុងរដ្ឋបាលសាធារណៈ ពិសេសអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ព្រមទាំងការអនុវត្តសកម្មភាពសង្គម និង ការអភិវឌ្ឍសហគមន៍ជាច្រើនទៀត ។ ពិតប្រាកដណាស់, សមិទ្ធផលទាំងនេះ គឺកើតចេញពីកិច្ចខិតខំជាប្រចាំ និង ប្រកបដោយការទទួលខុសត្រូវខ្ពស់ បុរេសកម្ម និង វិជ្ជាជីវៈ របស់ថ្នាក់ដឹកនាំ មន្រ្តី សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្សមន្ត្រី កម្មសិក្សាការី និង អ្នកពាក់ព័ន្ធទាំងអស់ ។

ក្នុងឱកាសនេះ, ជាមួយនឹងការអបអរសាទរចំពោះជ័យលាភីឆ្នាំ ២០២៣ ខ្ញុំសូមលើកទឹកចិត្តដល់កម្មសិក្សាការីឆ្នាំ ២០២៤ ឱ្យបន្តប្រឹងប្រែងប្រើប្រាស់ឱកាសដែលទទួលបានឱ្យអស់លទ្ធភាព ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែប្រសើរបន្ថែមទៀត ។ ជាការពិត, មូលដ្ឋានចំណេះដឹងរឹងមាំ នឹងនាំមកនូវសមិទ្ធកម្មការងារកាន់តែប្រសើរ និង ភាពជោគជ័យនៃការងារ ។ ខ្ញុំសូមស្នើឱ្យសិស្សមន្ត្រី និង កម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល ប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួនឱ្យអស់លទ្ធភាព ដោយប្រែក្លាយចំណេះដឹង ដែលទទួល​បាន​ពី​ការបណ្តុះបណ្តាល ជាលទ្ធផលជាក់ស្តែង ក្នុងការរួមចំណែកជាមួយក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់​ប្រទេសជាតិ និងប្រជាជន។

ជារៀងរាល់អាណត្តិ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងអភិវឌ្ឍធនធានមនុស្ស និង មូលធនមនុស្ស លើគ្រប់វិស័យ ក្នុងគោលដៅអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

(១) ស្នូលនៃគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណគឺការពង្រឹងអភិបាលកិច្ច

រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណ ត្រូវរៀបចំ និងដាក់ចេញជាការពង្រឹងសមិទ្ធកម្មបន្ថែមរបស់រាជរដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋ។ ស្នូលនៃគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណគឺការពង្រឹងអភិបាលកិច្ច។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គអាចយល់ហើយ ពាក្យថាអភិបាលកិច្ចនេះគឺធានានូវការប្រតិបត្តិរួមគ្នា មានសង្គតិភាព ជាប្រទីបមួយសម្រាប់បញ្ជាក់ពីការទទួលខុសត្រូវ។ អញ្ចឹងការធ្វើទំនើបកម្មស្ថាប័នឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រ​កបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ​ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋជាពិសេសការធានានិរន្តរភាព និងដំណើរការតាមរយៈការអនុវត្តសិទ្ធិអំណាច និងដំណើរការរបស់រដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាពនេះគឺជាគោលដៅសំខាន់របស់យុទ្ធសាស្រ្តបញ្ចកោណ។

(២) ភាពជោគជ័យអាស្រ័យលើកត្តាសំខាន់២៖ យន្ដការនិងមនុស្ស

ភាពជោគជ័យគឺអាស្រ័យទៅលើកត្តាសំខាន់២ ដែលត្រូវយកចិត្តទុកដាក់ ទី១ គឺយន្តការ ទី ២គឺមនុស្ស។ ធ្វើអ្វីក៏ដោយមិនថានៅក្នុងវិស័យឯកជន នៅក្នុងវិស័យរដ្ឋ នៅក្នុងប្រទេសណាទេ យន្តការ២ នេះសំខាន់។​ បើមានមនុស្សមានសមត្ថភាព ប៉ុន្តែគ្មានប្រព័ន្ធការងារច្បាស់លាស់ ការងារក៏មិនសូវមានប្រសិទ្ធភាព។ មានប្រព័ន្ធការងារដែលមានប្រសិទ្ធភាពល្អ​ ច្បាប់ល្អណាស់ តែគ្មានមនុស្សមានសមត្ថភាពអនុវត្ត គឺអនុវត្តដោយឆន្ទៈស្មោះត្រង់ និងការទទួលខុសត្រូវ ក៏ទៅមិនរួចដែរ។ ជួនកាលលើសដើម។ ប្រើប្រាស់(អំណាច)ដើម្បីកេងចំណេញ គេហៅថាអនុវត្តហួសគោលដៅទៅលើអ្វីដែលដាក់ចេញ។ អញ្ចឹងទាមទារនូវក្រមសីលធម៌មួយ។ ទាក់ទងទៅនឹងចំណុចទី ១ គឺយន្តការ និងប្រព័ន្ធការងារ។ ដើម្បីធានានូវប្រសិទ្ធភាព និងសង្គតិភាពនៃការងារ និងបង្កើតជាសហថាមពល នៅក្នុងសង្គម យើងមិនអាចរស់នៅម្នាក់ឯងបានទេ។

(៣) រដ្ឋបាលសាធារណៈ សំរាប់ដឹកនាំ សម្របសម្រួល និងបម្រើ រៀបចំប្រព័ន្ធការងារ

ជាទ្រឹស្តី ចាប់ផ្តើមពីមនុស្ស២ នាក់ឡើងទៅគឺមានបញ្ហាហើយ បើគ្មានការបែងចែកកំណត់ឲ្យបានច្បាស់។ មានម្នាក់ឯងធ្វើអ្វីក៏អត់បញ្ហា តែចាប់ផ្តើមពី២ នាក់ឡើងទៅ និងនៅពេលដែលមនុស្សកាន់តែច្រើនបង្កើតជាភូមិ ឃុំ ជាសហគមន៍ ហ្នឹងហើយដែលចាំបាច់កំណត់ឲ្យបានច្បាស់នូវក្រមប្រតិបត្តិ។ រដ្ឋបាលសាធារណៈបង្កើតដើម្បីអ្វី? ដើម្បីដឹកនាំ សម្របសម្រួល និងបម្រើ។ រៀបចំប្រព័ន្ធការងាររៀបចំផ្ទះឲ្យមានលំដាប់លំដោយ ដែលខ្ញុំថាដំណាក់កាលនេះ ដំណាក់កាលទី ១ កំណែទម្រង់រដ្ឋបាលសាធារណៈគឺរៀបចំផ្ទះយើងឲ្យមានលំដាប់លំដោយ មនុស្សនៅក្នុងផ្ទះឲ្យមានសុខភាព និងសមត្ថភាព និងមានឆន្ទៈនៅក្នុងការសាងសង់ផ្ទះបន្ថែមទៀត ដើម្បីចេញទៅធ្វើការរកចំណូលមកដាក់រួមប្រើប្រាស់ទាំងអស់គ្នាក្នុងសុខដុមនីយកម្មនៃផ្ទះរបស់យើង។ ផ្ទះគឺប្រទេសរបស់យើង ជាតិរបស់យើង ដែលបានរងគ្រោះដោយសង្រ្គាមរាប់រយឆ្នាំមកហើយៗ ដែលយើងបានអភិវឌ្ឍប្រទេសរហូតមកដល់ពេលនេះ។

(៤) កែទំរង់គឺជួសជុល កែច្នៃ ប្រព័ន្ធការងារ ដើម្បីប្រសិទ្ធភាពសេវាជូនប្រជាជន

កែទម្រង់គឺជួសជុល កែច្នៃ ប៉ុន្តែចាំបាច់ត្រូវតែធ្វើការកែទម្រង់ប្រព័ន្ធការងារ រួមទាំងយន្តការ ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវាជូនប្រជាជន។ កន្លងទៅរាជរដ្ឋាភិបាលច្រើនអាណត្តិបានធ្វើកិច្ចការនេះច្រើនមកហើយ។ ជាក់ស្តែងកិច្ចការធំៗ ដូចជាការដាក់ចេញគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺដើម្បីបង្កើនប្រសិទ្ធភាពរៀបចំយន្តការ និងប្រព័ន្ធការងារប្រទេសរបស់យើងឲ្យបានច្រើន ដើម្បីធានាបម្រើប្រជាពលរដ្ឋឲ្យបានលឿន និងប្រសិទ្ធភាព ដោយបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ដោយទំលាក់អំណាចពីរដ្ឋបាលកណ្តាល ទៅរដ្ឋបាលរាជធានីខេត្ត។ ឥឡូវ កន្លែងខ្លះ វិមជ្ឈការ វិសហមជ្ឈការរហូតទៅដល់ជួរមុខថែមទៀត ដល់ស្រុករដ្ឋបាលស្រុក ទៅលើកិច្ចការជាច្រើន ការរើសមន្រ្តី ការឡើងផែនការនៃការអនុវត្តកិច្ចការមួយចំនួន។ នេះបញ្ជាក់អំពីការកែសំរួលយន្តការ និងប្រព័ន្ធការងារដើម្បីបម្រើប្រជាពលរដ្ឋឲ្យគ្រប់ទីកន្លែង ឲ្យបានលឿន ឲ្យមានប្រសិទ្ធភាព។

(៥) ប្រព័ន្ធច្រកចេញចូលតែមួយ កាត់បន្ថយពេលវេលា ការចំណាយ ការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋ

ទី២ ការដាក់ចេញនូវប្រព័ន្ធច្រកចេញចូលតែមួយ គឺដើម្បីកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ កាត់បន្ថយការិយាធិបតេយ្យដើម្បីបង្កើនប្រសិទ្ធភាព(ផ្តល់សេវា)ជូនប្រជាពលរដ្ឋ។ នេះគឺជាការកែទម្រង់ផ្អែកតាមទិសដៅច្បាស់លាស់។ ក្នុង ៤០ ឆ្នាំជាងនេះ តាំងពីរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រដ្ឋាភិបាលមានទិសដៅតែមួយទេ គឺធ្វើឲ្យប្រទេសរឹងមាំ ធ្វើឲ្យ(សុខភាពនិងជីវភាព)ប្រជាជនកាន់តែល្អប្រសើរ។ លើកកម្ពស់សមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អ។ អាទិភាព និងវិធីសាស្រ្តអាចប្រែប្រួល។ យើងកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធដឹកនាំ ដើម្បីឲ្យស្របតាមសភាពការណ៍ និងកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ យើង​មិនត្រឹមតែកែសម្រួលប្រព័ន្ធការងារទេ យើងធ្វើទំនើបកម្មការងារ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា digital ដើម្បីឲ្យការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរ។ នេះហើយគឺការកែសម្រួលនៅក្នុងអាណត្តិថ្មីនេះ។ ខ្ញុំបានប្រកាសឲ្យប្រើប្រាស់យន្តការជាច្រើន ដាក់ចេញថ្នាលបច្ចេកវិទ្យានានាដើម្បីធ្វើបន្តលើកកម្ពស់ប្រសិទ្ធភាព(នៃការផ្តល់សេវា)នេះ។

(៦) ម្ខាងគឺពលរដ្ឋទទួលបានសេវាកាន់តែប្រសើរ និងម្ខាងទៀត រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានលទ្ធភាពឆ្លើយតបទាន់ពេលវេលា

ការចុះឈ្មោះ ចុះបញ្ជីពាណិជ្ជកម្ម សុំបង្កើតអ្វីផ្សេងៗ គឺចូលតាមប្រព័ន្ធ digital មិនចាំបាច់ប្រ​ជាពលរដ្ឋឡើងមកទេ។ ច្រើនស្ថាប័នប្រមូលតែមួយ។ សុំលិខិតថ្កោលទោស ក៏មិនចាំបាច់ជិះពីរតនគិរីឡើងមកចាំនៅមុខក្រសួងយុត្តិធម៌នោះទេ។ ធ្វើ passport ឲ្យប្រជាពលរដ្ឋនៅកូរ៉េ មិនចាំបាច់ឲ្យគាត់ជិះយន្តហោះមកទៀតទេ យើងចុះទៅធ្វើនៅទីនោះ … យើងត្រូវបន្តធ្វើកិច្ចការទាំងអស់នេះ។ ការបង្កើន ការកែសម្រួល ការធ្វើនវានុវត្តន៍ប្រព័ន្ធការងារ និងរចនាសម្ព័ន្ធ ផ្ទេរអំណាចទៅថ្នាក់ក្រោម(ជាតិ) ផ្គុំជាមួយនឹងការរិះរកមធ្យោបាយដើម្បីផ្តល់លទ្ធភាពឲ្យប្រជាពល​រដ្ឋមានលទ្ធភាពទទួលបានសេវាកាន់តែប្រសើរ។ នេះយើងមើលម្ខាងនៃសមីកា។ ប៉ុន្តែ បើបកមកម្ខាងទៀត អ្នកណាជាអ្នកផ្តល់? ផលទាំងអស់នេះបានទៅប្រជាពលរដ្ឋទេ? គឺបានទៅប្រជាពលរដ្ឋ ប៉ុន្តែពេលជាមួយគ្នាក៏បានមកមន្រ្តីរាជការដែរ។ មន្រ្តីរាជការចង់បង្កើនប្រសិទ្ធភាពបម្រើជូនប្រជាពលរដ្ឋ ការកែទម្រង់បែបនេះគឺអនុញ្ញាតិឲ្យមន្រ្តីរាជការទាំងក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មានលទ្ធភាពបម្រើប្រជាពលរដ្ឋបានល្អ មានលទ្ធភាពសិទ្ធសម្រេចរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាទាន់ពេលវេលា …។

(៧) កសាងផែនការបាន សម្រេចជោគ​ជ័យ ៥០% ប៉ុន្តែមនុស្សជាអ្នកតាមដាន ត្រួតពិនិត្យ អនុវត្ត

ប៉ុន្តែដូចខ្ញុំលើកខាងដើម ប្រព័ន្ធការងារបទដ្ឋានច្បាប់ សិទ្ធិវាអាចដើរបានតាមគោលដៅអាស្រ័យទៅលើមនុស្ស។ ថ្ងៃមុនខ្ញុំបានទៅបើកវេទិការដ្ឋមន្រ្តីអាស៊ាន ស្តីពីបច្ចេកវិទ្យា។ គេលើកពី AI។ ខ្ញុំប្រាប់ថា ខ្ញុំឃើញផាពយន្តដែលដៅថា ថ្ងៃមួយកុំព្យូទ័រនឹងដឹកនាំមនុស្ស។ ខ្ញុំថាកុនវានៅតែកុន ប៉ុន្តែខ្ញុំមិនជឿថាមនុស្សនឹងសាងកុំព្យូទ័រអោយអាចត្រួតខ្លួនឯងបានទេ។ វានៅតែមនុស្សជាអ្នកកសាង។ គេធ្វើអ្វីក៏ដោយក៏មានផ្លូវសម្រាប់កែសម្រួល។ នៅតែមនុស្សជាអ្នកអនុវត្ត។ ការអនុវត្តត្រឹមត្រូវទៅតាមបទដ្ឋាន ឬមួយរៀបចំបទដ្ឋាន និងភាពបត់បែននៃការដោះស្រាយបញ្ហាគឺជាកិច្ចការសំខាន់។ ឯកឧត្តម លោកជំទាវ ព្រះតេជព្រះគុណអាចធ្លាប់ឮពាក្យមួយថា “កសាងផែនការបានធ្វើឲ្យយើងសម្រេចជោគ​ជ័យ ៥០%”។ ប៉ុន្តែ ការអនុវត្តដោយជោគជ័យ គឺត្រូវការមនុស្ស ព្រោះចាំបាច់ត្រូវការតាមដាន ត្រួតពិនិត្យ អនុវត្តដើម្បីដោះស្រាយបញ្ហា។

(៨) មិនគប្បីអនុវត្តផែនការ/គោលនយោបាយដោយរឹងកំព្រឹសទេ តែអនុវត្តសម្របតាមស្ថានភាព

យើងមិនអាចយកផែនការមួយ យកគោលនយោបាយមួយរឹងកំព្រឹសទៅអនុវត្តនោះទេ។ វាមិនកើត។ គោលនយោបាយកើតចេញពីធាតុសន្សំនៃការគិតគូរ។ ប៉ុន្តែដល់ពេលដាក់អនុវត្តទៅ វាត្រូវសម្របតាមស្ថានភាព។ ជួនកាល ការអនុវត្តនៅខេត្តកំពង់ចាម វាខុសពីនៅខេត្តត្បូងឃ្មុំ។ ស្ថានភាពប្រជាសាស្រ្តខុសគ្នា។ ទាមទារឱ្យមន្រ្តីដែលអនុវត្ត ត្រូវមានភាពបត់បែន ប៉ុន្តែប្រកាន់ខ្ជាប់គោលការណ៍ច្បាស់លាស់ សម្រេចភារកិច្ចដូច មិនឃ្លាតចេញពីគន្លងច្បាប់ ប៉ុន្តែមានភាពបត់បែន។ សូម្បីតែប៉ូលីសចរាចរណ៍ ធ្វើការផាកពិន័យ បើសិនជារឹងកំព្រឹស ប្រហែលជាលំបាក។ មនុស្សបើកឡានលឿនមួយ ១០០គីឡូក្នុងមួយម៉ោងដូចគ្នា ប៉ុន្តែម្នាក់បើកដោយសារគាត់(ចង់លឿន)អត់ប្រយ័ត្ន តែម្នាក់ទៀត ដឹកប្រពន្ធដែលកំពុងតែជិតឆ្លងទន្លេទៅពេទ្យ។ បើ(ប៉ូលីសចរាចរ)ចង់អនុវត្តនីតិវិធីដូចគ្នា ប្រហែលជាមានការលំបាកឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។ ប៉ូលីសត្រូវតែធ្វើ(តាមច្បាប់) ដោយត្រូវពិន័យ ក្នុងករណីដែលបើកហួស(ល្បឿន)ដោយគ្មានការប្រុងប្រយ័ត្ន ឬមួយមិនគោរពច្បាប់។ ផ្ទុយទៅវិញ ចំ​ពោះអ្នកមានប្រពន្ធជិតឆ្លងទន្លេ ហើយ(កំពុងស្ថិត)នៅក្នុងគ្រោះថ្នាក់ត្រូវអមដំណើរគាត់ទៅ(មន្ទីរពេទ្យ) ដើម្បីធា​នាសុវត្ថិភាព។ ជួនកាលយកស្ត្រីជាប្រពន្ធដាក់ក្នុងឡានប៉ូលីស ដោយមានទាំងភ្លើងសឺរ៉ែនផង។ អញ្ចឹងវាអាស្រ័យទៅលើការសម្រេចចិត្តរបស់មន្រ្តីច្បាប់។

(៩) ការប្រតិបត្តិ ផ្អែកលើការទទួលខុសត្រូវ ក្រមសីលធម៌ មានភាពបត់បែន ក៏ក្នុងទិសដៅពង្រឹងច្បាប់

និយាយបែបនេះ មិនមែនថាមិនគោរពច្បាប់ទេ ប៉ុន្តែវាមានកាលៈទេសៈ (ដែលចាំបាច់ត្រូវការការពិនិត្យ)អនុវត្តដោយមនុស្ស។ ការទាមទារឱ្យមានការប្រតិបត្តិច្បាស់លាស់ ក្រមសីលធម៌ និងការយល់ច្បាស់អំពីការអនុវត្តដោយមានភាពបត់បែន ក្នុងទិសដៅតែមួយ គឺពង្រឹងច្បាប់។ ប៉ុន្តែវិធីសាស្រ្តនិងអាទិភាពនៅក្នុងការអនុវត្តខុសគ្នា។ ករណីទី១ គឺមន្រ្តីត្រូវធានាសុវត្ថិភាពមិនឱ្យមនុស្សបើក(បរក្នុងល្បឿនខុសច្បាប់)។ ត្រូវអនុវត្តច្បាប់។ ប៉ុន្តែករណីទី២ ដូចគ្នា គឺអោយអាទិភាពទៅលើជីវិតមនុស្ស គឺជីវិតម្ដាយនឹងកូន។ អញ្ចឹងបន្តពីនេះ ប៉ូលីសអាចបើកអម ឬមួយក៏ដឹកទៅ។ នៅតែការអនុវត្តច្បាប់ដដែល។ នេះហើយដែលខ្ញុំនិយាយថា ការអនុវត្តវិធានផ្អែកទៅលើការទទួលខុសត្រូវ ផ្អែកទៅលើក្រមសីលធម៌ ក៏ដូចជាយកយន្តការនិងដាក់ទិសដៅនៅក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ ជាគោល ប៉ុន្តែពេលខ្លះមិនរឹងកំព្រឹសទេ។ ជាទូទៅ វិធានការត្រូវបានអនុវត្តដាច់ណាត់។

(១០) សមត្ថភាពផ្អែកលើគុណាធិបតេយ្យ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ជាសូចនាករគោលដៅអភិវឌ្ឍធនធានមនុស្ស

ការពង្រឹងយន្តការ ការកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាលក្ខខណ្ឌចាំបាច់ក្នុងការរួមចំណែកដល់ការងារកែទម្រង់ ការលើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មសា្ថប័នសាធារណៈ។ អ្វីទៅជាសូចនាករក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស? គឺសមត្ថភាពជំនាញដោយផ្អែកលើគុណាធិបតេយ្យ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលយើងនិយាយថា ឥរិយាបថ គុណធម៌ សីលធម៌នោះឯង។ ឧទាហរណ៍ អម្បាញ់មិញ ខ្ញុំបានបញ្ជាក់ហើយ រឿងតូចប៉ុណ្ណេះ ប៉ុន្តែវាបង្កប់ន័យច្រើនណាស់។ វាមិនខុសពីរឿងធំទេ។ ការងារតូចបូកចូលគ្នាទៅជាកិច្ចការធំ។ អញ្ចឹង ធនធានមនុស្សដែលមានសមត្ថភាពក្នុងការវាយតម្លៃសភាពការណ៍ និងខិតខំជំរុញការអនុវត្តផែនការ ឬគោលការណ៍ច្បាប់នោះ ជាកិច្ចការសំខាន់ មានសមត្ថភាពក្នុងការសម្រេចភារកិច្ចដោយមានភាពបត់បែនពេលខ្លះ ប៉ុន្តែប្រកាន់ភ្ជាប់គោលដៅអនុវត្តច្បាប់ ពង្រឹងនីតិវិធី និងគោលការណ៍ដែលអនុវត្ត។

(១១) ជ្រើសរើសមន្ត្រីដោយសុក្រឹត បណ្តុះបណ្តាលចំទិសដៅ ប្រើប្រាស់ស្របតាមជំនាញនិងសក្តានុពល លើកទឹកចិត្តតាមសមិទ្ធកម្ម

ដើម្បីសម្រេចលើគោលដៅទាំង ៣នេះក្នុងរដ្ឋបាលសាធារណៈ យើងត្រូវយកចិត្តទុកដាក់ទៅលើអ្វី? ទី១ ការជ្រើសរើសដោយធានានូវសុក្រឹតភាព ចំគោលដៅជំនាញ គុណាធិបតេយ្យ ត្រឹមត្រូវយុត្តិធម៌ ដើម្បីតម្លាភាព។ ទី២ ការជ្រើសរើស បណ្ដុះបណ្ដាលឱ្យចំ ដើម្បីធានានូវសង្គតិភាពការងារ។ រដ្ឋបាលសាធារណៈ មិនខុសគ្នាពីកងកម្លាំងប្រដាប់អាវុធទេ។ យើងធ្វើការជាក្រុម។ យើងធ្វើការជាលក្ខណៈពហុភាគី។ ក្រសួង ៣០ ជំនាញខុសគ្នា ប៉ុន្តែវាត្រូវមានក្រមប្រតិបត្តិសហការមួយ។ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មានសិទ្ធិរៀងៗខ្លួន កាតព្វកិច្ចរៀងៗខ្លួន។ ច្បាប់ប្រគល់ឱ្យរៀងខ្លួន ប៉ុន្តែត្រូវមានសហការកម្រិតណា តាមខ្សែបណ្ដោយខ្សែទទឹង។ បើមិនអញ្ចឹងយើងច្របូកច្របល់។ លើសតែ ២នាក់ ដើរបុកគ្នាហើយ បើគ្មានការកំណត់ព្រំដែន បើសិនជារដ្ឋបាលយើងមានរាប់សែននាក់ ទាំងថ្នាក់ជាតិក្រោមជាតិ។ អញ្ចឹងការបណ្ដុះបណ្ដាលឱ្យយល់អំពីតួនាទីភារកិច្ច និងការគិតគូររៀប​ចំឋានានុក្រមការងារ។ ទី៣ ប្រើប្រាស់ឱ្យស្របតាមជំនាញ និងសក្ដានុពល។ រើសហើយ បណ្ដុះបណ្ដាលហើយ បើការប្រើប្រាស់ ដែលរួមទាំងការប្រគល់ភារកិច្ច និងការចាត់តាំង តែងតាំងមិនត្រឹមត្រូវ វាក៏មានប្រសិទ្ធភាពមិនគ្រប់គ្រាន់ សក្ដានុពលក៏មិនដល់។ ចុងក្រោយ (ទី៤)គឺការលើកទឹកចិត្ត ដោយផ្អែកទៅលើសមិទ្ធកម្ម។ នេះគឺជាការអភិក្រមដែលត្រូវខិតខំសម្រេចក្នុងការកសាងធនធានមនុស្សនៃរដ្ឋបាលសាធារណៈ។

(១២) រៀបចំវិធីសាស្រ្តថ្មីរៀបចំយន្តការដឹកនាំប្រលងចូលបំរើការងារឱ្យសង្គតិភាព និងការទទួលខុសត្រូវរួមគ្នា

កិច្ចការនេះ បានធ្វើច្រើនអាណត្តិមកហើយ។ អាណត្តិទី៧ នេះ ក៏យើងនៅបន្តធ្វើ (១) ពាក់ព័ន្ធទៅនឹងការជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព បរិយាប័ន្ន គឺជាគន្លឹះមួយសម្រាប់ធានានូវប្រសិទ្ធភាពធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់ការបម្រើក្នុងជួរមន្រ្តីរាជការ ក្រ​សួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ។ គឺចាប់ផ្ដើមពីចំណុចរើស(មន្រ្តីចូល)តែម្ដង។ ក្នុងអាណត្តិទី៧ នេះ ការកែទម្រង់ ការជ្រើសរើសមន្រ្តី ផ្អែកទៅលើគុណាធិបតេយ្យ សុក្រឹត្យភាព យុត្តិធម៌ បរិយាប័ន្ន គឺជាអាទិភាព តាំងពីការប្រលងលើកទី១ ដែលពេលរដ្ឋាភិបាលថ្មីកើតឡើង គឺក្រសួងស្ថាប័នមួយចំនួន មានផែនការរើសមន្រ្តី ហើយដាក់ពាក្យសុំប្រលងរើសមន្រ្តី តាមយន្តការដែលមានសម្រាប់ពីមុនមក។ យើងបានខិតខំកែទម្រង់ ប៉ុន្តែនៅក្នុងកំ​ណែទម្រង់ថ្មីនេះ យើងរៀបចំវិធីសាស្រ្តថ្មី គឺប្រមូលផ្ដុំរៀបចំយន្តការកណ្ដាលមួយដើម្បីដឹកនាំប្រលង។ ដើម្បីឱ្យមានសង្គតិភាព និងការទទួលខុសត្រូវរួមគ្នា ខ្ញុំបានសម្រេចផ្អាក ដូចពីខែវិច្ឆិកា (ឆ្នាំ២០២៣) មិនឱ្យរើសមន្រ្តីថ្មី។ ពេលនោះ គឺអនុញ្ញាតឱ្យរើស(មន្រ្តី ដោយ)ប្រលងរបស់ក្រសួងអប់រំមួយទេ ព្រោះបានដាក់ពាក្យប្រលង ហើយកំពុងតែប្រលង ក៏ឱ្យទៅចុះ។

ប៉ុន្តែស្ថាប័នផ្សេងទៀត ត្រូវរង់ចាំ រហូតដល់មានយន្តការ(ថ្មី)។ សុខចិត្តចេញដំណើរយឺតបន្ដិច ប៉ុន្តែចេញដោយត្រឹមត្រូវ។ ឥឡូវមកដល់ម៉ោងនេះ យើងប្រលងបាន ៦វគ្គ ហើយកំពុងត្រៀមប្រលងមួយវគ្គទៀត គឺវគ្គទី៧ … ប្រលងលើកទី១ ដែលគណៈកម្មការយន្តការថ្មីគ្រប់គ្រងតាមនិយាមនោះ គឺប្រលងមន្រ្តីកសិកម្ម ឆ្នាំ ២០២៣ រើស ២៥០នាក់។ អ្នកដាក់ពាក្យក្នុងប្រព័ន្ធ ១២ ៧០០ នាក់។ អ្នកមានសិទ្ធិប្រលង យើងចម្រាញ់ឱ្យចំជំនាញ ឱ្យចំគោលដៅ ហើយបូកជាមួយនឹងការស្ម័គ្រចិត្តទៅនៅកន្លែង(គោលដៅ ដោយ)ចម្រាញ់ចុះមកដំបូង ៣៣០០នាក់ ប្រលងយក ២៥០នាក់។ លើកទី៦ ប្រលងគ្រូបង្រៀនអនុវិទ្យាល័យ … អ្នកដាក់ពាក្យប្រលងក្នុងប្រព័ន្ធ ៥១ ៨៤៩ នាក់ ហើយអ្នកដែលមានសិទ្ធិនៅក្នុងការប្រលងមាន ៣ ៣០០ នាក់ជាង យកតែ ៤៤១ នាក់ទេ។ ការប្រលងលើកទី៧ (សំរាប់)គ្រូបឋមនេះ មានអ្នកដាក់ពាក្យមកដល់ម៉ោងមាន ៦៧ ០០០ នាក់ ឯអ្នកដែលមានសិទ្ធិប្រលង ៣៨ ០០០នាក់ ហើយយើងរើស ១ ៣៤៧ នាក់។

(១៣) ការប្រលងតាមយន្តការថ្មី ធ្វើឱ្យមានចំនួនអ្នកដាក់ពាក្យប្រលងកើនឡើង មិនមានរឿងមិនប្រក្រតីកើតឡើង

អ្វីដែលគួរឱ្យចាប់អារម្មណ៍ (ទី១)គឺចំនួនមនុស្សកាន់តែកើន … ខ្ញុំបានឱ្យតាមគ្រប់កន្លែងប្រលងទាំងអស់។ បទពិសោធន៍ខ្ញុំធ្លាប់ធ្វើគណៈកម្មការពង្រឹងការប្រលងយោធា គ្រប់គ្រងតែ(ចំណុច) ២ឱ្យបាន៖ ទី១ វិញ្ញាសារ, ទី២ កំណែ។ (ទី១)កុំឱ្យមុនប្រលង ចេញវិញ្ញាសារតាមហ្វេសប៊ុក។ ទី២ គ្រប់គ្រងកំណែឱ្យជាប់ ដោយតម្លាភាព សុក្រឹតភាព។ (គ្រប់​គ្រង) ២នេះបាន គឺធានាបាន។ អញ្ចឹងមកដល់ម៉ោងនេះ យើងឃើញចំនួនអ្នកដាក់ពាក្យប្រលងកើនឡើង ដែលបញ្ជាក់ពីការជឿទុកចិត្តទៅលើប្រព័ន្ធ(នៃការប្រលង)។ បើសិនគេគិតថា ការប្រលងម្ដងៗ គ្មានសុក្រឹតភាព ប្រ​ហែលជាមានបញ្ហាពីចំនួនអ្នកដាក់ពាក្យហើយ។ ទី២ គឺស្ងាត់។ សម័យនេះ គឺសម័យហ្វេសប៊ុក គឺងាយណាស់។ មនុស្សកាន់តែច្រើន ហ៊ានតែប្រលោះបន្តិចគឺពេញ facebook ឥឡូវហើយ។ រឿងមិនប្រក្រតីរឿងអីៗហ្នឹង។ យើងខិតខំធ្វើឱ្យអ្នកចេះជាប់ៗ ដោយមោទនៈ អ្នកមិនជាប់គឺមិនជាប់ដោយអស់ចិត្ត …។

(១៤) ថ្នាក់ដឹកនាំនិងមន្ត្រីនៃគណៈកម្មការដឹកនាំប្រឡងនិងក្រសួងស្ថាប័នពាក់ព័ន្ធ មានឆន្ទៈនិងការប្ដេជ្ញាចិត្តខ្ពស់

ដែលសម្រេចកិច្ចការបានប៉ុននេះមិនមែនដោយចៃដន្យទេ គឺទី១ ឆន្ទៈនិងការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃគណៈកម្មការដឹកនាំប្រឡងនិងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់អនុវត្តកិច្ចការដោយហ្មត់ចត់ ទាំងគណៈកម្មការតាក់តែងនិងគ្រប់គ្រងវិញ្ញាសារ។ ក្រុមការងារគ្រប់គ្រងការប្រឡង និងចូលរួមទប់ស្កាត់ការប៉ុនប៉ងកេងចំ​ណេញពីមនុស្សមួយចំនួន។ មានករណីចង់ស៊ីឡាក មិនមែនអត់ទេ។ ប៉ុន្តែមានការចូលរួមនិងអនុវត្តច្បាប់ដោយ ACU … ខ្ញុំសូមអំពាវនាវឱ្យបងប្អូន ទាំងគណៈកម្មការនិងអ្នកពាក់ព័ន្ធ ចូលរួមបង្កើត/ធានាសុក្រឹតភាព ភាពជឿជាក់ ធានានូវការដែល(ទទួលអោយចូលបំរើការងារ)បានដោយសមត្ថភាព។ សម័យឥឡូវមិនមែនប្រឡងមិនជាប់ជាមន្ត្រី ដាច់ពោះនោះទេ។ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ។ យើងត្រូវរួមគ្នាធ្វើឱ្យប្រព័ន្ធមួយនេះជោគជ័យ ជាពិសេសសូមការចូលរួមពីបេក្ខជននិងក្រុមគ្រួសារ។ ហេតុអីបានជាចំនួន(អ្នកដាក់ពាក្យប្រលង)កើន និងមិនមានអ្នក complain? កុំភ្លេចថាអ្នកជាប់គេចេះនិយាយគ្នា។ អ្នកជាប់គេចេះសួរគ្នា។ អស់ប៉ុន្មាន? បើសិនជាមានរឿងបែបនេះមិនស្ងាត់ទេ។

(១៥) ចង់ក្លាយជាមន្ត្រីត្រូវចាប់ផ្ដើមពីមានទំនុកចិត្ត វិនិយោគកម្លាំងចិត្តកម្លាំងកាយខិតខំប្រឹងប្រែងរៀនសូត្រ

មន្ត្រីចូលបម្រើការងាររដ្ឋ ត្រូវចាប់ផ្ដើមពីខ្លួនឯងមានទំនុកចិត្ត។ មិនមែនជាការវិនិយោគទេ។ វិនិយោគកម្លាំងចិត្តកម្លាំងកាយខិតខំប្រឹងប្រែងរៀនសូត្រ។ មិនត្រូវវិនិយោគរកខ្សែ វិនិយោគរកថវិកាដើម្បីសូកគេនោះទេ។ ត្រូវវិនិយោគការខិតខំប្រឹងប្រែង។ ការធានាសុក្រឹតភាព និងភាពត្រឹមត្រូវនៃកិច្ចប្រឡងនេះ គឺជាឧទាហរណ៍មួយ ប៉ុន្តែវាជាកិច្ចការធំ ផ្តល់ការលើកទឹកចិត្តដល់កូនខ្មែរដែលចង់ក្លាយទៅជាមន្ត្រីបម្រើរាស្ត្រ គឺជាការចូលនិងស្ម័គ្រចិត្តនិងការខិតខំ … បើសិនជាមានភាពមិនប្រក្រតី អ្នកដែលមិនជាប់រាប់ម៉ឺននាក់ មិននៅស្ងៀមទេ។ រឿងអ្នកជាប់ថាទៅខ្លាចមានរឿងគេដកចេញ។ អត់ទេ។ អ្នកដែលមិនស្ងៀមគឺអ្នកដែលមិនជាប់។ ប្រឡងអនុវិទ្យាល័យ ៣ម៉ឺន ៣ពាន់ នាក់ រើសតែ៤០០នាក់ បានន័យថាជាង ៣ម៉ឺននាក់ធ្លាក់។ បើមិនអស់ចិត្ត បើមានភស្តុតាងថាគាត់ប្រកួតប្រជែងដោយអយុត្តិធម៌ សុខចិត្តបើកឱ្យមើល(កិច្ចការ)របស់គាត់ទៀត … ក្រែងលោខុស ក្រែងលោកគ្រូលួចកែ … ខ្ញុំសូមអរគុណដល់បេក្ខជន និងក្រុមគ្រួសារ ដែលបានព្យាយាមនៅក្នុងការខិតខំប្រឹងប្រែងនេះ។ ខ្ញុំធ្លាប់បានលើកពីការប្រឡងបាក់ឌូប្លិ៍ ដែលឯកឧត្តម ហង់ជួន ណារ៉ុន បានធ្វើការកែទម្រង់។ ប្រសិទ្ធភាពមិនត្រឹមតែរើសនូវសិស្សដែលចេះជាប់នោះទេ ប៉ុន្តែធំបំផុតគឺការកែឥរិយាបថរបស់សិស្ស និងឥរិយាបទរបស់ឪពុក-ម្ដាយ។ កុំអោយដល់ជិតប្រឡង ភ័យពេកទៅរកអន្តរាគមន៍ចុះឡើង។ បង្ខំកូនឱ្យរៀនល្អជាង វប្បធម៌នៃការខិតខំប្រកួតប្រជែងដោយស្មើភាព អាចធានាបាន នេះជាជំហ៊ានទីមួយនៃការរើសមន្ត្រីរបស់យើង។

(១៦) អនុវត្តអភិក្រម “ដាក់ឱ្យចំ បំពេញឱ្យគ្រប់ រក្សាឱ្យនៅ” … កុំអោយមានករណីលើសតែខ្វះ ឬខ្វះតែលើស

ទី២៖ ការងារបណ្ដុះបណ្ដាល ។ ពាក់ព័ន្ធសាលាERA គណៈកម្មការបានសហការជាមួយក្រសួងយើងមន្ត្រីដែលមានសមត្ថភាព ឆន្ទៈ និងចំជំនាញ។ ទោះបីយើងមកកណ្ដាលក៏ដោយ អោយយន្តការកណ្ដាលធ្វើការស្អិតជាមួយនឹងក្រ​សួងស្ថាប័ន ដែលខ្ញុំថាមានសមត្ថភាពនិងចំជំនាញ។ បើរើសមន្ត្រីកសិកម្ម យើងកុំយកមន្ត្រីខាងវិស្វករសំណង់ ខាតធនធានរ៉ែ គឺយកអ្នកដែលមានមូលដ្ឋានអាចយល់ដឹង មានឆន្ទៈ មានសមត្ថភាព។ កន្លងទៅយើងដាក់ឱ្យចំ និងបំពេញឱ្យគ្រប់ ថែរក្សាឱ្យនៅទៀត ជាពិសេសនៅមូលដ្ឋានគឺការង្រាយមន្ត្រីនេះសំខាន់ណាស់។ បើត្រឹមតែប្រ​ឡងយកមក ៤០០នាក់ ដើម្បីបំពេញនៅតាមមូលដ្ឋាន ស្រាប់តែយើងរុញទៅមួយឆ្នាំក្រោយមកកកនៅភ្នំពេញដដែល វាបង្កើតបញ្ហាលើសតែខ្វះ ខ្វះតែលើស … ខាតទាំងអស់ ទាំងធនធានថវិកាជាតិ ត្រូវរើសបន្ថែមរហូត ខាតធនធានមនុស្សជារឿងធំបំផុត។ កន្លែងដែលខ្វះ អត់មានអ្នកណាទៅបណ្ដុះបណ្ដាលជួយប្រជាពលរដ្ឋ។ កន្លែងដែលលើសមន្ត្រី អត់មានឱកាសដើម្បីធ្វើការពេញដៃពេញជើង ឬមួយយកតែក្របខណ្ឌអត់សូវមានឱកាស។ ការដាក់លក្ខខណ្ឌដើម្បីរើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ គឺមានលក្ខខណ្ឌតឹងបន្តិចហើយ។ បើមិនអញ្ចឹងទេអត់កើត។ មូលដ្ឋាននៅខ្វះគ្រប់កន្លែង។ ចុះទៅមួយការិយាល័យមានប៉ុននេះ។ ប៉ុន្តែយើងអត់មានមនុស្សទេ ដាក់ទៅរត់ចេញ។ ការរើសបំពេញឱ្យត្រូវ យើងមានបម្រុងទៀតដើម្បីត្រៀម ព្រោះធ្វើឱ្យមានប្រសិទ្ធភាព …។

[ចបសេចក្តីអធិប្បាយ ១]

(បន្ថែមសុន្ទរកថា)

ការបណ្ដុះបណ្ដាលគឺជាកិច្ចការសំខាន់ដែលត្រូវតាមដានជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ។ ការបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាលគឺជាផ្នែកមួយសម្រាប់ធនធានមនុស្សក្នុងវិស័យសាធារណៈ។ សាលាមានភូមិន្ទរដ្ឋបាលមានកាតព្វកិច្ចចម្បងក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស និងប្រសិទ្ធភាពដំណើរការនៃរដ្ឋបាលសាធារណៈនៅក្នុងកម្ពុជា ដែលយើងគិតទាំងសមត្ថភាពនិងឥរិយាបថ។ សាលា ERA បានខិតខំបំពេញកម្រិតស្ដង់ដារការបង្រៀន មានមេរៀន សាស្ត្រាចារ្យ វាខ្មិនសំខាន់ៗអញ្ជើញមកពីស្ថាប័នផ្សេងៗ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

(១៧) សាលាភូមិន្ទរដ្ឋបាលគួរជាសាលាមានស្ដង់ដារវិន័យខ្ពស់ ប៉ុន្តែកុំមានវិធានការតឹងពេកជំរុញការអនុវត្តវិន័យ

កន្លងទៅមានបញ្ហាមួយពាក់ព័ន្ធចំនួន ដែលសុំឱ្យយកចិត្តទុកដាក់ក្នុងការកែសម្រួល។ ពង្រឹងការបង្រៀនឱ្យគ្រប់ម៉ោង។ ធានាគុណភាពម៉ោងគ្រូបង្រៀន។ ជាពិសេសគួរគិតគូរបែបណាកុំឱ្យជិះទូកជើងពីរបើអាចទៅបាន។ បំ​ពេញភារកិច្ចសម្រាប់គ្រូ ឬមួយ(អ្នក)ឧទ្ទេសមួយចំនួន ឱ្យញែកដាច់តែម្ដងកុំឱ្យជាប់ អាចថារៀនផង បេសកម្មឬមួយកិច្ចការអីផ្សេងៗ។ គិតគូរមើលដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងការបង្រៀន។ សាលាផ្អែកលើពីរ៖ ទីមួយគ្រូ ទីពីរសិស្ស។ វាគ្មិនសំខាន់។ យើងត្រូវចែករំលែកបទពិសោធន៍គ្រប់បែបយ៉ាង។ តាមពិតខ្ញុំត្រូវបានអញ្ជើញមកធ្វើបឋកថាយូរហើយ ប៉ុន្តែអត់បានមក។ ថ្ងៃនេះមកបិទវគ្គ។ កាលនៅមេជើងគោកបានទទួលការអញ្ជើញឱ្យមកឧទ្ទេសនាមអំពីការកែទម្រង់កងទ័ពជើងគោក។ សូមអភ័យទោសផង ឯកឧត្តមនាយកសាលា អត់បានឆ្លើយតបពេលនោះ ប៉ុន្តែពេលនេះបានមកចូលរួម។ ខ្ញុំសូមយកឱកាសនេះកោតសរសើរ ចំពោះការចូលរួមរបស់សាស្ត្រាចារ្យ គ្រូបង្រៀន វាគ្មិនសំខាន់ៗដែលបានចែករំលែកពេលវេលា និងបទពិសោធន៍នៅទីនេះ។

ទី៣៖ គឺឥរិយាបទ ឆន្ទៈ និងការទទួលខុសត្រូវ ក្រមសីលធម៌ សាលាបានខិតខំយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការជាច្រើនដើម្បីពង្រឹងវិន័យ។ សាលា ERA គួរជាសាលាមួយដែលមានស្ដង់ដារវិន័យខ្ពស់ ប៉ុន្តែវិធានការក្នុងការជំរុញការអនុវត្តវិន័យកុំតឹងពេក។ ស្ដាប់ពាក្យខ្ញុំឱ្យច្បាស់ គួរ មិនមែន ត្រូវ ទេ។ គួរនេះ អនុវត្តបានទាល់តែមានលក្ខខណ្ឌ។ ទីមួយគឺសាលាដែលមានស្ដង់ដារវិន័យខ្ពស់ ចាំឱ្យច្បាស់គឺជាគោលដៅធំ។ មធ្យោបាយនៅក្នុងការសំរេចតើត្រូវចាំបាច់សាលាបង្ខំទេ។ មិនគួរទេ។ វាផ្ដើមចេញពីការស្វ័យទទួលខុសត្រូវរបស់សិស្សនីមួយៗ និងគ្រូ។ នេះដែលខ្ញុំនិយាយថាសាលាភូមិន្ទរដ្ឋបាលគឺសាលាដែលមានស្ដង់ដារវិន័យខ្ពស់ ប៉ុន្តែមិនគួរមានវិធានការ ព្រោះជាមន្ត្រី ជាថ្នាក់ដឹកនាំបច្ចុប្បន្ននិងទៅអនាគត មិនចាំបាច់ដាក់វិន័យដើម្បីកៀបនោះទេ … មិនចាំតម្លើងម៉ាស៊ីនស្កេន ហើយត្រូវជួសជុលរហូតនោះទេ។ មិនចាំបាច់ផ្ទៀងស៊ីញ៉េហើយអត់មានមុខនោះទេ …។

(១៨) ERA ជាសាលានៃថ្នាក់ដឹកនាំក្នុងកម្រិតណាមួយបច្ចុប្បន្ននិងទៅអនាគត

ខ្ញុំគិតថាគួររួមគ្នាដើម្បីសម្រេចគោលដៅបែបនេះបាន។ ខ្ញុំគិតថា ឯកឧត្តម យក់ ប៊ុនណា គ្មានបំណងចង់ធ្វើបាបមន្ត្រី ធ្វើបាបសិស្សទេ។ គាត់ចង់បានសាលាមួយនេះជាសាលាគំរូ ដោយមិនចាំបាច់អនុវត្តវិធាន ឬមួយឧបករណ៍ វិធីសាស្រ្ត(អ្វីទេ) គឺសិស្សម្នាក់ៗរួមគ្នាដើម្បីឱ្យសាលានេះមានស្តង់ដារខ្ពស់ ព្រោះជាសាលានៃថ្នាក់ដឹកនាំ។ ERA គ្រប់ប្រទេសទាំងអស់ នៅបារាំងគឺ ENA និយាយរួមសិស្សដែលមករៀន មិនថាសិស្សទើបប្រឡងជាប់ចូល ឬមួយក៏សិស្សជាមន្ត្រី គឺជាមេដឹកនាំបច្ចុប្បន្ន និងទៅអនាគត ក្នុងកម្រិតណាមួយ។ មេដឹកនាំត្រូវតែជាគំរូ។ មេដឹក​នាំចាប់ផ្តើមធំជាងគេបំផុតការគ្រប់គ្រងខ្លួនឯង បំពេញកាតព្វកិច្ចដោយមិនចាំបាច់មានអ្នកណាអង្គុយចង្អុលពីលើ ឬដាក់ទណ្ឌកម្ម។ មិនចាំបាច់សាលាត្រូវចាយលុយ ដាក់ម៉ាស៊ីនស្កេនមេដៃហើយត្រូវជួសជុល … ការធ្វើនេះគឺជាការលើកតម្កើង។ សំខាន់ឬមិនសំខាន់ តម្លៃឬមិនតម្លៃ សិស្សដែលចេញពីសាលានេះនឹងមានមោទនភាពមួយជីវិត។ តែបើសាលាមិនមានការទទួលស្គាល់ ឬថាកម្រិតនៃតម្លៃមិនខ្ពស់ សិស្សដែលធ្លាប់ចេញ និងកំពុងរៀនក៏មាន គេថាប៉ះខ្លះដែរ។

(១៩) គប្បីយល់ពីតម្លៃនៃកន្លែងអង្គុយសិក្សា និងកាតព្វកិច្ចជាមន្ត្រី ជាសិស្សចេញពី សាលាភូមិន្ទរដ្ឋបាល/ERA

ការបណ្តុះបណ្តាលនៅទីនេះ គួរជាកន្លែងដែលអនុវត្ត។ មន្ត្រីត្រូវមានស្តង់ដារគំរូខ្ពស់។ មន្ត្រីជាថ្នាក់ដឹកនាំ។ ការបណ្តុះបណ្តាលនៅទីនេះគឺសុទ្ធតែជាអ្នកមានសក្តានុពលជាអ្នកដឹកនាំ។ អញ្ចឹងខ្ញុំគិតថាសិស្សនីមួយៗ គួរតែយល់ពីតម្លៃ និងកាតព្វកិច្ច តម្លៃកៅអីមួយ តម្លៃរូបថតមួយសន្លឹក។ នៅថ្ងៃបញ្ចប់ការសិក្សា ពាក់អាវនេះសម្រាប់កូនចៅជំនាន់ក្រោយ តម្លៃនៃអាំងស៊ីង តម្លៃនៃឈ្មោះវគ្គរបស់យើងនីមួយៗ។ វគ្គនីមួយអម្បាញ់មិញ ខ្ញុំស្តាប់ទៅសុទ្ធតែវគ្គ កម្ពុជាបេះដូងខ្ញុំ វគ្គបម្រើជាតិ វគ្គនីមួយៗ ឈ្មោះនីមួយៗ គឺផ្សារភ្ជាប់ជាមួយកាតព្វកិច្ចបម្រើជាតិមាតុភូមិ និងប្រជារាស្ត្រ។ នេះហើយគឺជាតម្លៃ និងទិសដៅនៃវគ្គនីមួយៗ និងសាលានេះតែម្តង។ អញ្ចឹង សិក្ខាកាមយើងចាប់ផ្តើមយល់ពីតម្លៃនៃកៅអីមួយកន្លែងដែលមកអង្គុយនេះ និងទី២ កាតព្វកិច្ចក្នុងនាមជាមន្ត្រី ជាសិស្សដែលចេញពី ERA នេះគឺអ្វីដែលខ្ញុំចង់និយាយ។

(២០) រាជរដ្ឋាភិបាលមានអភិក្រមទី៥ ប៉ុន្តែប្រើតែករណីចាំបាច់

ឯកឧត្តម យក់ ប៊ុនណា អាចធ្វើបានទេមើលទៅ? ឯកឧត្តម យក់ ប៊ុនណា អាចធ្វើបានលក្ខខណ្ឌទី២ កម្រិតនៃស្តង់ដារបទបញ្ជាផ្ទៃក្នុងអាចបន្ធូរ ប៉ុន្តែស្តង់ដារទី១ ទាល់តែសិស្សទាំងអស់គ្នា គ្រូទាំងអស់គ្នា ចង់ឱ្យវិន័យខ្ពស់របស់សាលាភូមិន្ទរដ្ឋបាល ដោយមិនមានការចាំបាច់សង្កត់ពីសាលា។ ទាល់តែសិស្សទាំងអស់រួមគ្នា សហការគ្នាដើម្បីស្វ័យទទួលខុសត្រូវ និងស្វ័យពង្រឹងនូវវិន័យទើបអាចទៅរួច។ នេះគួរតែជាសាលាជាន់ខ្ពស់របស់មន្ត្រី។ នេះដែលខ្ញុំនិយាយលើកឧទាហរណ៍ អម្បាញ់មិញប្រហែលជាចំពេកទេដឹង? ហេតុអី អភិក្រមរបស់យើងគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីធានានូវប្រសិទ្ធភាព គុណភាព និងសុចរិតភាព របស់រដ្ឋបាលសាធារណៈ ក្នុងការបម្រើរាស្ត្រ។ ប៉ុន្តែ ការប្រើអភិក្រម ៤ គឺចាំបាច់ជាគោលដៅធំ។ រាជរដ្ឋាភិបាលយើងមានអភិក្រមទី៥ ប៉ុន្តែយើងមិនអាច ប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើង លើកលែងតែកិច្ចការមួយចំនួនដែលសំខាន់ ដែលចាំបាច់ត្រូវតែធ្វើ ឧទាហរណ៍ដូចគ្រឿងញៀន។ ទោះជាហ្នឹងហើយយើងដាក់សារមុនដើម្បីអនុវត្ត។

(២១) អនុវត្តអភិក្រម៤ គឺយោគយល់ និងផ្តល់ឱកាស ដើម្បីកែចំណុចខ្វះខាត និងអភិវឌ្ឍខ្លួន

អនុវត្តអភិក្រម ៤មុន គឺអភិក្រមយោគយល់ ផ្តល់ឱកាសដើម្បីកែខ្លួន។ គ្មានអ្នកណាល្អឥតខ្ចោះទេ។ រដ្ឋាភិបាលក៏មិនល្អឥតខ្ចោះដែរ។ ប៉ុន្តែយើងត្រូវដាក់ទិសដៅទៅជារដ្ឋាភិបាលដែលល្អឥតខ្ចោះ ដើម្បីកែនូវចំណុចខ្សោយ ឈានទៅការអភិវឌ្ឍ។ ខ្លួនយើងម្នាក់ដូចគ្នា។ យើងមិនល្អឥតខ្ចោះទេ។ ទាល់តែមានទិសដៅនៅក្នុងការពង្រឹងខ្លួនយើងឱ្យល្អឥតខ្ចោះ ទើបយើងចាប់អារម្មណ៍ និងកែសម្រួលនូវចំណុចខ្វះខាត។ នេះគឺអ្វី(ដែលយើងត្រូវធ្វើ)។ ការប្រតិបត្តិ និងសាកល្បង ប្រតិបត្តិនៅក្នុងសាលានេះដោយម្ចាស់ការលើខ្លួនឯង គឺជាអ្វីដែលសំខាន់។ ខ្ញុំយល់ពីបទពិសោធន៍ ចែករំលែកបទពិសោធន៍ ពីនីតិវិធីរដ្ឋបាលផ្សេងៗ ចំណេះរឹង ប៉ុន្តែចំណេះទន់គឺឥរិយាបថ និងការទទួលខុសត្រូវមានតម្លៃធំណាស់។

មន្ត្រីដែលបានបណ្តុះនៅទីនេះគឺជាគំរូមួយ។ ឥឡូវយើងបណ្តុះបាន ២ម៉ឺននាក់។ ទៅមុខទៀត យើងនឹងបណ្តុះបន្តៗទៀត។ សង្ឃឹមថាអ្នកដែលចេញទៅនឹងនាំនូវវិធីសាស្ត្រល្អៗ ពីទីនេះទៅស្ថាប័នរបស់ខ្លួន … ខ្ញុំជឿថា យើងមិនល្អឥតខ្ចោះ។ ដែលខ្ញុំនិយាយពីចំណុចខ្វះខាតនេះ មិនមែនបានន័យថាសាលាមានតែចំណុចខ្វះខាតនោះទេ។ សិស្សរបស់យើងទទួលខុសត្រូវធំហើយ ច្រើនហើយ បានសាលាយើងរីកចម្រើនបានប៉ុណ្ណេះ។ ប៉ុន្តែខ្ញុំលើកនូវចំណុចខ្វះខាតមួយចំនួន ដែលយើងបន្តពង្រឹង ជាពិសេសខ្ញុំនិយាយក្នុងវិន័យ ដែលគេហៅ ស្វ័យទទួលខុសត្រូវ មិនមែនតែវិន័យទេ។ ការមករៀន មិនមែនមកដើម្បីប្រថាប់ត្រាយកសញ្ញាបត្រទៅបង្គ្រប់ទេ។ គួរតែចាប់អារម្មណ៍ថា តម្លៃកន្លែងនេះរៀនដើម្បីយើងចេះ …។

(២២) សិស្សចេញពី ERA ត្រូវមានសមត្ថភាព រក្សាតម្លៃ កិត្តិយស និងវិន័យ

ខ្ញុំធ្លាប់នៅសាលាទាហានរៀនវិជ្ជាសេនាធិការ អ្នកដែលដឹកនាំទ័ពជួរកណ្តាលត្រូវធ្វើផែនការដឹកនាំទ័ពមកចូលរៀន ដើម្បីដល់ថ្ងៃណាមួយគេបញ្ជូនឡើងទៅលើអត់ចេះមើលផែនទី ប្រយ័ត្នហៅនិយាមការខុស ផ្លោងដាក់ខ្លួនឯង។ ម្សិលម្ង៉ៃទៅសៀមរាប ជួបជាមួយ ឯកឧត្តម ខេង សាមេធ។ គាត់មានបទពិសោធន៍មួយពេលសម័យសង្គ្រាម។ គាត់ដូចមេវរៈ។ ពេលមួយគេកំពុងវាយគាត់។ ឯកឧត្តម វង្ស ពិសេន នៅហ្នឹង ឯកឧត្តម ទៀ សីហា នៅហ្នឹងដែរ។ ឯកឧត្តម នេត សាវឿន នៅហ្នឹងដែរ។ គាត់និយាយថា ថ្ងៃមួយវាយគ្នា។ ខ្មែរក្រហមវាយទីតាំង។ គាត់ត្រូវឡើងទៅមុខ។ អញ្ចឹងនៅក្រោយមានអា​វុធគាំទ្រ។ ដល់មេកាំភ្លើងធំថ្ងៃហ្នឹងចេញទៅណាច្បាប់អីទេ មានអ្នកមកថ្មី សិស្សទើបចេញពីសាលា។ គាត់(សួរ)ថា បន្តិចទៀតហៅកាំភ្លើងធំច្បាស់អត់? សិស្សកាំភ្លើងធំគាត់ថា ច្បាស់លោកនាយ។ ខ្ញុំទើបចេញពីសាលា ច្បាស់តែម្តង។ នេះរឿងបទពិសោធន៍ពិត។ គាត់អត់ទុកចិត្តទេ ប៉ុន្តែលឺសូរនាយទាហានហ្នឹងហៅស្អីឯណានិយាមការ X Y អី អញ្ចឹងៗគាត់ថាដូចទំនងដែរ។ ម៉ែអើយ! ១៦គ្រាប់លើទីតាំងឈរជើងខ្លួនឯង … អ្វីដែលខ្ញុំនិយាយស្រដៀងគ្នា។

មន្ត្រីអនុវត្តច្បាប់ត្រូវយល់ច្បាប់ឱ្យច្បាស់ ដើម្បីកុំឱ្យអនុវត្តទៅ ខុសឆ្គងដោយអចេតនា។ យល់ច្បាស់ហើយត្រូវអនុវត្តឱ្យបានសុក្រឹតដើម្បីចេញពីសាលាតែមួយយើងយល់គ្នា។ ចេញពីសាលា ERA គេអត់ដឹងថាវគ្គណាទេ។ គេដឹងថាសិស្សសាលា ERA ចេញទៅសមត្ថភាពបញ្ជាក់យ៉ាងម៉េច គឺឆ្លុះបញ្ចាំងឱ្យសិស្សទាំងអស់គ្នា។ ចេញពីសាលា ERA ត្រឡប់ទៅអង្គភាពវិញធ្វើការកម្រិតសមត្ថភាព យល់ដឹងយ៉ាងម៉េច រឿងរដ្ឋបាលសាធារណៈ។ បើសិនជាអត់ចូលសាលា ឬមួយយើងឱ្យគេស៊ីញ៉េឱ្យ អាហ្នឹងប្រយ័ត្នអត់ចេះ។ វាពាក់ព័ន្ធទៅនឹងតម្លៃ កិត្តិយស វិន័យ និងអាស្រ័យទៅលើសិស្សនីមួយៗ។ គេមិនគិតរឿងរោងចក្រនេះល្អ ឬទំនើបបែបណាទេ គេគិតលទ្ធផលសម្រេច បើផលិតផលសម្រេចមានគុណភាព គេគិតថាទាំងអ្នកផលិត ទាំងរោងចក្រ ទាំងសម្ភារៈ ទាំងធាតុផ្សំគឺល្អ។ ផ្ទុយទៅវិញ ផលិតចេញទៅ (ឧទាហរណ៍)សាច់គោងៀតអីបើកទៅដុះផ្សិត ឬមួយខ្លោច ឬមួយអីអាហ្នឹងគេថាផលិតយ៉ាងម៉េច? គេអត់ដឹងថាដោយសារជាងម្នាក់នៅក្នុងហ្នឹង ដោយសារអ្នកកាន់ម៉ាស៊ីនភ្លើងភ្លេចគិតពីកម្តៅស្រួល​បួល ឬមួយរវល់តែអត់ច្បាស់នោះទេ គឺគេវាយរោងចក្រទាំងមូលតែម្តង។ សាលាមួយសំខាន់អាស្រ័យទៅសិស្សម្នាក់ៗ។ ការបណ្ដុះបណ្ដាលនេះសំខាន់ណាស់។ អភិក្រមដែលយើងចេញទៅនេះ គឺការអនុវត្ដ ពង្រឹងនូវការទទួលខុសត្រូវ សមត្ថភាព និងឆន្ទៈ បូកជាមួយក្រមសីល វិជ្ជាជីវៈ គុណធម៌ និងសីលធម៌។ នៅក្នុងការអនុវត្ដនៅក្នុងសាលានិងចេញទៅក្រៅមិនខុសគ្នាទេ។

(២៣) ក្នុង ៩ ខែ រាជរដ្ឋាភិបាលអនុវត្ដអភិក្រមទាំង៤ និងអនុវត្ដអភិក្រមទី៥ លើកកំពស់ការទទួលខុសត្រូវរបស់មន្ដ្រីរាជការ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ

មន្ដ្រីបំរើរាស្ដ្រ។ អញ្ចឹងអភិក្រមរបស់រាជរដ្ឋាភិបាលប្រើមាន ៥ ប៉ុន្ដែការអនុវត្ដ៤ ដំបូង ចាំបាច់ត្រូវធ្វើជាប្រចាំ កុំចាំបាច់ដល់ការវះកាត់ ដែលជាអភិក្រមទី៥។ នេះជាកិច្ចការសំខាន់សំរាប់យើងពង្រឹងខ្លួន … គ្មានអ្នកណាឥតខ្ចោះគ្រប់ពេលវេលាទេ ប៉ុន្ដែត្រូវខិតខំដើម្បីយើងល្អឥតខ្ចោះ។ យើងត្រូវដាក់ចិត្តបែបនេះ ទើបពេលដែលចន្លោះ​ប្រ​ហោង យើងទទួលស្គាល់ថាយើងចន្លោះប្រហោង ហើយយើងកែខ្លួនដោយខ្លួនឯង ស្វ័យទទួលខុសត្រូវ ហើយបើធ្វើបែបនេះបានជាការល្អ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏ទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនៅក្នុងករណីដែលអភិក្រម​ ៤ មិនអាចអនុវត្ដបាន។ យើងត្រូវដាច់ចិត្ត និងអនុវត្ដដោយម៉ឹងម៉ាត់នូវអភិក្រមទី៥។ រាជរដ្ឋាភិបាលអាណត្ដិទី ៧ នេះ ក្នុង ៩ ខែនេះ បានចាត់វិធានការច្រើន។ ការលើទឹកចិត្តអោយ(អនុវត្ដ)អភិក្រមទាំង ៤ បានធ្វើច្រើន។ ប៉ុន្ដែយើងក៏បានអនុវត្ដនូវអភិក្រមទី៥ ជាច្រើនករណីផងដែរ ដើម្បីលើកកំពស់ការទទួលខុសត្រូវរបស់មន្ដ្រីរាជការទាំងមន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

ជាក់ស្ដែងមានការដាក់វិន័យ ការទំលាក់ឋានរន្ដសក្ដិឬឈានដល់ការវះកាត់ ដោយបណ្ដេញចេញពីក្របខណ្ឌទៀត ផង ចំពោះកងកម្លាំងនគរបាល កងទ័ព ដែលប្រព្រឹត្តបទល្មើសផ្សេងៗ ពិសេសបទល្មើសធ្ងន់ធ្ងរ ដូចជាការបាញ់បោះសេរី ការប្រើប្រាស់ និងជួយដូរគ្រឿងញៀន។ ថ្មីៗនេះ នៅក្រសួងពាណិជ្ជកម្មក៏បានចាត់វិធានការចំពោះមន្ដ្រី ក.ប.ប ខេត្តកំពង់ឆ្នាំង៥ រូប ដែលបានអនុវត្ដខុសនីតិវិធី ហើយកេងចំណេញ ផ្អើលនៅកំពង់ឆ្នាំង។ ឯកឧត្តម សុវណ្ណរិទ្ធ រាយការណ៍។ ដំបូងគេផ្អើលគយ តែដល់ឆែកទៅ ក.ប.ប … ក្រសួងបានចាត់វិធានការតឹងរ៉ឹងកែសំរួល … ព្រោះមន្ដ្រីជាអ្នកបំរើរាស្រ្ដ។ សម្ដេចតេជោ លោកធ្លាប់មានប្រសាសន៍ហើយ មន្ដ្រីជាអ្នកបំរើរាស្ដ្រ មិនមែនជាចៅហ្វាយរបស់ប្រជារាស្ដ្រទេ។ មន្ដ្រីមានការងារ ឱកាស តួនាទីបច្ចុប្បន្ន ដោយសារការគាំទ្ររបស់ប្រជាជន មិនថាតាមរយៈការបោះឆ្នោត ឬចូលរួមបង្កើតសកម្មភាពសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច ដើម្បីឲ្យរដ្ឋមានចំណូល បម្រើ និងដោះស្រាយបញ្ហាផ្សេងៗជូនមន្ដ្រីរាជការ។

(២៤) បំរើប្រជារាស្ដ្រគឺបំរើខ្លួនឯង និងគ្រួសារខ្លួន

ជាមួយគ្នា មន្ដ្រីគ្រប់រូបក៏ជាប្រជារាស្ដ្រដែរ។ យើងដោះតែតួនាទី កន្លែងធ្វើការចេញ យើងក៏ជាប្រជារាស្ដ្រដែលរស់នៅក្នុងសង្គម ភូមិឃុំ។ ចប់យើងត្រូវចូលនិវត្ដ យើងចេញពីមន្ដ្រីរាជការ យើងក៏ជាប្រជារាស្ដ្រសាមញ្ញ។ កូនរបស់យើង ប្រពន្ធ ចៅរបស់យើងក៏ជាប្រជារាស្ដ្រដែរ អញ្ចឹងបំរើប្រជារាស្ដ្រគឺដូចបំរើខ្លួនឯង និងគ្រួសារខ្លួនឯងចាំពាក្យនេះ។ តើយើងចង់រស់នៅក្នុងបរិស្ថានមួយ ដែលបរិស្ថាននេះងាយស្រួលរស់នៅទេ? សេវាសាធារណៈទាន់ចិត្ត ល្អប្រសើរទេ?ប្រសិនបើយើងចង់បានសំរាប់យើង គ្រួសារយើង កូនយើង យើងគួរអនុវត្ដ ព្រោះយើងចូលរួមផ្ដល់សេវាឲ្យមន្ដ្រីផ្សេងទៀតផងដែរ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់យើង។ តើសង្គមជាតិរបស់យើងក្នុងពេលបច្ចុប្បន្ននិងទៅអនាគតត្រូវរស់នៅបែបណា? តើចាំបាច់ស្អីដែលបន្ដិចៗ ត្រូវចរចាឬទេ? ឬមួយរស់នៅក្នុងបរិស្ថាន(សង្គម)ដែលផ្អែកលើច្បាប់ បទដ្ឋាននៃការងារ ដែលយើងទាំងអស់គ្នាដឹងនូវសិទ្ធិ និងកាតព្វ​កិច្ចរបស់យើង។ ខ្ញុំគិតថា បងប្អូនទាំងអស់មិនចង់ឈឺក្បាលនៅក្នុងការចរចា ឬមួយក៏រស់នៅក្នុងបរិស្ថាន(សង្គម)ដែលមិនប្រាកដប្រជាក្នុងការទទួលសេវាសាធារណៈទេមែនទេ? ដូច្នេះ អ្នកណាជាអ្នកផ្ដល់នូវសេវាសាធារណៈដែលមានលំនឹង ស្ថិរភាព អាចទុកចិត្តបានដល់ប្រជាពលរដ្ឋទូទៅ រួមទាំងខ្លួនយើងនិងគ្រួសារយើងផង។

(២៥) រួមគ្នាបង្កើតអំពើ/សមិទ្ធផលវិជ្ជមានបន្ថែមជូនសង្គមជាតិ កាត់បន្ថយភាពអវិជ្ជមាន

ខ្ញុំស៊ីញ៉េប៉ាស្ព័រ លិខិតបេសកកម្មឲ្យគេ ប៉ុន្ដែពេលដែលខ្ញុំចេញ(បេសកកម្ម) ខ្ញុំក៏ត្រូវការឯកឧត្តមអគ្គស៊ីញ៉េ ឲ្យខ្ញុំដែរ។ កាលដែលខ្ញុំនៅជើងគោក ធ្វើអញ្ចឹងតគ្នា។ យើងទាំងអស់គ្នាជាអ្នកបម្រើរាស្ដ្រ មិនមែនជាចៅហ្វាយរបស់ប្រជារាស្ដ្រ។ ការបម្រើប្រជារាស្ដ្រជាការបម្រើខ្លួនយើង។ យើងម្នាក់(ៗ)ក៏ជាប្រជារាស្ដ្រដែរ។ នេះជាអភិក្រមពិតប្រាកដ ហើយយើងរួមគ្នាដើម្បីកសាងបរិស្ថានដែលកាន់តែមានប្រសិទ្ធភាព បរិស្ថានដែលមានលំនឹង ភាពច្បាស់លាស់ក្នុងការទទួលសេវាសាធារណៈ ពីរដ្ឋបាលបច្ចុប្បន្ន និងទៅអនាគត ដែលដើម្បីឲ្យងាយស្រួលនោះគឺជាកាតព្វកិច្ចរបស់មន្ដ្រីគ្រប់ៗ រូប ចូលរួមក្នុងការធ្វើ ដោយមិនចាំបាច់មានការអនុវត្ដអភិក្រមទី៥ ទេ។ កៅអីយើងអង្គុយ ឱកាសយើងមាន ស្ថាប័នយើងមានលទ្ធភាពបម្រើប្រជាពលរដ្ឋ គឺយើងអាស្រ័យលើប្រជាពលរដ្ឋធ្វើឲ្យ។ យើងធ្វើដើម្បីកសាងបរិស្ថានមួយសំរាប់យើង គ្រួសារយើង ទៅអនាគត។ វាមិនល្អឥតខ្ចោះទេ ប៉ុន្ដែត្រូវដាក់ចិត្តរួមគ្នាដើម្បីកែសំរួលបរិស្ថានឱ្យល្អឥតខ្ចោះជាប់ជាប្រចាំ។ រួមគ្នាទទួលស្គាល់ថា ទី១ បង្កើតអំពើវិជ្ជមាន សមិទ្ធផលវិជ្ជមាន បន្ថែមជូនសង្គមជាតិ។ ទី២ រួមគ្នាកាត់បន្ថយនូវភាពអវិជ្ជមាន។ ពីរនេះផ្គុំគ្នាទើបយើងអាចសំរេចបាននៅក្នុងគោលដៅនៃប្រទេសមួយអភិវឌ្ឍ ជាពិសេស(បង្កើតនូវ)បរិស្ថានមួយដែលនឹងនរ ដែលយើងរួមគ្នាអាចទទួលបាននូវភាពកក់ក្ដៅ ពីការទទួលសេវាសាធារណៈ។

(២៦) សូមធ្វើស្វ័យសិក្សា កសាងបរិស្ថានសេវាសាធារណៈជាបរិយាបន្ន បានផលគ្រប់គ្នា ដូចគ្នា ទាំងអស់គ្នា

នេះជាកិច្ចការសំខាន់ដែលមន្ដ្រីរាជការ(ត្រូវអនុវត្ដជាប់ជាប្រចាំ)។ សាលា(ភូមិន្ទរដ្ឋបាល)ជា(កន្លែង)បណ្ដុះបណ្ដាល​ ជាមូលដ្ឋានមួយ ដែលអាចថារយៈពេលខ្លីដែល(កម្មសិក្សា​ការី)មកទីនេះ មិនត្រឹមតែមករៀនចំណេះថ្មីទេ ប៉ុន្ដែជាកន្លែងដែលសាកល្បងអនុវត្ដ មានវិន័យ ហើយយើងរួមគ្នាជួយស្វ័យពង្រឹងគ្នា។ នេះជាអ្វីដែលមន្ដ្រីសាធារណៈ និងកងកម្លាំងប្រដាប់អាវុធត្រូវបន្ដខិតខំ ដើម្បីកែសំរួល កែលំអរ ជាកាតព្វកិច្ចរបស់យើងគ្រប់ៗគ្នានៅទីនេះ។ ចេញទៅ អ្នកខ្លះមានក្របខណ្ឌស្រាប់ អ្នកខ្លះនឹងអាចមានក្របខណ្ឌនៅថ្ងៃក្រោយ អ្នកខ្លះទោះបីមិនទៅធ្វើការនៅក្នុងស្ថាប័នរដ្ឋក៏ដោយ ទៅធ្វើការនៅស្ថាប័នឯកជន អង្គការ ឬមួយយ៉ាងណាក៏ដោយ ស្វ័យសិក្សា ការអនុវត្ដបរិស្ថានសេវាសាធារណៈ ឬអនុវត្ដ(ការ)កសាងនូវសង្គមមួយបរិយាបន្ន បានន័យថាសំរាប់ឲ្យគ្រប់គ្នា។ ដើម្បីបានផលគ្រប់គ្នា ដូចគ្នា ទាំងអស់គ្នា ត្រូវចូលរួមគ្រប់វិស័យទាំងអស់។ ខ្ញុំតែងតែនិយាយពេលជួបវិស័យឯកជន «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន»ត្រូវ រួមគ្នាគិតធ្វើ និងទទួលខុសត្រូវ។ ជួយគិតបានន័យថា គិតនិងសំណូមពរ ប៉ុន្ដែពេលបានគោលការណ៍ទៅវិញរួមគ្នាធ្វើ។ កុំឲ្យរដ្ឋពិបាកដើរតួនាទីជាឆ្មា។ វិស័យឯកជនដើរតួនាទីជាកណ្ដុរ (ដែលរដ្ឋ)ដេញចាប់គ្រប់កន្លែង។ វាខាតអី? គឺខាតផ្ទះយើងដែលសំបូរទៅដោយឆ្មានិងកណ្ដុរ។ រដ្ឋនិងឯកជន ដើរតួនាទីជាឆ្មា ដូចគ្នាទៅ រួមគ្នាដើម្បីចាប់កណ្ដុរ។ កណ្ដុរ(គឺជា)អ្វី?គឺបរិស្ថានស្អាតនៅផ្ទះដែលមានរបៀបរៀបរយ …។

(២៧) ពេលលំបាករួមគ្នាធ្វើ ពេលស្រួលក៏កុំភ្លេចរួមគ្នាធ្វើបន្ថែមទៀត ព្រោះសង្គមមួយមិននៅនឹងថ្កល់ទេ

ប្រសិនបើមិនមានការចូលរួមគ្រប់គ្នា គណៈកម្មាការ(ដឹកនាំគ្រប់គ្រងការប្រលងជ្រើសរើសមន្ត្រី)តែមួយ ទៅមិនរួចទេ ប្រសិនបើគ្មានការចូលរួមពីមន្ដ្រី មេប្រយោគដោយសុក្រឹត។ ប្រសិនបើ ៣ ម៉ឺន ៤ ម៉ឺន នាក់ ម្នាក់ៗអត់ចូលរួមខំប្រឹងរៀនសូត្រ ទោះបីយើងប្រឡងបានក៏ប្រឡងបានដោយគុណភាពទាប។ ប៉ុន្ដែដោយមានការចូលរួមទាំងអស់គ្នានេះហើយ ទើបយើងអាចរួមគ្នា(លើកគុណភាព)បាន។ អញ្ចឹង ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីពង្រឹងនូវបរិស្ថានសង្គម ជាពិសេសការផ្ដល់ និងទទួលបាននូវសេវាសាធារណៈមួយប្រកបដោយភាពជឿជាក់ កក់ក្ដៅ យើងដាក់ចិត្ត(ធ្វើ) រួមគ្នាធ្វើ ផ្ដើមចេញពីយើងម្នាក់ៗ ចូលរួម។ គ្មានផលអីបានដោយស្រួលទេ។ ស្រួលពេកគេភ័យវិញទេ។ ការខិតខំពុះពាររួមគ្នាដើម្បីបាន។ ៤០ ឆ្នាំ ជាងនេះតាំងពីបាតដៃទទេ មកដល់ប៉ុណ្ណេះ មិនមែនជាការងាយស្រួលទេ ប៉ុន្ដែការថែរក្សាទៅមុខទៀត។ ពេលលំបាករួមគ្នាធ្វើ ពេលស្រួលកុំភ្លេចរួមគ្នាធ្វើបន្ថែមទៀតព្រោះការលំបាកនៅនឹងមុខ និងបន្ដទៀត។ រឿងនេះមិនមែនធ្វើចប់ទេ គឺគ្រប់ពេលទាំងអស់ គ្រប់ជំនាន់ទាំងអស់ ត្រូវបន្តធ្វើ ព្រោះសង្គមមួយមិនអាចនៅនឹងថ្កល់នោះទេ។ សង្គមមួយវិវត្តរហូត។ អញ្ចឹងវាផ្ដើមចេញពីការធ្វើឲ្យទំនើបកម្ម និងតាមទិសដៅ ការខិតខំពង្រឹងជាប់ជាប្រចាំនូវរដ្ឋបាលសាធារណៈមួយ ដែលមានប្រសិទ្ធភាព គុណភាព ប្រកបទៅដោយភាពដែលប្រជាពលរដ្ឋអាចជឿទុកចិត្ត ដែលយើងអាចរួមគ្នាក្នុងការកែទម្រង់ លើកកម្ពស់ក្នុងការពង្រឹង។ វាផ្ដើមចេញពីមន្រ្តីម្នាក់ៗ ក្នុងនោះក៏មានសិក្ខាកាមជាច្រើនដែលរៀនចប់វគ្គនៅទីនេះដែរ។

(២៨) ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព អនុវត្តទីផ្សារសេរី ព្រោះមានការគាំទ្រនិងការធានាសុខសន្តិភាព ស្ថិរភាព សន្តិសុខពីកងកម្លាំងប្រដាប់អាវុធ

វគ្គថ្ងៃនេះ ខុសពីការចែកសញ្ញាបត្រនៅសាលាឯកជន ដែលយើងផ្ដោតទៅលើការងារសំខាន់ សុទ្ធតែជាមេដឹកនាំ ក្នុងកម្រិតណាមួយ។ មេដឹកនាំមិនប្រាកដថាត្រូវតែមានតួនាទីទេ។ ខ្ញុំនិយាយ ត្រូវមានភាពជាអ្នកដឹកនាំតែប៉ុណ្ណឹង។ ឥទ្ធិពលនិងអំណាច ខ្ញុំឧស្សាហ៍និយាយ។ អញ្ចឹងការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំគឺជាកិច្ចការសំខាន់ដែលយើងត្រូវរួមគ្នាធ្វើ។ ប្រទេសយើងបានប៉ុណ្ណេះ ខ្ញុំជឿថាយើងមានសក្ដានុពលធំណាស់ក្នុងការជំរុញការអភិវឌ្ឍប្រ​ទេសយើង ដែលយើងដាក់ទិសដៅ។ ក្នុងនោះ តួអង្គមន្រ្តីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ ដើរតួនាទីសំខាន់។ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព អនុវត្តទីផ្សារសេរី ប៉ុន្តែបើគ្មានការគាំទ្រ ការផ្ដល់សេវាគ្រប់គ្រាន់ល្អ ការធានានូវសុខសន្តិភាព ស្ថិរភាព សន្តិសុខពីកងកម្លាំងប្រដាប់អាវុធទេ ក៏ពិបាកធ្វើការ ហើយមិនអាចរីកចម្រើនបានទេ។ អញ្ចឹងតួនាទីរបស់រដ្ឋក្នុងរបបទីផ្សារសេរីក៏ដោយ របបប្រជាធិបតេយ្យក៏ដោយ គឺត្រូវគាំទ្រការអនុវត្តសេរីភាព ទាំងក្នុងសេដ្ឋកិច្ច ទាំងក្នុងសិទ្ធិសេរីភាពជាប្រចាំទៅលើគ្រប់អ្វីៗ ដើម្បីធានាបាននូវការរៀបចំផ្ទះយើងឱ្យមានរៀបរយ និងប្រសិទ្ធភាព ភាពកក់ក្ដៅទាំងអស់គ្នា ដើម្បីផ្ទះយើងកាន់តែរឹងមាំ កាន់តែល្អប្រសើរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ត្រឡប់ទៅវិញ ឯកឧត្ដម យក់ ប៊ុណ្ណា អាចពិនិត្យមើលក្នុងការទម្លាក់ស្តង់ដាវិន័យ។ ប៉ុន្តែបើធានានូវស្តង់ដាខ្ពស់ អ្នកទីមួយសំខាន់។

[ចប់សេចក្ដីអធិប្បាយ ២]

ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈសម្រាប់ប្រយោជន៍នៃការអនុវត្តគោលនយោបាយ និងកម្មវិធីកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការ និងបំពេញការងារឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និងភារកិច្ចនៅក្នុងកិច្ចសហការ និងការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក។

ខ្ញុំសូមគូសបញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួន៖

ទី១. គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្ដាល និងកម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ការពង្រឹងប្រព័ន្ធដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការការងារ ការកសាងវប្បធម៌ផ្តល់សេវាល្អ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការកែប្រែឥរិយាបទរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈល្អ។ លើសពីនេះ គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់ឱកាស និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការចូលរួមផ្តល់ការបណ្តុះបណ្តាល និងកម្មវិធីចែករំលែកចំណេះដឹងដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមរបស់សាលាភូមិន្ទរដ្ឋបាល។

ទី២. គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដល់ការរៀបចំក្របខ័ណ្ឌសមត្ថភាពមន្ត្រី ក្នុងមុខតំណែងនីមួយៗជាមូលដ្ឋានក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអនុវត្តមុខងារ និងភារកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ គាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសាធារណៈ ឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបណ្តើរៗ។

ទី៣. ក្រសួងមុខងារសាធារណៈ ត្រូវគិតគូរដល់ការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសមត្ថភាពមន្ត្រីក្នុងរដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទីចង្អុលផ្លូវសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តើមចេញពីការពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃការកសាងសមត្ថភាពមន្ត្រីសាធារណៈ ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រព័ន្ធដោយឈរលើគោលការណ៍គុណភាពនៃការបណ្តុះបណ្តាល និងប្រសិទ្ធភាពចំណាយ ការរៀបចំកម្មវិធីសិក្សាប្រកបដោយគុណភាពឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់ជាក់ស្តែង ការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយនឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍអាជីពមន្ត្រី ការរៀបចំក្របខ័ណ្ឌគុណវុឌ្ឍិគ្រូឧទ្ទេស ការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាល ជាដើម។

ទី៤. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តលើកកម្ពស់សមត្ថភាព និងគុណភាពនៃការបណ្តុះបណ្ដាល និងការសិក្សាស្រាវជ្រាវ ក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមការវិវត្តនៃវិស័យសាធារណៈ ពិសេស តាមរយៈការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំរបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការវិវត្តក្នុងតំបន់ និងពិភពលោក។

ទី៥. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តជំរុញថែមទៀតក្នុងការរៀបចំឱ្យមានកម្មវិធី និងវេទិកានានា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធឱ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងនវានុវត្តន៍ ឧត្ដមានុវត្ត និងភាពជាអ្នកដឹកនាំគំរូក្នុងរដ្ឋបាលសាធារណៈ។

ទី៦. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាល ដោយការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា រួមមានការអភិវឌ្ឍថ្នាលបណ្តុះបណ្តាលឌីជីថលសម្រាប់គាំទ្រ និងពង្រីកសមត្ថភាពបណ្តុះបណ្តាល និងការផ្តល់កាលានុវត្តភាពថ្មីបន្ថែមទៀតដល់មន្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព។

ទី៧. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្ដាល ដោយរៀបចំវគ្គបណ្តុះបណ្តាលផ្អែកលើការវាយតម្លៃសេចក្តីត្រូវការច្បាស់លាស់ និងពិតប្រាកដនៃការងារនៅតាមអង្គភាពនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវមានការពិនិត្យ និងវាយតម្លៃឱ្យបានទៀងទាត់អំពីផលនៃការបណ្តុះបណ្តាលលើការអនុវត្តការងារនៅតាមអង្គភាព។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រង មន្រ្តី សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល និងបណ្តាដៃគូអភិវឌ្ឍ ដែលបានប្រឹងប្រែងរួមគ្នា តាមចំណែកនៃមុខងារ និងភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ឈានឆ្ពោះទៅដល់ការសម្រេចបេសកកម្មក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានគុណភាពប្រសើរឡើងសម្រាប់ការ អភិវឌ្ឍវិស័យសាធារណៈទំនើប និងវប្បធម៌នៃការផ្តល់សេវាសាធារណៈល្អនៅកម្ពុជា។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូនពរ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការនៃក្រសួងមុខងារ សាធារណៈ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។សូមអរព្រះគុណ និងសូមអរគុណ!

អត្ថបទទាក់ទង