Grand News Asia Close

វិភាគអន្តរជាតិ៖ អនាគតស្ដេចអារ៉ាប៊ីសាអូឌីត MBS និងសង្រ្គាមហ្កាហ្សា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1399
វិភាគអន្តរជាតិ៖ អនាគតស្ដេចអារ៉ាប៊ីសាអូឌីត MBS និងសង្រ្គាមហ្កាហ្សា វិភាគអន្តរជាតិ៖ អនាគតស្ដេចអារ៉ាប៊ីសាអូឌីត MBS និងសង្រ្គាមហ្កាហ្សា

(រីយ៉ាដ)​​៖ សម្រាប់ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman) សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា បានបង្កើតស្ថានការណ៍មួយដ៏ លំបាក។ តំបន់ហ្កាហ្សា ត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស ជាចលនាតស៊ូអ៉ីស្លាមមួយដែលជាសម្ព័ន្ធមិត្ត និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់ និងក្រុមប្រូកស៊ី (Proxy) របស់អ៉ីរ៉ង់ដែលប្រាថ្នា ចង់ឃើញរបបដឹកនាំអារ៉ាប៊សាអូឌីតសព្វថៃ្ងរបស់សែរាជ្យវង្សសាអ៊ូត (Saud) រលំរលាយ។ ក៏ប៉ុន្តែ ដោយសារតែបុព្វហេតុដើម្បីប៉ាឡេស្ទីន នៅតែមាន​ប្រជាប្រិយភាពខ្លាំង ក្នុងចំណោម ប្រជាជនអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់មហាំម៉ាត់ ប៊ីន សាល់ម៉ាន ឬគេនិយមហៅទ្រង់ថា MBS ត្រូវតែឈរនៅខាងប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានបណ្ដាប្រទេសអារ៉ាប់ និងប្រទេសមាន អ្នកកាន់សាសនាអ៉ីស្លាមភាគច្រើននៅលើលោក មើលឃើញថាជាជនរងគ្រោះនៃការឈ្លានពាន និងអាណានិគមរបស់អ៉ីស្រាអែល។

នៅក្រោមទស្សនៈរបស់ព្រះអង្គម្ចាស់ MBS ទីក្រុងរីយ៉ាដជឿជាក់ថាប្រសិនបើជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេ​ស្ទីនត្រូវបានដោះស្រាយ នោះឥទ្ធិពលរបស់អ៉ីរ៉ង់នឹងថមថយ ដោយស្វ័យប្រវត្តិ ហើយតំបន់មជ្ឈិមបូព៌ានឹងមានភាពស្ងប់ស្ងាត់ ដែលនឹងជួយសម្រួលដល់ការសម្រេចចក្ខុវិស័យ ២០៣០ (Vision 2030) របស់ព្រះអង្គម្ចាស់ MBS ដែលកំពុង អភិវឌ្ឍយ៉ាងសកម្មនូវវិស័យថ្មីជាច្រើនមិនមានជាប់ពាក់ព័ន្ធនឹងប្រេង ដូចជា ទេសចរណ៍ រ៉ែ losgistics បច្ចេកវិទ្យា រោងចក្រ ហិរញ្ញវត្ថុ និងដឹកជញ្ជូនជាដើម។ តែវាមិនមែនជារឿង ងាយស្រួលនោះទេ ក្នុងបរិបទតំបន់មជ្ឈិមបូព៌ាកំពុងក្រឡាប់ចាក់ដោយសារសង្រ្គាមនៅហ្កាហ្សា។

*​ មានសន្តិភាព ទើបមានការអភិវឌ្ឍ
ជាការពិតណាស់ គំនិតផ្ដួចផ្ដើមរបស់ព្រះអង្គម្ចាស់ MBS​ អាចនឹងជួយជំរុញភាពរីកចម្រើនរបស់អារ៉ាប៊ីសាអូឌីត និងប្រជាប្រិយភាពនៃរបបដឹកនាំរបស់ព្រះអង្គ។ ប៉ុន្តែ ការសម្រេច កិច្ចការនេះទៅបាន ដាច់ខាតត្រូវតែសម្រេចបាននូវ «សន្តិភាព» ជាមុនសិន។ មុននឹងទទួលយកគំនិតនេះ ព្រះអង្គម្ចាស់ MBS បានចំណាយពេលជាច្រើនឆ្នាំ ក្នុងការអនុវត្ត គោលនយោបាយការបរទេសផាំងទៅផាំងមក ក្នុងនោះរួមមានទាំងការធ្វើអន្តរាគមន៍យោធាក្នុងប្រទេសយេម៉ែន ការបិទខ្ទប់លើប្រទេសកាតា និងការប្រកាន់ជំហរអរិភាពចំពោះអ៉ីរ៉ង់ ដូចជាប្រៀបធៀបមេដឹកនាំកំពូលអ៉ីរ៉ង់ Ali Khamenei ទៅនឹងហ៊ីត្លែរ។ សកម្មភាពទាំងនេះបានបង្កអស្ថិរភាពដល់អារ៉ាប៊ីសាអូឌីត និងបំផ្លាញគោលដៅរបស់ព្រះអង្គម្ចាស់ MBS ទៅវិញ។ ជាឧទាហរណ៍ នៅខែកញ្ញា ឆ្នាំ២០១៩ ​អ៉ីរ៉ង់បានបាញ់មីស៊ីលគ្រូស និងដ្រូនវាយប្រហារលើកន្លែងផលិតប្រេង Abqaiq និង Khurays របស់អារ៉ាប៊ីសាអូឌីត ដោយបាន កាត់ផ្ដាច់ការផលិតប្រេងអស់រយៈពេលជាច្រើនសប្ដាហ៍។ ក្រោយមកទៀត នៅខែមីនា ឆ្នាំ២០២២ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់បានវាយប្រហារលើឃ្លាំងស្ដុកប្រេងមួយកន្លែង នៅឯ អាកាសយានដ្ឋានក្នុងទីក្រុង Jeddah ប៊ិះនឹងបង្កការអាក់ខានដល់ការរៀបចំការប្រកួតប្រណាំងរថយន្ដ Formula 1 Grand Prix ដែលអារ៉ាប៊ីសាអូឌីត បានប្រឹងប្រែងយ៉ាងលំបាក ទម្រាំនឹងទទួលបានសិទ្ធិរៀបចំ។

ជាលទ្ធផល អារ៉ាប៊ីសាអូឌីតបានប្ដូរគោលជំហរ ៣៦០ដឺក្រេ។ បច្ចុប្បន្ន ការតបតរបស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងដោយប្រុងប្រយ័ត្នជាទីបំផុត រីឯគោលនយោបាយចំពោះសត្រូវរបស់ខ្លួនវិញ គឺងាកទៅរកការផ្សះផ្សា។ ទីក្រុងរីយ៉ាដ បានបិទបញ្ចប់ការបិទខ្ទប់លើប្រទេសកាតានៅខែមករា ឆ្នាំ២០២១ និងបានចាប់ផ្ដើមចរចាស្វែងរកបទឈប់បាញ់ជាបន្តបន្ទាប់ និងការដោះដូរ អ្នកទោសជាមួយក្រុមហ៊ូទី នៅពាក់កណ្ដាលឆ្នាំ២០២២។ នៅខែមីនា ឆ្នាំ២០២៣ អារ៉ាប៊ីសាអូឌីតបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីរ៉ង់ នាំទៅរកការភ្ជាប់ទំនាក់ទំនងការទូតរវាង ប្រទេសទាំង២ឡើងវិញ។ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ អារ៉ាប៊ីសាអូឌីតបានគាំទ្រលើផែនការសន្តិភាពបិទបញ្ចប់សង្រ្គាមក្នុងប្រទេសយេម៉ែន ព្រមទាំងជួបចរចាដោយផ្ទាល់ជាមួយ ក្រុមហ៊ូទីទៀតផង។ ដោយធ្វើបែបនេះ រីយ៉ាដបានទទួលស្គាល់ថាហ៊ូទីជាតួអង្គដ៏សំខាន់មួយក្នុងគោលនយោបាយរបស់យេម៉ែននៅពេលអនាគត។ យ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីត មិនអាចដើរតាមគម្រោងទាំងនេះបានដោយរលូនទេ ប្រឈមមុខនឹងភាពចលាចលក្នុងតំបន់។

ការគំរាមកំហែងពីអ៉ីរ៉ង់ និងក្រុម Proxies របស់អ៉ីរ៉ង់នៅពេលនោះបានកើតឡើងនៅចំពេលសហរដ្ឋអាមេរិកមិនសូវអើពើការពារអារ៉ាប៊ីសាអូឌីតឡើយ។ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបដិសេធធ្វើការឆ្លើយតបទៅនឹងការវាយប្រហារកាលពីឆ្នាំ២០១៩ លើរោងចក្រប្រេងរបស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Armaco។ ការប្រងើយកន្ដើយទាំងនេះឯង បានជំរុញឱ្យព្រះអង្គម្ចាស់ MBS ចាប់ផ្ដើមឈ្វេងយល់ថាអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកគួរតែជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រនឹងគ្នា មិនមែនទុកអារ៉ាប៊ីសាអូឌីត ជាស្ថានីយចាក់សាំង និងទូរ​ ATM នោះទេ។ នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឡើងកាន់អំណាចក្នុងខែមករា ឆ្នាំ២០២១ លោកបាននិយាយដោយបើកចំហថានឹងដាក់ទណ្ឌកម្មលើអារ៉ាប៊ីសាអូឌីត សម្រាប់ការធ្វើអន្តរាគមន៍យោធាក្នុងសង្រ្គាមយេម៉ែន និងបញ្ហាសិទ្ធិមនុស្ស។ មួយខែក្រោយមកទៀត លោក បៃដិនបានបញ្ចេញរបាយការណ៍មួយរបស់ CIA​ ដែលចោទប្រកាន់ថា ព្រះអង្គម្ចាស់ MBS បានបើកភ្លើងបៃតងលើការសម្លាប់អតីតអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេស តួកគី។ ក្នុងខែដដែលនោះដែរ លោក បៃដិន បានដកក្រុមហ៊ូទីចេញពីបញ្ជីខ្មៅភេរវករ ហើយនៅឆ្នាំ២០២២ សភាអាមេរិកបានដាក់ទណ្ឌកម្មលើការលក់ និងផ្ទេរអាវុធឱ្យអារ៉ាប៊ីសាអូឌីត ទាំងដែលរីយ៉ាដបានបង់លុយឱ្យរួចទៅហើយ។ ការសម្រេចចិត្តទាំងអស់នេះបានជំរុញឱ្យព្រះអង្គម្ចាស់ MBS ដាក់ចេញយុទ្ធសាស្ត្រថ្មីមួយនៅក្នុងតំបន់ រួមទាំងការពង្រឹងទំនាក់ទំនង ជាមួយចិន ឥណ្ឌា និងរុស្ស៉ី និងងាកទៅផ្ដោតលើគោលនយោបាយតម្កល់ប្រយោជន៍អារ៉ាប៊ីសាអូឌីតមុនគេ ឬ Saudi First ដែលតាមនោះព្រះអង្គម្ចាស់ពិចារណាលើគ្រប់ជម្រើសទាំងអស់ ដើម្បីការពារអំណាចនៃគ្រួសាររាជ្យវង្សរបស់ព្រះអង្គ។ ការផ្លាស់ប្ដូរទាំងនេះអាចពន្យល់បានថាហេតុអ្វីបានជារីយ៉ាដ មិនចូលរួមក្នុងក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បី ទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទីក្នុងតំបន់សមុទ្រក្រហម។ ក្នុងន័យនេះ អារ៉ាប៊ីសាអូឌីតរំពឹងថាផលប្រយោជន៍សេដ្ឋកិច្ចអាចនឹងមានទម្ងន់ធ្ងន់ជាងមនោគមន៍វិជ្ជា និងបានសាកល្បង កសាងទំនាក់ទំនងហិរញ្ញវត្ថុ និងការវិនិយោគជាមួយអ៉ីរ៉ង់ និងក្រុមហ៊ូទី ដោយសង្ឃឹមថាផលប្រយោជន៍ខាងសេដ្ឋកិច្ច អាចនឹងក្លាយជាខែលការពារអារ៉ាប៊ីសាអូឌីតពីសកម្មភាព ឈ្លានពាន។

* រនាំងពាំងផ្លូវ
អារ៉ាប៊ីសាអូឌីត យល់ថាគ្មានដំណោះស្រាយយោធាណាមួយ អាចនាំទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនបានទេ ហើយក៏គ្មានកម្លាំងអ្វីអាចបណ្ដេញសហរដ្ឋអាមេរិកចេញពីមជ្ឈិមបូព៌ា។ ដូច្នេះអ្វី ដែលរីយ៉ាដសង្ឃឹមគឺចង់ឱ្យសហរដ្ឋអាមេរិកបង្កើនការចូលរួមក្នុងតំបន់។ កតា្តជំរុញនៅពីក្រោយគោលនយោបាយផ្សះផ្សាជាមួយអ៉ីស្រាអែល គឺព្រះអង្គម្ចាស់ MBS ចង់បានសន្ធិសញ្ញាយោធា ជាមួយសហរដ្ឋអាមេរិក។ ជាថ្នូរនឹងការបើកស្ថានទូតក្នុងទឹកដីអ៉ីស្រាអែល អារ៉ាប៊ីសាអូឌីតចង់បានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយទីក្រុងវ៉ាស៊ីនតោន ដែលនឹងការពារ អារ៉ាប៊ីសាអូឌីតពីការវាយប្រហារ ឬការឈ្លានពានពីកម្លាំងខាងក្រៅ និងបើកផ្លូវឱ្យអារ៉ាប៊ីសាអូឌីតដំណើរការកម្មវិធីនុយក្លេអ៊ែរស៊ីវិល។ និយាយជារួម អារ៉ាប៊ីសាអូឌីតចង់ក្លាយជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងកូរ៉េខាងត្បូង ឬជប៉ុនដែរ។

ក៏ប៉ុន្តែ លទ្ធភាពនៃការផ្សះផ្សាគ្នារវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល គឺកំពុងស្ថិតនៅលើផ្លូវវែងឆ្ងាយនៅឡើយ ដោយសារតែសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅហ្កាហ្សា។ បុព្វហេតុដើម្បីប៉ាឡេស្ទីន ដែលត្រូវបានគេទុកចោលក្រោយបដិវត្តន៍អារ៉ាប់ឆ្នាំ២០១១ បានក្លាយជាចំណុចស្នូលសាជាថ្មីនៅក្នុងនយោបាយរបស់មជ្ឈិមបូព៌ា ដោយសារតែការវាយប្រហាររបស់ក្រុមហាម៉ាសលើ អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ តាមពិតទៅ អារ៉ាប៊ីសាអូឌីត ក៏មិនសូវជាចូលចិត្តថ្នាក់នាំប៉ាឡេស្ទីន ជាពិសេសគឺក្រុមហាម៉ាសតែម្ដង តែជាកាតព្វកិច្ច អារ៉ាប៊ីសាអូឌីតដាច់ខាត ត្រូវតែថ្កោលទោសអ៉ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ផ្សេងទៀតបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសកម្មភាពរបស់អ៉ីស្រាអែល ដោយចាត់ទុកថាជា ឧក្រិដ្ឋកម្មសង្រ្គាម។ សេចក្ដីថ្លែងការណ៍ទាំងនោះក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ផងដែរ។ មិនតែប៉ុណ្ណោះ កាលពីចុងខែមករាកន្លងទៅ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានយល់ស្របចំពោះពាក្យបណ្ដឹងចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដែលថាអ៉ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូសាសជន៍ប្រឆាំងជនជាតិ ប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។

តែទោះជាបែបនេះក្ដី សេចក្ដីថ្លែងការណ៍របស់អារ៉ាប៊ីសាអូឌីត មានលក្ខណៈធូរស្រាល បើធៀបទៅនឹងសេចក្ដីថ្លែងការណ៍ថ្កោលទោសរបស់បណ្ដាប្រទេសដទៃក្នុងតំបន់ ដ្បិតរីយ៉ាដនៅតែ រំពឹងចង់ទុកផ្លូវក្រោយសម្រាប់កិច្ចចរចាភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល។ អារ៉ាប៊ីសាអូឌីតត្រូវបានក្រុមអ្នកវិភាគមើលឃើញថានឹងមិនភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល ក្នុងពេលដែល អ៉ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើជនស៊ីវិលហ្កាហ្សា ឬសង្រ្គាមហ្កាហ្សានៅតែបន្តនោះទេ។ ម្យ៉ាង អារ៉ាប៊ីសាអូឌីតក៏មិនអាចភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល ដោយមិនមានសម្បទាន ពិតប្រាកដពីអ៉ីស្រាអែល ដែលនឹងនាំទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនបាននោះដែរ។ ពីព្រោះថាបើមិនធ្វើបែបនេះទេ នោះព្រះអង្គម្ចាស់ MBS ជាពិសេសអារ៉ាប៊ីសាអូឌីត នឹងត្រូវគេចោទ ប្រកាន់ថាជាជនក្បត់ដែលមិនស័ក្តិសមធ្វើជាមេដឹកនាំអ៉ីស្លាម និងអ្នកការពារដែនដីដ៏ពិសិដ្ឋរបស់សាសនាអ៉ីស្លាមនោះទេ។

និយាយមួយបែបទៀត ការធ្វើឱ្យអារ៉ាប៊ីសាអូឌីតត្រឡប់ទៅគាំទ្រយ៉ាងខ្លាំងក្លាដល់បុព្វហេតុដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីន ក្រុមហាម៉ាសធានាបាននូវជ័យជម្នះមួយសម្រាប់ប្រជាជនប៉ាឡេស្ទីន បើទោះមិនមែនសម្រាប់ខ្លួនឯងក៏ដោយ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង