Grand News Asia Close

ប្រមុខការពារជាតិកម្ពុជា និងអាមេរិក ប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងវិញ បន្ទាប់ពីមានការថមថយ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 231
ប្រមុខការពារជាតិកម្ពុជា និងអាមេរិក ប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងវិញ បន្ទាប់ពីមានការថមថយ ប្រមុខការពារជាតិកម្ពុជា និងអាមេរិក ប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងវិញ បន្ទាប់ពីមានការថមថយ

 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងអាមេរិក បានប្រកាសរួមគ្មាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នាឡើងវិញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ប្រតិបត្តិការរក្សាសន្តិភាព និងតាមរយៈការបញ្ជូនសិក្ខាកាមកម្ពុជាឲ្យទៅសិក្សាជំនាញជើងគោក ទឹក និងអាកាសនៅអាមេរិកជាដើម បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរមានការថមថយនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក ឡយ អូស្ទីនរដ្ឋមន្រ្តី ការពារជាតិអាមេរិក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ «គឺជាឱកាសមួយសម្រាប់ពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេ ភាគីកងទ័ពទាំងពីរ(កម្ពុជា-អាមេរិក) ឲ្យកាន់តែប្រសើរឡើង ដែលនាំមកនូវឧត្តមប្រយោជន៍ជូនកងទ័ព និងប្រជាជនសម្រាប់អនាគត»។

បើតាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក ឡយ អូស្ទីន បានបង្ហាញពីជំហរបន្តគាំទ្រកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក ដែលបានថមថយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឈរលើស្មារតីបង្កើនជំនឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់សន្តិភាព សន្តិ សុខ វិបុលភាព និងការអភិវឌ្ឍជាដើម។

នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានប្រាប់ទៅ កាន់លោករដ្ឋមន្រ្តីការពារជាតិអាមេរិកថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការធ្វើទំនើបកម្មវិស័យការពារជាតិ ជាការងារអាទិភាព ដោយក្នុងន័យ នេះនាយឧត្តមសេនីយ៍ បានសំណូមពរដល់ភាគីអាមេរិក បន្តពង្រឹងលើកកម្ពស់ក្រុមកិច្ចសន្ទនាគោល នយោបាយការពារជាតិ,ក្រុមពិភាក្សាទ្វេភាគីការពារជាតិ និងក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោ ធាកម្ពុជា និងអាមេរិក ដោយផ្តោតលើកិច្ចសន្ទនាគោលនយោបាយ និងពិគ្រោះយោបល់ ការកសាងសមត្ថ ភាពយោធិន,ប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការជំនាញកងទ័ពជើងគោក ទឹក និងអាកាសប្រទេសទាំងពីរ(កម្ពុជា-អាមេរិក)។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា ប្រមុខកងទ័ពទាំងពីរ(កម្ពុជា និងអាមេរិក)បានបង្ហាញជំហររួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហ ប្រតិបត្តិការទ្វេភាគីឡើងវិញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ប្រតិបត្តិការរក្សាសន្តិភាព លើកកម្ពស់ការ ចូលរួមកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ជួយហ្វឹកហ្វឺនកងរក្សាសន្តិភាព,ការបោសសម្អាតមីននិងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ការបញ្ជូនសិក្ខាកាមទៅសិក្សាជំនាញកងទ័ពជើងគោក ទឹក និងអាកាសនៅសាលា West Point សហរដ្ឋអាមេរិក និងការបណ្តុះបណ្តាលវគ្គជំនាញបច្ចេកទេសជាដើម៕អត្ថបទ៖ បាន ចក់