Grand News Asia Close

គ.ជ.ប ពន្យល់ពីលិខិតដែលអាចប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 175
គ.ជ.ប ពន្យល់ពីលិខិតដែលអាចប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោត គ.ជ.ប ពន្យល់ពីលិខិតដែលអាចប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោត

ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃគឺជាលិខិតដែលមានបញ្ជាក់ពីភាពត្រឹមត្រូវដោយអាជ្ញាធរ ក្រុង ស្រុក ខណ្ឌ មិនមែនគ្រាន់តែថតកូពីផ្ដល់នោះទេ។ ការលើកឡើងនេះគឺឆ្លើយតបទៅនឹងមន្ត្រីនៃអង្គការបោះឆ្នោតខុមហ្វ្រែលម្នាក់ ក៏ដូចជាសាធារណមតិផងដែរ។

ក្នុងសេចក្ដីបំភ្លឺទាំងថ្ងៃអាទិត្យទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានលើកឡើងថាការថ្លែងរបស់មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលលោក កង សាវាង្ស ដែលបានលើកឡើងថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ» ជាមួយនឹងសារវិទ្យុបារាំងអន្តរជាតិផ្សាយជាភាសាខ្មែរបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រលំ និងមិនឆ្លុះបញ្ចាំងពីស្មារតីនៃការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា គ.ជ.ប ធ្វើការងារតាមតែផ្លូវច្បាប់ប៉ុណ្ណោះដោយក្នុងនោះច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការគណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប យ៉ាងយូរ៧០ថ្ងៃមុនការបោះឆ្នោតដោយភ្ជាប់មកជាមួយឯកសារចំនួន ១០ប្រភេទ ដែលក្នុងនោះក៏មានសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់។

ក្នុងច្បាប់ក៏បញ្ជាក់ដែរថា៖ «អង្គការភាពច្រកចេញចូលតែមួយនៃរដ្ឋបលារាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើនីត្យានុកូលលើប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា»។

គ.ជ.ប បានបញ្ជាក់ការសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់ដោយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌនេះហើយទើបមានសមត្ថិកិច្ចផ្លូវច្បាប់ ដែលខ្លួនអាចទទួលយកបាន មិនមែនជាលិខិតដែលថតចម្លងកូពីយកមកដាក់នោះទេ។

គ.ជ.ប ៖ «ជាថ្មីម្ដងទៀតសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃដែល គ.ជ.ប ត្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូល មិនមែនគ្រាន់តែថតចម្លង (កូពី) ជាការស្រេចនោះទេ»។

គ.ជ.ប បានអះអាងថាខ្លួនអនុវត្តស្ដង់ដាតែមួយ តាំងពីការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយឯករាជ្យ សេរី ត្រឹមត្រូវ និងស្មើភាព៕

អត្ថបទទាក់ទង