Grand News Asia Close

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិតក្រីក្រ កសាងមូលធនមនុស្ស ដើម្បី​អភិវឌ្ឍន៍ជាតិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1285
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិតក្រីក្រ កសាងមូលធនមនុស្ស ដើម្បី​អភិវឌ្ឍន៍ជាតិ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិតក្រីក្រ កសាងមូលធនមនុស្ស ដើម្បី​អភិវឌ្ឍន៍ជាតិ

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញ​ជា​អធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី របស់គណៈ​កម្មាធិការ​អាហា​រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​មួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ-សមាគម ក្រុមហ៊ុន ធានាគារ ក៏ដូចជា​សប្បុ​រស​ជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់​ឆ្នាំ​ជូនដល់ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតី​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវបណ្ឌិតផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រ ឱ្យទទួល​បាន​ការ​អប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត។

ថ្លែងនៅក្នុងពិធីនោះលោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការ​អាហា​រូបករណ៍​សិស្ស-និសិ្សតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ដាក់​ចេញយុទ្ធសាស្ដ្របញ្ចកោណដំណាក់​កាលទី១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដល់​អាទិ​ភាព​ខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ លោកជំទាវបណ្ឌិតបន្តថា មូលធនមនុស្ស​ដែលមាន​គុណភាព និងសុខភាពល្អ គឺជាទ្រព្យ​សកម្ម​ជាតិ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើក​កម្ពស់​តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅ​ធា​នា​នូវចីរភាពនៃកំណើនសេដ្ឋកិច្ច​រយៈពេល​វែង និងជវភាព នៃការអភិវឌ្ឍសង្គម-​សេដ្ឋ​កិច្ច​ប្រកបដោយបរិយាបន្ន និងភាពធន់។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍របស់​រាជរដ្ឋាភិបាល​ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជា​មួយរាជ​រដ្ឋា​ភិបាលកម្ពុជា ក្នុងការ​ផ្តល់​​ឱកាសអាហារូបករណ៍ដល់សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធ​ភាព​បន្តការ​សិក្សា​ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្ត​យុទ្ធ​សាស្រ្តនានា​របស់​រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ ការចូលរួមរបស់គ្រឹះស្ថានសិក្សា ក៏ដូចជាអង្គការ-សមាគម ក្រុមហ៊ុន ធនាគារ និងសប្បុរសជនទាំងអស់ ពិតជាបានជួយពង្រីកនូវវិសាលភាព និង​លទ្ធភាពនៃការផ្តល់អាហារូបករណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត សំដៅរួម​ចំណែក​ក្នុងការកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។

លោកជំទាវបណ្ឌិត បានអរគុណភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយក​អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធាន ក្នុងការចូលរួមចំណែក និងបំពេញ​តួនាទី​ប្រកបដោយភាពប៉ិនប្រសប់ សស្រាក់សស្រះ និងភាពបុរេសកម្ម ដើម្បីបុព្វ​ហេតុ​ដ៏ថ្លៃថ្លា​ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ឱកាសសិក្សាជាច្រើនកន្លែងដល់សិស្ស និងនិស្សិត មកពីគ្រួសារក្រីក្រ ឱ្យទទួលបានការអប់រំ និងបញ្ចប់ការសិក្សាកម្រិតខ្ពស់។ សិស្ស និស្សិតខ្លះមិនត្រឹមទទួលបានអាហារូបករណ៍សិក្សាក្នុងប្រទេសប៉ុណ្ណោះទេ តែក៏ទទួលបានអាហារូបករណ៍សម្រាប់សិក្សានៅក្រៅប្រទេសថែមទៀតផង។

តាមរយៈចំណេះដឹងទទួលបានពីការអប់រំទាំងនេះ បានផ្តល់ទុនដ៏ធំសម្រាប់ពួកគេយកទៅកសាងជីវិតឱ្យប្រសើរ ហើយអ្នកខ្លះទៀត ក៏បានប្រឡងចូលបំពេញការងារក្នុងក្របខណ្ឌរាជការបម្រើជាតិមាតុភូមិពោរពេញដោយសក្តានុពលថែមទៀតផង៕