Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីបើកសន្និសីទលើកទី១ ក្រោមប្រធានបទ “អនាគតកម្ពុជា ដោយគ្មាន អំពើប្រល័យ ពូជសាសន៍”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 709

CMF:

លោកជំទាវ Alice Wairimu Nderitu, អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេស
របស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍;
លោកជំទាវ Dr. Beth Van Schaack, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទទួលបន្ទុក​​យុត្តិធម៌ឧក្រិដ្ឋកម្មសកល;
ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខ្ញុំពិតជា​មានសេចក្តីសោមនស្សជាអនេក​ ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការ​ការពារ និង ការ​ឆ្លើយតប តាមរយៈការអប់រំ និង ការថែទាំសុខភាព” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរ´ភូមិន្ទ និង មជ្ឈមណ្ឌលឯកសារកម្ពុជា។​ ជាបឋម ខ្ញុំសូមអរគុណចំពោះគំនិត​ផ្តួចផ្តើមដ៏ថ្លៃថ្លា​នេះ ដើម្បីលើកកម្ពស់ការអប់រំអំពីអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ ដែលជាអតីតបន្ទប់សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ វត្តមានរបស់យើងនៅថ្ងៃនេះ គឺជាការបង្ហាញពីការទទួលស្គាល់នូវការរួមចំណែកដ៏សំខាន់របស់​ អ.វ.ត.ក. ដែល​បានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និង អ្នករស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍។ សាលាក្តី​កូនកាត់មួយនេះ បានឆ្លុះបញ្ចាំងពីភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា​ ក្នុងការ-ប្រឈមមុខនឹងអតីតកាលដ៏សែន​លំបាក ដោយមានការគាំទ្រ​ពីប្រទេសជា​មិត្ត ក្នុង​ក្របខណ្ឌនៃអង្គការសហប្រជាជាតិ។ យើង​ខ្ញុំសូម​យក​ឱកាស​នេះ ​ថ្លែងអំណរគុណ​ចំពោះការគាំទ្រ, ទាំងបច្ចេកទេស និង ​ហិរញ្ញវត្ថុ, ពីដៃគូនានា ដើម្បីភាព​ជោគជ័យ​របស់ អ.វ.ត.ក. ។

នេះមិនមែនជារឿងចៃដន្យទេ ដែលព្រឹត្តិការណ៍នេះ ត្រូវបាន​ប្រារព្ធឡើងក្នុងទិវាជាតិ នៃការចងចាំ នាថ្ងៃទី ២០ ខែ ឧសភា ព្រោះនេះជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូលរំលឹកឡើងវិញអំពីអំពើប្រល័យជាតិ​សាសន៍ឯង ដែលធ្វើឡើងដោយរបបខ្មែរក្រហម ។​ ខ្ញុំសូមបួងសួងរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះកម្ពុជាទាំងអស់ ព្រមទាំងវិញ្ញាណក្ខន្ធវីរជនខ្មែរ និង យោធិនស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ដើម្បីរំដោះប្រទេស និង ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង ។​

ការរំលឹកឡើងវិញ​អំពី អំពើប្រល័យពូជសាសន៍ គឺជាចំណោទដ៏ឈឺចាប់មួយសម្រាប់កម្ពុជា ។ យ៉ាង​ណា​ក៏ដោយ ការឈឺចាប់​នេះ បាន​ដាក់​បន្ទុកឱ្យយើងមាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ការពារ​សង្គម និង​ មនុស្ស​ជំនាន់​ក្រោយ​ ពី​អំពើ​ប្រល័យពូជសាសន៍ ដើម្បី​កុំ​ឱ្យ​សង្គម​ប្រឈម​នឹង​ការ​ឈឺចាប់ ​ដែល​មិន​អាច​ពិពណ៌នា​បាន​នេះ សាជាថ្មី​​ម្តង​ទៀត ។ នេះ ក៏ជាកាតព្វកិច្ចរបស់យើងទាំងអស់ដែរ ក្នុងការធានាថា អំពើឃោរឃៅអមនុស្សធម៌បែបនេះ នឹងមិនកើតឡើងម្តងទៀត នៅក្នុងប្រទេសដទៃ ។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកការពិចារណាខ្លះ អំពីគោលការណ៍ និង វិធីសាស្រ្តរបស់កម្ពុជា ក្នុងកិច្ច​ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើង ដើម្បីកសាងអនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍ ។

ទី​មួយ អំពីភាពចាំបាច់​ដែល​​កម្ពុជា​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ ត្រូវ​មានការឯកភាពគ្នាលើ​ប្រវត្តិសាស្ត្រ​។​ អនាគតរបស់ប្រទេសមួយ គឺពឹងផ្អែកទៅលើឆន្ទៈរបស់​ប្រទេសនោះ ក្នុងការប្រឈមមុខ​ជាមួយនឹងអតីតកាល។ ប៉ុន្តែ ដើម្បីធ្វើ​បែបនេះបានលុះត្រាតែ​ប្រជាជាតិនោះ មានការឯកភាពលើការបកស្រាយអំពីអតីតកាល និងព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រសំខាន់ៗ ដែលទាក់ទង​នឹង​សង្គ្រាម និង សន្តិភាពរបស់ប្រទេស​។ សម្រាប់កម្ពុជាប្រវត្តិសាស្ត្រទាក់ទងនឹងថ្ងៃរំដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩​​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញលេញទាំងសុ្រង តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» នាថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ត្រូវតែមានការបកស្រាយតែមួយ និង មានភាព​រឹងមាំ ដើម្បីចៀសវាងការប្រឌិត​រឿងរ៉ាវផ្សេងៗ ដើម្បីកេងចំណេញនយោបាយ ដោយបំពាន ​លើ​យុត្តិធម៌របស់​ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ក៏ដូចជា លើកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ ។

ដើម្បីរៀបរាប់ឡើងវិញ អំពី​ប្រវត្តិនៃ​អំពើប្រល័យពូជសាសន៍នៅកម្ពុជា​​​​​យើងត្រូវតែទទួល ស្គាល់នូវអំពើឃោរឃៅដែលរបបខ្មែរក្រហមបានប្រព្រឹត្ត ។ យើងពិតជាមិនអាច​មានទឡ្ហីករណ៍ ណាមួយ ដើម្បី​ការពារ​​ពួកគេ ពី​ឧក្រិដ្ឋកម្មដ៏ឃោរឃៅ​ប្រឆាំងនឹងមនុស្សជាតិបែប​នេះបានឡើយ​។ ​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺ​ជាថ្ងៃរំដោះ ឬ “ថ្ងៃកំណើតទីពីរ” របស់​អ្នករស់រានមានជីវិតនៅ​កម្ពុជារាប់លាននាក់ ហើយជាមួយនឹង​វិសាលភាព​នៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបែបនេះ​ យើងពិតជា​​មិន​អាច​អធិប្បាយអំពី «ថ្ងៃ ៧ មករា» ផ្សេងពីនេះបានឡើយ​ ។ ដូចគ្នាដែរ ដើម្បីនិយាយអំពីដំណើរការសន្តិភាពរបស់​កម្ពុជា យើងត្រូវមានការយល់រួមគ្នា និង ការកំណត់ឱ្យបានច្បាស់លាស់ រវាងសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស និង សមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» ។

ជាការពិត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងពីរនេះ បានជួយ​ពង្រឹងគ្នាទៅវិញទៅមក; ប៉ុន្តែ​​របត់​ប្រវត្តិសាស្ត្រ​​សំខាន់បំផុត​នៃសន្តិភាពរបស់​កម្ពុជា គឺ​កើតចេញពីលទ្ធផលដ៏ត្រចះត្រចង់នៃ «នយោបាយឈ្នះ-ឈ្នះ» នៅ​​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ១៩៩៨ នៅ​ពេល​ដែល​អង្គការ​ចាត់តាំង​នយោបាយនិងរចនាសម្ព័ន្ធកម្លាំងប្រដាប់​អាវុធ​របស់​​ខ្មែរ​ក្រហមត្រូវ​បានរំលាយ​​ទាំង​ស្រុង ហើយកម្លាំងទាំងអស់របស់ខ្មែរក្រហម ត្រូវបាន​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​កម្ពុជា។ នេះគឺជាសច្ចភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​ដែល​បាន​បិទ​បញ្ចប់​សង្រ្គាមស៊ីវិល និងការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបាន​អូសបន្លាយ​អស់រយៈកាល​បីទសវត្សរ៍។ ទាល់តែក្រោយ​ការ​អនុវត្តដោយជោគ ជ័យនៃ «​នយោបាយឈ្នះ-ឈ្នះ» ទើបកម្ពុជាចាប់ផ្តើមទទួលបាននូវសន្តិភាពពេញលេញ និង យូរអង្វែង រួមទាំងការឯកភាពជាតិ និង ការឯកភាពក្នុងជួរកងទ័ព ព្រមទាំងទទួលបាននូវការគ្រប់គ្រងពេញលេញ លើបូរណភាពទឹកដីរបស់ខ្លួន នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និង ក្រោមម្លប់ព្រះមហាក្សត្រតែមួយអង្គ។ នេះ​គឺជា​អច្ឆរិយហេតុសង្គមដ៏វិសេសវិសាល​​មួយ ​ដែល​កម្ពុជា​ពុំ​​ធ្លាប់ជួប​ប្រទះ​ ​ក្នុង​រយៈពេល ៥០០ ឆ្នាំ​ចុងក្រោយ ​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

រៀនពីប្រវត្ដិសាស្ដ្រដើម្បីចៀសវាងការចូលដានប្រវត្ដិសាស្ដ្រដែលនាំកើតសង្រ្គាមអន្ដរាយដល់ប្រទេសជាតិ

កិច្ចការនេះសំខាន់។ នៅពេលនេះ យើងអាចមានសាក្សីដែលនៅរស់ មានអ្នកមីង លោកអ៊ំ ពូ ដែលជាអ្នកដែលរងគ្រោះផ្ទាល់នៅទីនេះ។ អ្នកដែលកើតមុន និងឆ្លងកាត់សង្គ្រាម ជាសាក្សីផ្ទាល់ដែលអាចដឹងផ្ទាល់ពីតថភាព និងការវិវត្ដនៃសង្គមរបស់យើង។ ប៉ុន្ដែក្នុង ២០ ឬ៣០ ឆ្នាំទៅមុខទៀត (យើងនឹង)មិនមាន(អ្នកទាំងនេះ)ទេ គឺមានតែការរៀនសូត្រពីឯកសារ។ ដូច្នេះ ​ចាំបាច់ត្រូវឲ្យមានការឯកភាពគ្នាលើឯកសារ និងការបកស្រាយឲ្យបានច្បាស់លាស់ ដើម្បីខ្មែរយើង​បានយល់ច្បាស់ ចាំច្បាស់ និងគ្មានភាពស្រពិចស្រពិលពីប្រវត្ដិសាស្ដ្រដ៏ជូរចត់មួយនេះ។​ ប្រសិនបើមិនមានការឯកភាពក្នុងជាតិ ហើយគ្រាន់តែប្រវត្ដិសាស្ដ្រនេះ យើងមានការច្រលូកច្រលំ ក្មេងជំនាន់ក្រោយអាចនឹងមិនដឹងច្បាស់។ ការចាំប្រវត្ដិសាស្ដ្រពិតប្រាកដ មិនមែនចាំនូវអំពើអាក្រក់និងភាពខ្មៅងងឹតនៃប្រវត្ដិសាស្ដ្រ(តែម្យ៉ាង)នោះទេ ប៉ុន្ដែយើងត្រូវចាំនិងដឹងពីអ្វីដែលត្រូវចៀសវាងដើម្បី(កុំ)នាំប្រទេសរបស់យើង(អោយ)ធ្លាក់ចូលក្នុងសង្គ្រាម។ កង់ប្រវត្ដិសាស្ដ្រ​វាវិវដ្ដមកដល់អ្វីដែលកើតមានបច្ចុប្បន្ន មកដល់បញ្ហានៃជំលោះនយោបាយ​ភូមិសាស្ដ្រ ដែលក៏ធ្លាប់កើតមាននៅទសវត្សរ៍ទ៧០ ដែលកម្ពុជាពេលនោះត្រូវ(ធ្លាក់)ចូលក្នុងកង់នេះ ហើយ(ក៏)ជាប់តែម្ដង។ អញ្ចឹង ការចាំឲ្យបានច្បាស់អំពីប្រវត្ដិសាស្ដ្ររបស់យើង (គឺការប្រុងប្រយ័ត្ន)ចៀសវាង(ការធ្លាក់ចូលក្នុងដានប្រវត្ដិសាស្ដ្រសង្គ្រាម)។

[បញ្ចប់សេចក្ដីអធិប្បាយ]

ទីពីរ​​​​ ការស្វែងរកយុត្តិធម៌ដែលមាន​ការទទួលស្គាល់ជាអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួមនៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់​និន្នាការនយោបាយ។ ខ្ញុំយល់ថា នេះ គឺ​​ជាមូល​ហេតុ​ដ៏ចម្បងបំផុត ដែលបានធ្វើឱ្យ សម្តេចតេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា, ​​​គាំទ្រ​ការបង្កើត អ.វ.ត.ក ដោយច្បាប់របស់កម្ពុជា កាលពីឆ្នាំ ២០០១ ។ ជាការពិត តុលាការ​នៃ​អតីត​សាធារណរដ្ឋ​ ប្រជាមានិត​កម្ពុជា​ បាន​កាត់ទោស​មេដឹកនាំ​របប​នេះ​រួច​ហើយ ​កាលពី​ឆ្នាំ ១៩៧៩ ។ យ៉ាងណាក្តី​, ថ្នាក់ដឹកនាំ និង សង្គមកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់ អ.វ.ត.ក. នឹងចូលរួមជួយ​ពង្រឹងមូលដ្ឋាន​នៃ​ការពិត និង ជួយផ្តល់​យុត្តិធម៌បន្ថែមទៀត សម្រាប់ប្រជា​ជាតិកម្ពុជា ព្រមទាំងនឹងចូលរួមជួយព្យាបាល​ស្នាម​របួស​របស់អ្នកនៅរស់រានមានជីវិត និង ជួយ​ពង្រឹង ការកសាងសន្តិភាព និង ការបង្រួបបង្រួមជាតិ ។ តាមរយៈ អ.វ.ត.ក. កម្ពុជាបានបង្ហាញពី​ ការ​ប្រកាន់ខ្ជាប់នូវគោលការណ៍ «ការទទួលខុសត្រូវដើម្បីការពារ» (Responsibility To Protect) ហើយ​ការណ៍ដែល​ អ.វ.ត.ក. មានលក្ខណៈ​ជាសាលាក្តីកូនកាត់ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បាន​អនុញ្ញាតឱ្យ អ.វ.ត.ក. នាំយកមេរៀនសំខាន់ៗទាំងនេះ ផ្តល់ទៅ​សហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកនឹងលែងជួបប្រទះ​នូវ​សោកនាដកម្ម ពី​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង ការបោសសម្អាតជាតិសាសន៍ ទៀតហើយ​។

ទីបី​ ឈរលើមូលដ្ឋាន​នៃ​យុត្តិធម៌សង្គមទាំងមូលត្រូវតែបន្ត​ក្រើន​រំលឹកជានិច្ច អំពីឫសគល់នៃសោកនាដ​កម្ម​ពីអតីតកាល ដើម្បីអនុញ្ញាតឱ្យ​បទពិសោធន៍ដ៏​លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារកម្ពុជា ​បាន​​​កាន់​តែប្រសើរឡើង នាអនាគត។ ត្រង់ចំណុច​នេះ ខ្ញុំចង់​សង្កត់ធ្ងន់លើ ការរួមបញ្ចូលគ្នា នៃកត្តាផ្សំ​ផ្សេងៗ​ដ៏​ស្មុគ្រ​ស្មាញ ដែលនាំឱ្យកម្ពុជា ធ្លាក់ចូលក្នុងរបប​ប្រល័យពូជសាសន៍ និង សង្គ្រាមស៊ីវិល អស់រយៈពេលបីទសវត្សរ៍។ នៅ​ពេលដែលកម្ពុជាបាត់បង់ឯកភាពផ្ទៃក្នុង រវាងក្រុមនយោបាយផ្សេងៗគ្នា និង មិនមានឯកភាពក្នុងជួរកងទ័ពជាតិ កម្ពុជាអាចទទួលរងការជ្រៀតជ្រែកពីបរទេស ហើយទីបំផុតកម្ពុជា អាចបាត់បង់នូវ ភាពជាម្ចាស់ និង ម្ចាស់ការ​ ក្នុង​ការគ្រប់គ្រងលើជោគវាសនាជាតិរបស់ខ្លួន។ ភាពឈឺចាប់​របស់ប្រជាជនកម្ពុជា ដោយ សារ​ការលូកដៃ​​ពី​អំ​ណាចបរទេស គួបផ្សំនឹងអយុត្តិធម៌ សង្គមផ្ទៃក្នុងប្រទេស ដែលស្តែង​ឡើង​តាម​រយៈ​ «គម្លាត មាន​-ក្រ»​ បានបង្កឱ្យមានភាពតានតឹង សង្គម និង ការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យ​កើតមានឡើងនូវ​មនោគមវិជ្ជាជ្រុលនិយមនៃរបប ប៉ុល ពត​។​

សង្គមរបស់យើងត្រូវតែក្រើន​រំលឹកជាដរាបអំពីមេរៀនទាំងនេះ ដើម្បីធានាថា យើង​នឹងមិនដើរលើផ្លូវដដែលនោះទេ ហើយលើសពីនេះ យើងត្រូវ​តែ​កែសម្រួល​​ ឬ សម្របស្ថានភាពសង្គមរបស់យើង, នៅពេលណាដែល​​​ចាំបាច់ ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឫស។ យើងមិនអាចអនុញ្ញាតឱ្យសមាស​ធាតុណាមួយនៃសង្គម បណ្តុះពន្លក​នៃ​វប្បធម៌នយោបាយជ្រុលនិយមម្តងទៀតបានឡើយ តាមរយៈការជំរុញ​ការតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ ការផ្លាស់ប្តូររបបដោយ​ផ្ទុយនឹងគោលការណ៍​ប្រជាធិបតេយ្យ និង ការរើសអើងពូជសាសន៍ ។ កំហុសអតីតកាល បានប្រាប់​យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និង ជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង​ ក៏ដូចជាការអភិវឌ្ឍជាតិ។

ទីបួន​យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ នៅកម្រិត​ជាតិ យើងបាន​រៀបចំ​ព្រឹត្តិការណ៍ ជាច្រើន ​ជារៀងរាល់ឆ្នាំ ដើម្បីបង្កើត​ជាចលនាជាតិ នៅក្នុងការរំលឹកអំពីអំពើប្រល័យពូជសាសន៍។ យើងត្រូវធានាឱ្យបាន​នូវការការពារ​ថែ​រក្សានូវទិដ្ឋភាពរូបវន្ត និងអរូបី នៃប្រវត្តិសាស្ត្រ រួមមាន ការរក្សាទីតាំងឧក្រិដ្ឋកម្មនិងភស្តុតាង ក៏​ដូចជាការនិទាន​ប្រវត្តិសាស្ត្រដោយ​ផ្ទាល់មាត់។ ទន្ទឹមនឹង​ការ​ថែរក្សា​ទីតាំងប្រវត្តិសាស្ត្រ ភស្តុតាង និង បណ្ណសារ ឱ្យ​បាន​ត្រឹមត្រូវ, យើងក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ជ្រាប​ពី​ការពិតដ៏សែន​លំបាកទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ដែលអាចមានគម្លាតនៃការយល់ដឹង​ផ្សេងគ្នា​​ បើប្រៀបធៀបជាមួយនឹង​អ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍។​​ ​យើង​ត្រូវបន្តនិយាយរឿងទាំង​នេះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត, ទោះបីជាការនិយាយរឿងទាំងនេះ បង្ក​ឱ្យ​មានការ​ឈឺចាប់ក៏ដោយ។ នេះគឺ​ជាវិធីដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បាន​ឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពីបទពិសោធន៍របស់ពួកគេបានល្អបំផុត។ ក្រោយពីបញ្ចប់​ដំណើរការកាត់ក្តី​, អ.វ.ត.ក. ត្រូវបន្តអនុវត្តមុខងារដែលនៅសេសសល់ (Residual Functions) ជាពិសេស ពាក់ព័ន្ធនឹងការអប់រំពីអំពើប្រល័យពូជសាសន៍។ ជាមួយនឹងបទពិសោធន៍ជាក់ស្តែងនៅក្នុងបន្ទប់សវនាការ និង បណ្ណសារយ៉ាងទូលំទូលាយ អ.វ.ត.ក. គឺជាតួអង្គអនុវត្ត​ដ៏ល្អបំផុត ក្នុង​ការអប់រំអំពីអំពើប្រល័យពូជសាសន៍។ បន្ថែមលើនេះ, អ.វ.ត.ក. ក៏អាច​ពន្យល់ដល់ពិភពលោក អំពីវិធីសាស្ត្រ​ត្រឹមត្រូវ ដែលប្រជាជនកម្ពុជាអាចប្រឈមមុខ​ដោយផ្ទាល់ និង ផ្សះផ្សាជាមួយ​នឹង​អតីតកាលដ៏សោកសៅនេះ​ តាមរយៈដំណើរការកាត់ក្តីដោយមិនលម្អៀង និង ភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា។

ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និង ស៊ីវិល ត្រូវតែគាំទ្រការងារអប់រំពី​អំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់​សាលារដ្ឋ និង ឯកជន ចាប់ពី អនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់​របស់យើង អាចចូលរួមជា​កម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះ​ទេ។ យើងក៏​អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សា​ពី​ភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ​ និង ជំនាន់ផ្សេងគ្នារួមមាន តាមរយៈសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម។

យើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជារបស់​កាតព្វកិច្ច​របស់យើងទាំងអស់គ្នា មិនមែនតែរាជ​រដ្ឋាភិបាលម្នាក់​ឯងនោះទេ។ សន្និសីទថ្ងៃនេះ គឺជាគំរូដ៏ប្រសើរ នៃកិច្ចសហប្រតិបត្តិការល្អ និង សាមគ្គីភាព រវាងតួអង្គពាក់ព័ន្ធផ្សេងៗ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលបានជួយរាជ​រដ្ឋាភិបាល ក្នុងការដាក់បញ្ចូលការបង្រៀនអំពីប្រវត្តិសាស្រ្តនៃអំពើប្រល័យពូជសាសន៍ ទៅក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និង ស្ថាប័ន និង សម្រាប់សកម្មភាពផ្សព្វផ្សាយ​ក្នុងមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ដោយប្រើប្រាស់ប្រវត្តិសាស្រ្ត ដើម្បីត្រិះរិះពិចារណា​ និង បំផុសគំនិត សម្រាប់អនាគតកម្ពុជា។

ទីប្រាំ​ ចំណុចចុងក្រោយ និង សំខាន់បំផុតនោះ​ គឺយើងត្រូវតែ​ការពារសន្តិភាពដែលសម្រេចបានមកដោយលំបាកលំបិនបំផុតនេះ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ​។ កាតព្វកិច្ចនេះ​ មិនមែន​​សម្រាប់តែ​​ប្រជាជាតិ​កម្ពុជា​ប៉ុណ្ណោះ​ទេ, គឺ​សម្រាប់​សហគមន៍​អន្តរជាតិ​ទាំងមូល​ផងដែរ ។ ជាសត្យានុម័ត សង្គ្រាម គឺ​ជាស្ថានការណ៍ដែលបង្កឱ្យ​មាន​ការ​សម្លាប់រង្គាល ប្រឆាំងនឹងជនស៊ីវិល ដោយ​គ្មានរើសអើង ដោយសារតែ​ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ។ នៅពេលដែល​​មានសង្គ្រាមកើតឡើងហើយ ​គ្មានឡើយ​​សិទ្ធិ​មនុស្ស គ្មានឡើយ​លទ្ធិប្រជា-ធិបតេយ្យ​។ ដូច្នេះ, នេះ គឺជា​ការទទួលខុសត្រូវរបស់​រដ្ឋ និង​ ប្រជាជន​ទាំងអស់គ្នា ក្នុងការ​ការពារ​សន្តិភាព និង ក្នុងការឱ្យ​តម្លៃ​ដល់សន្តិភាព​ដែល​សម្រេចបានមកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាននេះ, ដោយ​មិនត្រូវភាន់ច្រឡំថា សន្តិភាព បានមកដោយឯកឯងនោះទេ​។ មេដឹកនាំអនាគតរបស់​កម្ពុជាទាំងអស់ ត្រូវ​តែជៀសវាងពីការចូលរួមក្នុងផែនការ​នយោបាយ ដែលជំរុញ​ការផ្លាស់ប្តូររបបដោយវិធីសាស្ត្រ​​មិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការ​នៃការទទួល​ខុសត្រូវ ក្នុងការ​ការពារសន្តិភាព ឱ្យខាងតែបាន។

មួយវិញទៀត តាមរយៈការរៀនសូត្រពីមេរៀនរបស់កម្ពុជា សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់របាំងការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដែលអាចបង្កឱ្យមានការកើតឡើងនៃសង្គ្រាមត្រជាក់សាជាថ្មី; ហើយ​ចុងក្រោយ,​ រុញច្រានឱ្យ​មាន​​ជម្លោះផ្អែកលើ​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ប្រទេសទាំងអស់ គួរតែធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពដែលមានស្រាប់ និង ស្វែងរកការសន្ទនាដោយសន្តិវិធីដើម្បីបញ្ចប់សង្គ្រាមដែលកំ​ពុងកើតឡើង សំដៅទប់ស្កាត់ឱ្យបាន នូវការបាត់បង់ជីវិតជនស៊ីវិល ក្រោមទម្រង់ណាមួយ​​នៃអំពើ​ប្រល័យពូជសាសន៍។

ឈរលើគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ, កម្ពុជា នឹង​បន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដែលផ្អែកលើច្បាប់ កសាងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា ជាមួយនឹងប្រទេសទាំងអស់ក្នុងពិភពលោក និងជាមួយអង្គការអន្តរជាតិនានា ព្រមទាំងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់និងលើពិភពលោក។ យើង​នឹង​បន្តការពារខ្លួនប្រឆាំងនឹងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្ខូចកេរ្តិ៍ឈ្មោះ របស់កម្ពុជា និង ប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិនៃសង្រ្គាមត្រជាក់ថ្មី សាជាថ្មីម្តងទៀត។

ការប្រឈមមុខនឹងអតីតកាល គឺជាអំរែកផ្លូវចិត្តដ៏ធ្ងន់​សម្រាប់​កម្ពុជា ដោយសារតែ​អំពើឃោរឃៅយង់ឃ្នង​នៃ​របបខ្មែរក្រហម និង ការឈឺចាប់ជាច្រើន​ទសវត្សរ៍របស់ប្រជាជនយើងខ្ញុំ។ យ៉ាងណាក្តី ការប្រឈមមុខនឹងអតីតកាល មិនចាំបាច់ផ្តោតតែលើសោកនាដកម្ម ដែលប្រជាជន កម្ពុជាជួបប្រទះក្នុងសតវត្សរ៍ទី ២០ នោះទេ។ ប្រជាជនកម្ពុជា ត្រូវតែ​មាន​ក្តីសង្ឃឹម ជាមួយនឹង ការពិតដែលប្រជាជន និង ប្រជាជាតិយើង​ បាន​រស់រាន​ប្រកបដោយ​ភាពរឹងមាំ​។ យើងគឺ​ជាគំរូសម្រាប់ប្រទេសផ្សេងទៀតជុំវិញពិភពលោក ដែលកំពុង​ទទួលរងបញ្ហា និង ជោគ​វាសនា​ស្រដៀងគ្នានេះ។ កិច្ចការ​ដែល​កម្ពុជា​បាន​ធ្វើ​ទាក់ទងនឹង​ការអប់រំពី​អំពើប្រល័យពូជសាសន៍ គឺ​ជោគ​ជ័យ​​ដ៏​លេចធ្លោ​មួយ នៅលើ​ឆាកអន្តរជាតិ​។ កិច្ចការ​ដែល​កម្ពុជាបានធ្វើ​ អាចយកទៅ​ប្រើប្រាស់ ដើម្បីជាមេរៀន​សម្រាប់​ការអភិវឌ្ឍរបស់ប្រទេសក្រោយជម្លោះផ្សេងទៀត។ ប្រជាជន កម្ពុជាត្រូវមានមោទនភាពថា ពួកយើង​ គឺ​ជាអ្នកឈ្នះចុងក្រោយបំផុត ទៅ​លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយ​ពួកយើង​គឺជាគំរូ នៃការខិតខំ​កសាងអនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍។

ខ្ញុំសូមបញ្ចប់សុន្ទរកថានេះ ដោយការថ្លែងអំណរគុណ ចំពោះអង្គការសហប្រជាជាតិ និង ប្រទេសជាមិត្ត សម្រាប់ការគាំទ្រដល់សាលាក្តីអន្តរជាតិកូនកាត់ ជាមួយនឹងការសន្យាផ្តល់ការគាំទ្រ​ផ្នែកនយោ​បាយ និង ហិរញ្ញវត្ថុ ដែលអនុញ្ញាត​ឱ្យ អ.វ.ត.ក. បាន​បញ្ចប់ដំណើរការតុលាការប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្គាល់ជាអន្តរជាតិ ដើម្បីជា​ប្រយោជន៍នៃការចងចាំប្រវត្តិសាស្ត្រ និង ការអប់រំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាការ-ពង្រឹង​ និង ការថែរក្សា នូវសុខសន្តិភាព និង ការបង្រួបបង្រួមជាតិ ។ តទៅមុខ ខ្ញុំសូមអំពាវនាវ ឱ្យមានការបន្តគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្សព្វផ្សាយអប់រំពីអំពើប្រល័យពូជសាសន៍ ជាពិសេស តាមរយៈ ការថែរក្សា​ការពារ​ និង ការប្រើប្រាស់ បណ្ណសារជាងពីរលានទំព័រ ដែលប្រមូលបានពីដំណើរការតុលាការរបស់​ អ.វ.ត.ក. ដើម្បី​អ្នកស្រាវជ្រាវ និង សាធារណជនទូទៅ ក្នុងតំបន់ និង ពិភពលោក អាចយល់កាន់តែច្បាស់អំពីប្រវត្តិនៃអំពើប្រល័យពូជសាសន៍ និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍​, ហើយ​ឈានទៅ​បង្កើតអនាគតពិភពលោកមួយ​ ដែល​គ្មានអំពើប្រល័យពូជសាសន៍។

ខ្ញុំសូមជូនពរដល់អង្គសន្និសីទ ​ទទួលបានជោគជ័យត្រចះត្រចង់ ជាមួយនឹងការ​ពិភាក្សា​ ប្រកបដោយភាពសកម្ម​ និងផ្លែផ្កានិង​សូមជូនពរអ្នកចូលរួមទាំងអស់បានប្រកបដោយសុខភាពល្អ​​ វិបុលភាព ​សុភមង្គល និង​ ជោគជ័យក្នុងគ្រប់ភារកិច្ច​៕

អត្ថបទទាក់ទង