Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មដ៏មានតម្លៃនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 198
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មដ៏មានតម្លៃនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មដ៏មានតម្លៃនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ

 

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យកបញ្ចកោណទី១ ជាអាទិភាព គឺមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងភាពធន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់គឺជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ដែលរាជរដ្ឋាភិបាលបានផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការកាត់បន្ថយអត្រាឈឺ ស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារនិងមាតា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កត្តាមនុស្ស គឺជាអ្នកការពារ និងអភិវឌ្ឍទឹកដីរបស់យើង មនុស្សជាអ្នកបង្កើតវប្បធម៌ ជាអ្នកថែរក្សាប្រពៃណី ដូច្នេះមនុស្ស គឺជាកត្តាធំណាស់ដែលធ្វើឱ្យប្រទេសជាតិយើងបានរីកចម្រើនទៅមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា បើយើងនិយាយពីកត្តាមូលធនមនុស្ស គឺត្រូវផ្តោតទៅលើកត្តាចំនួន២ទៀត នោះគឺ សុខភាព និងសមត្ថភាព ដែលចំណុចនេះហើយពាក់ព័ន្ធទៅដល់វិស័យអប់រំ និងវិស័យសុខាភិបាល ដូចនេះ ការអប់រំនិងសុខាភិបាល គឺជាកត្តាចាំបាច់សម្រាប់ពង្រឹងជាតិមួយទៅបាន៕

អត្ថបទទាក់ទង