Grand News Asia Close

វិភាគអន្តរជាតិ៖ តើពិភពលោក កំពុងដើរទៅរកសង្រ្គាមលោកលើកទី៣ ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 440
វិភាគអន្តរជាតិ៖ តើពិភពលោក កំពុងដើរទៅរកសង្រ្គាមលោកលើកទី៣ ឬ? វិភាគអន្តរជាតិ៖ តើពិភពលោក កំពុងដើរទៅរកសង្រ្គាមលោកលើកទី៣ ឬ?

(វ៉ាស៊ីនតោន)៖ តើពិភពលោកកំពុងដើរទៅរកសង្រ្គាមលោកលើកទី៣ ឬ? នេះគឺជាសំណួរមួយដែលកំពុងត្រូវបានចោទសួរយ៉ាងផុលផុស ហើយមានមូលហេតុជាច្រើននៅក្រោយ នៃការចោទសួរឡើងនូវសំណួរដ៏គួរឱ្យភ័យខ្លាចមួយនេះ។ មូលហេតុទាំងនោះរួមមានសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបង្កឱ្យអំពើហិង្សារាលដាលចូលទៅក្នុង ប្រទេសលីបង់ ស៊ីរី អ៉ីរ៉ាក់ និងយេម៉ែន ហាក់មើលមិនឃើញពីទីបញ្ចប់ ខណៈសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅតែបន្ត។ ចំណែក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលស្ទើរតែ រាល់សប្ដាហ៍ ហើយចិន និងសហរដ្ឋអាមេរិកកាន់តែដំឡើងសាច់ដុំយោធាក្នុងតំបន់ប៉ាស៊ីហ្វិក ព្រមទាំងសំណុំរឿងតៃវ៉ាន់។

កាន់តែព្រួយបារម្ភជាងនេះទៅទៀត ខណៈទទូចថាខ្លួនមិនចង់មានសង្រ្គាមជាមួយអ៉ីរ៉ង់ សហរដ្ឋអាមេរិកបានសន្យាថានឹងបន្តបើកការវាយប្រហារលើក្រុមប្រដាប់អាវុធគាំទ្រដោយ អ៉ីរ៉ង់ បន្ទាប់ពីបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើគោលដៅពាក់ព័ន្ធនឹងអ៉ីរ៉ង់ ក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់កាលពីជាង ៣ថ្ងៃមុន ជាការសងសឹកទៅនឹងការវាយប្រហារដោយ យន្ដហោះដ្រូនសម្លាប់ទាហានអាមេរិក ៣នាក់ នៅហ្ស៊កដានី។ ការវាយប្រហារសងសឹកនេះទៀតសោត ធ្វើឡើងចំពេលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងដឹកនាំ ការវាយប្រហារប្រឆាំងមូលដ្ឋានរបស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ដើម្បីកុំញើញទប់ស្កាត់កុំឱ្យចលនាប្រដាប់អាវុធមានអ៉ីរ៉ង់ជាខ្នងបង្អែកមួយនេះបន្តវាយប្រហារលើ កប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម។

បើមើលទៅលើការរៀបរាប់ទាំងនេះ ពិភពលោកហាក់មិនមានសុវត្ថិភាពទាល់តែសោះ។ តួយ៉ាងកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានព្រមានថាពិភពលោកអាចនឹងធ្លាក់ចូលក្នុងសង្រ្គាមលោកថ្មីមួយដែលមានការចូលរួមពីចិន រុស្ស៉ី កូរ៉េខាងជើង និងអ៉ីរ៉ង់ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ មិនតែប៉ុណ្ណោះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ព្រមានដែរថាសហរដ្ឋអាមេរិកកំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមលោក ជាមួយការឆ្លៀតរិះគន់ចំណាត់ការសងសឹករបស់ លោក បៃដិន ថាមានភាពទន់ខ្សោយ ហើយអះអាងថាលោកគឺជាមនុស្សម្នាក់គត់ដែលបញ្ចៀសកុំឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើង ដែលអាចនឹងក្លាយជាសង្រ្គាមដ៏ មហន្តរាយបំផុត ដ្បិតមហាអំណាចធំៗសុទ្ធតែមានអាវុធនុយក្លេអ៊ែរ។

* នៅមជ្ឈិមបូព៌ា៖ អ៉ីស្រាអែល និងអ៉ីរ៉ង់ ត្រូវបានគេមើលឃើញស្ថិតនៅក្នុងស្រមោលនៃសង្រ្គាម អស់រយៈពេលច្រើនទសវត្សរ៍មកនេះ ហើយព្រមពេលជាមួយគ្នា គូសត្រូវទាំង២ អាចបញ្ចៀសកុំឱ្យស្រមោលនៃសង្រ្គាមកា្លយទៅជាសង្រ្គាមពិតប្រាកដ។ តែបច្ចុប្បន្ន សង្រ្គាមក្នុងតំបន់ហ្កាហ្សា កាន់តែបង្កើនហានិភ័យនៃសង្រ្គាមរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមក្រុមអ្នកវិភាគលោកខាងលិច ការវាយប្រហារពីសំណាក់ក្រុមតួអង្គតំណាងរបស់អ៉ីរ៉ង់ ឬ proxy ជាពិសេស នៅក្នុងតំបន់សមុទ្រក្រហម គឺជាផ្នែកមួយ នៃមហិច្ឆតា និងផែនការរបស់អ៉ីរ៉ង់ ដើម្បីប្រឆាំងអ៉ីស្រាអែល និងបន្សាបឥទ្ធិពលអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា។

សម្ព័ន្ធមិត្ត និង proxy របស់អ៉ីរ៉ង់ ហាក់មិនបានខ្លាចរអានឹងការកំញើញសាច់ដុំយោធារបស់សហរដ្ឋអាមេរិកនោះទេ ហើយថែមទាំងប្រកាសប្ដេជ្ញាបន្តវាយប្រហារលើ កងកម្លាំងអាមេរិក និងអ៉ីស្រាអែលទៀតផង ក្នុងបរិបទក្រុមអ្នកនយោបាយអាមេរិកមកពីគណបក្សសាធារណរដ្ឋមួយចំនួនទទូចឱ្យរដ្ឋបាលលោក បៃដិន វាយប្រហារដោយផ្ទាល់ លើទឹកដីអ៉ីរ៉ង់តែម្ដង។ ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់សុទ្ធតែកំពុងព្យាយាមបញ្ចៀសកុំឱ្យសង្រ្គាមរវាងពួកគេផ្ទុះឡើង តែដរាបណាសង្រ្គាមហ្កាហ្សានៅតែបន្ត នោះហានិភ័យនៃ សង្រ្គាមទ្រង់ទ្រាយធំ នឹងនៅតែបន្តលងបន្លាចតំបន់មជ្ឈិមបូព៌ា។

* សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ដែលផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ដ៏ធំបំផុត សម្រាប់តំបន់ អឺរ៉ុបទាំងមូល ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។ ទាំងរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែកំពុងខាតបង់សព្វាវុធ និងកងទ័ព។ ប៉ុន្តែ ស្ថានការណ៍សង្រ្គាមហាក់ដូចជា ផ្អៀងទៅខាងរុស្ស៉ីបន្តិច ដោយក្នុងពេលដែលអារម្មណ៍នឿណាយនឹងសង្រ្គាអ៊ុយក្រែន កំពុងកើនឡើងក្នុងតំបន់អឺរ៉ុប និងការប្រឆាំងការផ្ដល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ពីសំណាក់អ្នកនយោបាយអភិរក្សនិយមអាមេរិក លោក ពូទីន ឯណោះវិញបែរជាមើលឃើញថាសង្រ្គាមក្នុងតំបន់ហ្កាហ្សាគឺជាឱកាសមួយដែលលោកត្រូវទាញយកប្រយោជន៍។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានព្រមានថាបរាជ័យក្នុងការបំបាក់ ឬបង្ក្រាបការឈ្លានពានរបស់រុស្ស៉ី អាចនឹងបង្កទៅជាសង្រ្គាមលោកលើកទី៣ ដោយប្រទេស ជាសមាជិក NATO ដូចជាក្នុងតំបន់បាល់ទិកអាចនឹងក្លាយជាគោលដៅបន្ទាប់របស់លោក ពូទីន ដែលនេះអាចនឹងនាំទៅរកការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៉ី និង NATO។ ក្នុងន័យនេះ បើតាមលោក ហ្សេលេនស្គី បើលោក ពូទីន មិនត្រូវបានកំញើញទប់ស្កាត់នៅអ៊ុយក្រែនទេ នោះលោកអាចនឹងធ្វើការសន្និដ្ឋានថាបក្សសម្ព័ន្ធយោធាមួយនេះ មិនមានឆន្ទៈប្រឈមមុខជាមួយលោក ទេ។

* ចិន និងតៃវ៉ាន់៖ ការគំរាមកំហែងធំបំផុត ចំពោះស្ថិរភាពភូមិសាស្ត្រនយោបាយ នោះគឺភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ ទោះជាភាពតានតឹងហាក់ដូចជាធូរស្រាលបន្តិច បន្ទាប់ពីលោក ចូ បៃដិន និងលោក ស៊ី ជីនពីង បានជួបគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងដោយ ក៏តៃវ៉ាន់ដែលជាបញ្ហាស្នូល រវាងប្រទេសទាំង២ នៅតែមិនអាចដោះស្រាយបានឡើយ។ ចិនបានចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ និងគំរាមជារឿយៗថាប្រើកម្លាំងយោធាដើម្បី បង្រួបបង្រួមជាតិក្នុងករណីចំាបាច់ ហើយជាការបន្ថែមឫទ្ធអំណាចលើការគំរាមនេះ ចិនបានបង្កើនការធ្វើសមយុទ្ធយោធាកាន់តែញឹកញាប់នៅជុំវិញកោះតៃវ៉ាន់។

ជាការពិតណាស់ ប្រតិកម្មរបស់ចិនឆ្លើយតបទៅនឹងជ័យជម្នះរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ​ (DPP) និងមេដឹកនាំជាប់ឆ្នោតតៃវ៉ាន់ លោក Lai Ching-te ដែលចិន ចាត់ទុកថាជាក្រុមឧទ្ទាម នៅក្នុងការបោះឆ្នោត កាលពីខែមករាកន្លងទៅ មានភាពស្ងប់ស្ងាត់ផ្ទុយពីការរំពឹង។ ប៉ុន្តែ ការឆ្លើយតបខ្លាំងក្លារបស់ចិនត្រូវបានគេរំពឹងថាអាចនឹង ធ្វើឡើងនៅពេលលោក Lai Ching-te ស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅខែឧសភាខាងមុខ។

* កូរ៉េខាងជើង៖ ចាប់តាំងពីកិច្ចចរចាជាមួយលោក ដូណាល់ ត្រាំ ទទួលបរាជ័យក្នុងឆ្នាំ២០១៩មក លោក គីម ជុងអ៊ុន បានងាកមកផ្តោតកាន់តែខ្លាំងលើការធ្វើទំនើបកម្ម ឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់លោក។ កាលពីដើមខែកុម្ភៈនេះ លោក គីម បានព្រមានថាសកម្មភាពរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងរុញច្រាន ឧបទ្វីបកូរ៉េទៅកាន់មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ ហើយប្រកាសបោះបង់ចោលគោលដៅផ្សះផ្សាជាតិជាមួយកូរ៉េខាងត្បូង ដែលបច្ចុប្បន្នត្រូវបានលោក គីម ចាត់ទុកថាជា សត្រូវទីមួយរបស់កូរ៉េខាងជើង។

ការសម្រេចចិត្តបែបនេះរបស់លោក គីម ជុងអ៊ុន ត្រូវបានអ្នកជំនាញខ្លះដូចជាលោក Robert L. Carlin និងលោក Siegfried Hecker មកពីស្ថាប័ន 38 North ជំនាញតាម​ដាន ស្ថានការណ៍លើឧបទ្វីបកូរ៉េ ជឿថាលោកគីម បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រមួយ ដើម្បីត្រៀមលក្ខណៈសម្រាប់សង្រ្គាមដូចដែលជីតារបស់បានធ្វើ អំឡុងឆ្នាំ១៩៥០។ ចាប់តាំងពីចូលខែកុម្ភៈមក កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រថ្មីមួយមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាបន្តបន្ទាប់ ហើយខណៈកំពុងពង្រឹង ការអភិវឌ្ឍសមត្ថភាពយោធា លោក គីម ជុងអ៊ុន ក៏កំពុងក្លាយជាមិត្តរបស់រុស្ស៉ីដែរ ក្នុងពេលដំណាលគ្នា នៅតែរក្សាទំនាក់ទំនងស្អិតល្មួតជាមួយចិន។ ភាពតានតឹងនៅលើតំបន់ ឧបទ្វីបកូរ៉េ រួមទាំងគោលនយោបាយនុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើង បាន និងកំពុងបង្កព្រួយបារម្ភពីការគណនាខុសណាមួយដែលនឹងធ្វើឱ្យភាគីម្ខាងដែលសន្មត់ថាខ្លួនកំពុង រងការគំរាមកំហែងពីការវាយប្រហារ អាចនឹងបើកការវាយប្រហារមុន។

កាលពីខែកញ្ញា ឆ្នាំ២០២២ កូរ៉េខាងជើងបានបញ្ចូលសិទ្ធិប្រើអាវុធនុយក្លេអ៊ែរ ដើម្បីបើកការវាយប្រហារបង្ការជាមុនការពារខ្លួនឯង ទៅជាច្បាប់រដ្ឋធម្មនុញ្ញថ្មីមួយ។ ក្រោមច្បាប់ថ្មីនេះ នៅក្នុងចំណោមសេណារីយ៉ូដែលជំរុញឱ្យកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរ រួមមានការប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវជាបន្ទាន់ និងប្រសិនបើមេដឹកនាំ គឺលោក គីម ជុងអ៊ុន ប្រជាជន ឬអាយុជីវិតជាតិស្ថិតនៅក្រោមការគំរាមកំហែង ឬក៏ដើម្បីមានប្រៀបលើសត្រូវក្នុងសង្រ្គាមណាមួយ។ ច្បាប់ថ្មីនេះក៏បានចែងផងដែរថាសិទ្ធិសម្រេចគ្រប់យ៉ាងស្ថិត នៅលើបបូរមាត់លោក គីម ជុងអ៊ុន ឬទាល់តែមានបញ្ជាពីលោក៕

អត្ថបទទាក់ទង