Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ 409
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

(ទីក្រុងប៉ារីស, បារាំង)៖ បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរ​ពិសេស​របស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរ​អញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍​យ៉ាង​កក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។

ដោយឡែកនៅឯសណ្ឋាគារកន្លែងស្នាក់នៅរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងទីក្រុងប៉ារីស មុនធ្វើដំណើរបន្តទៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ មានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស​បារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបច្រើនកុះករ បានអញ្ជើញមកស្វាគមន៍ដំណើររបស់​សម្តេច​ធិប​តី និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងនឹករលឹកយ៉ាង​ជ្រាលជ្រៅ​បំផុត​។

ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយ​ចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេស​នានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ច​បារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង។

សូមបញ្ជាក់ថា នៅម៉ោង៨ព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល​កម្ពុជា បំពេញ​បេសកកម្ម​ដ៏មាន​​សារៈសំខាន់ចំនួនពីរនៅទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា។

ដំណើរបេសកកម្មការងារនៅទ្វីបអឺរ៉ុប នៅដើមទំព័រឆ្នាំថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូល​រួម​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ការកសាង​ឡើង​វិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លា​ភាព សង្គតិភាព និងគណនេយ្យភាព។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិ​សំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា​នឹង​ចូល​រួមក្នុងកិច្ចប្រជុំនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ «ការស្តារទំនុកចិត្ត លើ​ប្រព័ន្ធ​សកលលោកឡើងវិញ» សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហា ប្រឈម​ដែល​ជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនា ដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមកដែលចាំជាចិសម្រាប់ កិច្ចសហប្រតិ​បត្តិ​ការ​ប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្តេចធិបតី នឹងមានជំនួបជាមួយលោក Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំង ធុរជន​នៃក្រុម​ហ៊ុន​ឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា។

បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹង​អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើ​ឡើង​តបតាមការអញ្ជើញប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក អេម៉ានូអែល ម៉ាក្រុង ប្រធា​នា​ធិបតីបារាំង។

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង គឺជាដំណើរទស្សនកិច្ចដ៏មាន​សារៈ​សំខាន់ ដើម្បីពូនជ្រុំទំនាក់ទំនងកម្ពុជា-បារាំងឱ្យកាន់តែល្អប្រសើរ។ លោកប្រធានាធិបតីបារាំង បានគូស​រំលេចថា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី នឹងអនុញ្ញាតឱ្យជំរុញទៅមុខ យ៉ាង​ជាក់ស្តែង​នូវវិស័យសំខាន់ៗជាច្រើនដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យ​សេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភ័ណ្ឌ និងហ្រ្វង់កូហ្វូនី។

លោកប្រធានាធិបតី បង្ហាញបំណងប្រាថ្នាចង់ឱ្យទស្សនកិច្ចរបស់សម្តេចធិបតី បើកលទ្ធភាពធ្វើឱ្យកិច្ច​សហ​​​ប្រតិ​បត្តិការ​រវាងកម្ពុជា និងបារាំង កាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នា​ដោះស្រាយបញ្ហាសកលដែលយើងកំពុងប្រឈមមុខជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។

លោកប្រធានាធិបតី ក៏បានរំពឹងដែរថា ទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងពិនិត្យមើល​មធ្យោ​បាយនានាដែលកម្ពុជា និងបារាំងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក​ផ្អែកលើ​ច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

ក្នុងលិខិតផ្ញើជូនប្រាធានាធិបតីបារាំងនាពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដំណើរ​ទស្សនកិច្ចនេះ សម្តេចមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ស៊ីជម្រៅបន្ថែម​ទៀតលើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្ន ជាពិ​សេសបញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅ​លើ​ពិភពលោក។

សម្តេចធិបតី បានគូសរំលេចថា ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍​ប្រកប​ដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ប្រទេសទាំង​ពីរ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។

សម្តេចធិបតី បានបង្ហាញការជឿជាក់ថា ការពិភាក្សារវាងសម្តេច និងលោកប្រធានាធិបតីបារាំង នឹងរួម​ចំណែកឱ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំមកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្តល់អត្ថប្រយោជន៍​ដល់​ប្រទេសទាំងពីរ។ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹង​ប្រែង​នេះ ដោយទទួលស្គាល់សារៈសំខាន់នៃភាពជាដៃគូកម្ពុជា និងបារាំង សម្រាប់ប្រជាជនប្រទេសទាំងពីរ និងសម្រាប់សហគមន៍អន្តរជាតិ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ច​សន្ទនា​ផ្លូវការ​ជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាស​ដ៏ប្រសើរ​សម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរ​បញ្ជាក់​ជា​ថ្មីនូវ​ការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់​ទំនាក់​ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរ​ឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការ​សកម្ម​ភាព​ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែល​ផ្តល់​ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយ​បញ្ហាប្រឈម​សកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែល​ផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន​នឹងត្រូវ​ចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការ​នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងលោក Geoffroy ROUX DE BEZIEUX ប្រធានសម្ព័ន្ធ​និយោជក​ហ្វ្រង់​កូហ្វូន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

សូមបញ្ជាក់ថា អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត បំពេញបេសកកម្មការងារ​នៅទ្វីប​អឺរ៉ុប​នាពេលនេះ រួមមានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕

អត្ថបទទាក់ទង