សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក”
នៅព្រឹក ថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង នៅថ្ងៃ១៨ -១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។
ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសវិញ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លាស ភ្ជាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូសប្រទេសស្វីស៕