Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ចូលដល់ដំណាក់កាលចុងក្រោយ ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 253
វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ចូលដល់ដំណាក់កាលចុងក្រោយ ឬ? វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ចូលដល់ដំណាក់កាលចុងក្រោយ ឬ?

(វ៉ាស៊ីនតោន)៖ សង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ត្រូវបានក្រុមអ្នកវិភាគខ្លះមើលឃើញថាកំពុងឈានចូលដំណាក់កាលចុងក្រោយហើយ ខណៈអ៉ីស្រាអែលកំពុងពង្រីកសង្រ្គាមទៅកាន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ កាលពីថ្ងៃទី៤ ខែធ្នូ រថក្រោះ និងកងទ័ពថ្មើរជើងអ៉ីស្រាអែល បានវាយសម្រុក ឆ្ពោះទៅកាន់ទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា។ សេចក្ដីរាយការណ៍ពីការពង្រីកសង្រ្គាមនេះកើតមានឡើង បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយថាយោធាអ៉ីស្រាអែលចាប់ផ្ដើមការប្រយុទ្ធយ៉ាងពេញទំហឹងឡើងវិញ ក្រោយការដួលរលំ បទឈប់បាញ់មានរយៈពេលមួយសប្ដាហ៍។

ការពង្រីកសង្រ្គាមទៅភាគខាងត្បូងហ្កាហ្សានេះទៀតសោត ក៏ត្រូវធ្វើឡើងផងដែរបន្ទាប់ពីយោធាអ៉ីស្រាអែលចំណាយពេលជាច្រើនសប្ដាហ៍នៅភាគខាងជើង ហ្កាហ្សា ដោយដណ្ដើមគ្រប់គ្រងមួយផ្នែកធំនៃទីក្រុងហ្កាហ្សា។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងវិញ កាលពីថ្ងៃទី២ ខែធ្នូមក មានសញ្ញាតិចតួចបំផុតបង្ហាញថា ការផ្អាកបាញ់ណាមួយអាចនឹងកើតឡើងជាថ្មី ស្របពេលក្រុមហាម៉ាសបានបង្កើនការទាមទាររបស់ខ្លួន ក្នុងនោះរួមមានទាំងបទឈប់បាញ់ទាំងស្រុង មុននឹងមានការដោះលែងចំណាប់ខ្មាំងនៅសេសសល់។ ចំណែក អ៉ីស្រាអែលវិញក៏បានប្ដេជ្ញាដែរថានឹងបន្តប្រយុទ្ធ រហូតទាល់តែចំណាប់ខ្មាំងទាំងអស់ ត្រូវបានដោះលែង។

បើប្រៀបធៀបទៅនឹងការធ្វើសង្រ្គាមនៅភាគខាងជើងហ្កាហ្សា អ៉ីស្រាអែលអាចនឹងត្រូវប្រឈមមុខនឹងឧបសគ្គតិចតួច ក្នុងការបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួន នៅភាគខាងត្បូង ដោយសារតែការស្លាប់ និងរងរបួសយ៉ាងច្រើនក្នុងចំណោមក្រុមអ្នកប្រយុទ្ធហាម៉ាស នៅឯសមរភូមិភាគខាងជើង គួបផ្សំនឹងទីក្រុងនានា ក្នុង តំបន់ភាគខាងត្បូងនេះមានទំហំតូច។ អ៉ីស្រាអែលមានប្រៀបដាច់ឆ្ងាយលើក្រុមហាម៉ាសទាំងសព្វាវុធ កងទ័ព និងបច្ចេកវិទ្យា ហើយបូករួមទាំងការគាំទ្រពី សហរដ្ឋអាមេរិកផងនោះ ហាម៉ាសមិនមែនជាដៃគូរបស់អ៉ីស្រាអែលនោះទេ។ ដូចគ្នាដែរតាមរយៈសង្រ្គាមរយៈពេលជាង ៣០ថ្ងៃនៅភាគខាងជើង ជាមួយ ការគ្រប់គ្រងផ្នែកភាគច្រើននៃទីក្រុងហ្កាហ្សា មិនយូរមិនឆាប់ទីក្រុង Khan Younis នឹងធ្លាក់ចូលការគ្រប់គ្រងរបស់អ៉ីស្រាអែល។

ប៉ុន្តែ អ្វីដែលអ៉ីស្រាអែលបានចាញ់រួចទៅហើយ នោះគឺសង្រ្គាមព័ត៌មានដោយអ៉ីស្រាអែលកំពុងរងសម្ពាធពីអន្តរជាតិ ដោយសារតែការទម្លាក់គ្រាប់បែកលើតំបន់ ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងច្រើនសម្បើមដល់ទៅជាង ១៥,៨៩៩នាក់ ក្នុងនោះភាគច្រើនជាងស្ត្រី និងកុមារ។ សូម្បីតែសហរដ្ឋអាមេរិក ក៏បានដាក់សម្ពាធឱ្យអ៉ីស្រាអែល ប្រឹងប្រែងកាត់បន្ថយការស្លាប់របស់ជនស៊ីវិលផងដែរ។ ជាក់ស្ដែង ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅនេះ បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់គណរដ្ឋមន្ត្រីកិច្ចការសង្រ្គាមរបស់អ៉ីស្រាអែលថាលទ្ធភាពគាំទ្ររបស់ សហរដ្ឋអាមេរិកដល់សង្រ្គាមអ៉ីស្រាអែលនៅហ្កាហ្សា គឺមានដែនកំណត់ បើទោះជាមិនមានការបញ្ជាក់ឱ្យច្បាស់ថាតើលោក Blinken បានកំណត់កាលបរិច្ឆេទ សម្រាប់សង្រ្គាមរបស់អ៉ីស្រាអែលដែរ ឬក៏យ៉ាងណាក៏ដោយ។

ដូច្នេះនៅពេលដែលអ៉ីស្រាអែលដណ្ដើមគ្រប់គ្រងទីក្រុងធំៗ ក្នុងតំបន់ភាគខាងត្បូងហ្កាហ្សា អ៉ីស្រាអែលអាចនឹងប្រកាសបិទបញ្ចប់ប្រតិបត្តិការប្រយុទ្ធ ទ្រង់ទ្រាយធំ ហើយចាប់ផ្ដើមរំសាយកងទ័ពបន្តិចម្ដងៗដើម្បីសម្រួលដល់សា្ដរសេដ្ឋកិច្ចឡើងវិញ បើទោះជានៅសេសសល់មូលដ្ឋានតស៊ូ ឬក៏ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃក្រុមហាម៉ាស និងក្រុម Palestinian Islamic Jihad ដែលស្ថិតនៅក្រោមគោលដៅរបស់អ៉ីស្រាអែលមិនត្រូវបានសម្លាប់ ឬចាប់ខ្លួនក៏ដោយ។

មិនតែប៉ុណ្ណោះ ការវាយសម្រុករបស់អ៉ីស្រាអែលនៅភាគខាងត្បូង ក៏អាចនឹងបញ្ចុះបញ្ចូលឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងសេសសល់ ជាថ្នូរនឹងការ ជម្លៀសមេដឹកនាំ និងក្រុមអ្នកប្រយុទ្ធរបស់ខ្លួនចេញពីតំបន់ហ្កាហ្សាផងដែរ។ ប៉ុន្តែ ទោះជាអ៉ីស្រាអែលអាចគ្រប់គ្រងភាគខាងត្បូងហ្កាហ្សាក៏ដោយ ក៏យោធាអ៉ីស្រាអែល នឹងត្រូវប្រឈមមុខនឹងភាពចលាចល និងចលនាតស៊ូប្រដាប់អាវុធពីក្រុមសកម្មប្រយុទ្ធហាម៉ាសនៅសេសសល់ដែលអាចពង្រឹងកម្លាំង របស់ពួកគេឡើងវិញនៅពេលណាមួយ។ ក្នុងករណីនេះប្រសិនបើអ៉ីស្រាអែលទទួលបានជ័យជម្នះនៅភាគខាងត្បូងហ្កាហ្សា នោះហាម៉ាស និងក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃទៀតអាចនឹងអនុវត្តផែនការបះបោរប្រដាប់អាវុធប្រឆាំងនឹងការកាន់កាប់របស់អ៉ីស្រាអែល។

អ៉ីស្រាអែល បាននិយាយរួចហើយថានឹងពង្រីកតំបន់ទ្រនាប់ការពារ (buffer zone) នៅក្នុងតំបន់ហ្កាហ្សាដែលនេះមានន័យថាអ៉ីស្រាអែលក៏បានត្រៀមខ្លួន សម្រាប់ការបង្រ្កាបការបះបោររយៈពេលវែងដែរ។ ព្រមពេលជាមួយគ្នា អ៉ីស្រាអែលអាចនឹងគ្រប់គ្រងផ្នែកសន្តិសុខលើតំបន់ហ្កាហ្សា រហូតទាល់តែអាចរកបាន រដ្ឋាភិបាលស៊ីវិលមួយមកគ្រប់គ្រងហ្កាហ្សា។ សហរដ្ឋអាមេរិកបានលើកឡើងពីលទ្ធភាពនៃការប្រគល់តំបន់ហ្កាហ្សាទៅឱ្យអាជ្ញាធរប៉ាឡេស្ទីនដែលកំពុង គ្រប់គ្រងតំបន់ West Bank ជាអ្នកគ្រប់គ្រង ប៉ុន្តែអ៉ីស្រាអែលបានជំទាស់ រីឯក្រុមអ្នកវិភាគជាច្រើនយល់ថាអាជ្ញាធរប៉ាឡេស្ទីនមិនមានសមត្ថភាពគ្រប់គ្រាន់ ហើយក៏មិនទទួលបានការគាំទ្រពីប្រជាជនហ្កាហ្សានោះដែរ។ ណាមួយ អាជ្ញាធរប៉ាឡេស្ទីនខ្លួនឯង ក៏មិនចង់មានឈ្មោះជា «អាយ៉ង» របស់អ៉ីស្រាអែល នៅក្រោមក្រសែភ្នែកប្រជាជនប៉ាឡេស្ទីននោះដែរ បើពួកគេទទួលយកតំបន់ហ្កាហ្សាពីអ៉ីស្រាអែល។

ដោយសារតែការលំបាកថាតើត្រូវឱ្យនរណាជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សា អ៉ីស្រាអែលអាចនឹងគ្រប់គ្រងតំបន់ហ្កាហ្សាដោយខ្លួនឯងក្នុងរយៈពេលខ្លី ឬមធ្យម នៅក្រោយសង្រ្គាមបញ្ចប់។ តែដូចការព្រមានពីសហរដ្ឋអាមេរិក ការគ្រប់គ្រងឡើងវិញរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា មិនមែនជាជម្រើសល្អទេ ដ្បិតវាអាច នឹងទុកឱកាសឱ្យក្រុមអ្នកប្រយុទ្ធហាម៉ាសបញ្ចុះបញ្ចូលឱ្យជនស៊ីវិលកាន់កាំភ្លើងងើបឡើងតស៊ូ ដើម្បីពង្រឹងការបះបោរបស់ពួកគេ។ ប្រសិនបើមានការបះបោរ ទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីស្រាអែល រហូតដល់នាំឱ្យមានការប៉ះទង្គិចគ្នារវាងកងទ័ពអ៉ីស្រាអែល និងជនស៊ីវិលប៉ាឡេស្ទីន អំឡុងការកាន់កាប់របស់អ៉ីស្រាអែល នោះវានឹងក្លាយជា «សម្បទាននយោបាយ» សម្រាប់អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេបើកការវាយប្រហារលើអ៉ីស្រាអែល និងកងទ័ពអាមេរិកក្នុងតំបន់ដែលនេះ អាចនឹងធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមធំគ្រប់ពេល៕

អត្ថបទទាក់ទង