សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនរដ្ឋមន្រ្តីការពារជាតិថៃពិតជាមនុស្សមែន សូមបង្ហាញភស្តុតាង កន្លែងដែលខ្មែរ បន្តប្រើប្រាស់អគ្គិសនីថៃចំនួន ៦ចំណុចទៀត
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជំរុញឲ្យរដ្ឋមន្រ្តីការពារជាតិថៃ ចេញមុខមកដោះស្រាយជាបន្ទាន់ ប្រសិនរដ្ឋមន្រ្តីរូបនេះពិតជាមនុស្សមែន បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិថៃរូបនេះមើលងាយខ្មែរ ដោយបានចោទប្រកាន់ខ្មែរថា បានបន្តប្រើប្រាស់ភ្លើងអគ្គិសនីរបស់ថៃចំនួន ៦ចំណុចទៀតនោះ។
សម្តេចតេជោ បានចោទជាសំណួរថា តើចំណុចណាខ្លះដែលកម្ពុជាបន្តប្រើប្រាស់អគ្គិសនីរបស់ប្រទេសថៃ ?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ មិថុនា សម្តេចតេជោ បានឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស្រាវជ្រាវរកមើលទីតាំងដែលភាគីថៃចោទថា កម្ពុជានៅបន្តប្រើប្រាស់អគ្គិសនីពីថៃ។ ក៏ប៉ុន្តែជាក់ស្តែង នៅម៉ោងនេះ ពេលនេះ គឺកម្ពុជាអត់មានប្រើអគ្គិសនី និងអ៊ឺធឺណែតរបស់ថៃនោះទេ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅប្រជាជនថៃមើលឱ្យច្បាស់ ចំពោះល្បិចកលដឹកនាំរបស់លោកស្រីនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ន ដែលគ្មានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយប្រទេសជាដៃគូទៅទៀត៕