រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាជន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាជនតាមរយៈការលើកកម្ពស់សេវាសុខភាពសាធារណៈនិងអាហារូបត្ថម្ភ និងពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀងឱ្យកាន់តែរឹងមាំ ឆ្លាតវៃ ធន់ បរិយាប័ន្ន ផ្តល់នូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។
នៅក្នុងសារលិខិតក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី១១ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២៤) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីការលូតលាស់និងកំណើន» សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា យើងទាមទារឱ្យមានកិច្ចសហការ ការសម្របសម្រួល កិច្ចអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ កិច្ចគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕