Grand News Asia Close

ទស្សនៈនយោបាយ៖ រឿងច្រំដែលលើកឡើងពីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 1814
ទស្សនៈនយោបាយ៖ រឿងច្រំដែលលើកឡើងពីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា ទស្សនៈនយោបាយ៖ រឿងច្រំដែលលើកឡើងពីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា

ការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សអន្តរជាតិប្រចាំនៅកម្ពុជា ជុំវិញរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានាពេលបច្ចុប្បន្ន ពិតជាបានបង្ហាញនូវទស្សនៈមិនប្រាកដនិយមមួយ ដែលមិនឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងសង្គមកម្ពុជា ដែលជាកត្តាបង្កើតឱ្យមានការយល់ខុស និងយល់ដឹងមិនត្រឹមត្រូវដែលប្រទេសមួយមិនអាចទទួលយកបាន។ តើសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យជាអារហារចាំបាច់នៃទេវតាបស្ចឹមប្រទេសតម្រូវឱ្យកម្ពុជាត្រូវទទួលយកទាំងដុលឬ?

សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវតែឈរលើគោលការណ៍នីតិរដ្ឋរឹងមាំ ឆ្លើយតបទៅនឹងតថភាពជាក់ស្តែងនៃសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនានៃប្រទេសកម្ពុជា។ ក្នុងទស្សនៈប្រាកដនិយមក្នុងបរិបទសង្គមខែ្មរ ដែលធ្លាប់ទទួលរងការបំផ្លិចបំផ្លាញហិនហោចស្ទើរតែទាំងស្រុងនៃហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់ផ្នែក គ្រប់វិស័យ និង ការបាត់បង់ធនធានមនុស្សដោយសារតែភ្លើងសង្រ្គាមផ្ទៃក្នុងកន្លងមក ដែលចាំបាច់ត្រូវធានាការពារ ជ្រោងទង់សន្តិភាព ស្ថិរភាពសង្គមឲ្យបានរឹងមាំ ពិសេស ការកសាង និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនឱ្យបានល្អប្រសើរ គឺជាលក្ខណខណ្ឌចាំបាច់សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាមួយនេះ។

ក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន ការលើកច្រំដែលម្តងហើយម្តងទៀត អំពីសិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ​ វាគ្រាន់តែជា​ការតស៊ូមតិខាងនយោបាយមួយក្នុងចំណោមកម្លាំងនយោបាយក្នុងប្រទេសមួយ ដើម្បីទទួលបានអំណាចពីប្រជាជនជាម្ចាស់ឆ្នោត ដោយឈរលើមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ ជាការពិតសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាគោលការណ៍គ្រឹះដើម្បីអនុវត្ត។ ក៏ប៉ុន្តែ សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ពិតជាមានចំណងទាក់ទងគ្នាជាមួយនឹងនីតិរដ្ឋ។ ដូច្នេះហើយសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋត្រឹមត្រូវ។ ប្រសិនបើ គ្មាននីតិរដ្ឋ ប្រជាធិបតេយ្យនឹងក្លាយទៅជាអាណាធិបតេយ្យ​ប្រទេសលែងមានច្បាប់ សង្គមគ្មានសណ្តាប់ធ្នាប់ ឈានទៅដល់ចលាចលសង្គមដែលមិនអាចគ្រប់គ្រងបាន។

នៅពេលគេនិយាយអំពីនីតិរដ្ឋ គឺសំដៅដល់ការបង្កើតច្បាប់ និងការអនុវត្តច្បាប់ដែលតាមវចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖ នីតិ (​ន​) មានន័យថា ច្បាប់​,​ ឧបាយ​ជា​គ្រឿង​ណែនាំ​,​ បែបផែន​,​ទំនៀមទម្លាប់​ប្រពៃណី​។ រដ្ឋ (​ន​) មានន័យថា ប្រទេស​, ដែន​, រាស្ត្រ​,​ប្រជាជន​។ ក៏ប៉ុន្តែ ដើម្បីងាយយល់អំពីនិយមន័យនៃនីតិ គឺ៖ ទី​១) រដ្ឋ​មានច្បាប់​៖ នៅ​កម្ពុជា អ្នក​ដែលមាន​សិទ្ធិផ្តួចផ្តើមគំនិត​ធ្វើ​ច្បាប់ គឺ ​រដ្ឋាភិបាល និង​រដ្ឋសភា​ ទី​២) រដ្ឋ​ដែល​អនុវត្តន៍​ច្បាប់​៖ នៅ​កម្ពុជា អ្នក​ដែល​អនុវត្តច្បាប់ គឺ​តុលាការ​។​ ទី​៣) ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ មានន័យថា ការអនុវត្ត​ច្បាប់ ត្រូវធ្វើ​ដោយ​ស្មើភាព​គ្នា ដោយ​មិន​ប្រកាន់ វណ្ណៈ ពណ៌​សម្បុរ ជាតិ​សាសន៍ សាសនា។

សូមបញ្ជាក់ថា ប្រជាធិបតេយ្យមិនមែនជាទ្រឹស្តីថ្មី ឬទម្រង់ដឹកនាំថ្មីនោះទេសម្រាប់កម្ពុជា ពីព្រោះសង្គមកម្ពុជា ក៏ធ្លាប់មានរបៀបដឹកនាំប្រទេសតាមប្រជាធិបតេយ្យផងដែរ។ ក្នុងសម័យអាណានិគមនិយមបារាំង ពិសេស ក្នុងឆ្នាំ១៩៤៧ កម្ពុជាចាប់ផ្តើមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យមួយ មិនមែនប្រជាធិបតេយ្យ ទើបតែបានកើតឡើងក្នុងឆ្នាំ១៩៩៣នោះទេ។ ក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ភ​ផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា «ប្រជាធិបតេយ្យ» មានន័យថា «ភាពនៃប្រទេស ដែលមានប្រជារាស្រ្ត ជាអធិបតី គឺប្រទេស ឬរដ្ឋបាល ដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនឱ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស » ។
ពាក្យថា «ប្រជាធិបតេយ្យ» ភាសាអង់គ្លេសថា «Democracy» ភាសាក្រិចមាន ២ ពាក្យថា «Demos» មានន័យថា «ប្រជាជន» និងពាក្យថា «Kratos» មានន័យថា «អំណាច» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា «អំណាចរបស់ប្រជាជន» ឬថា «ប្រជាជនជាម្ចាស់នៃអំណាច» ។

សម្រាប់បរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យ ត្រូវឈរលើនីតិរដ្ឋរឹងមាំយ៉ាងប្រាកដ ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី ព្រមទាំងជំនឿសាសនា ព្រមទាំងឆ្លើយទៅនឹងលក្ខណៈពិសេសនៃស្ថានភាពធ្លាក់ចុះបាក់បែកនៃសង្គមកម្ពុជាអស់ជាច្រើនទសវត្សកន្លងមក ដែលពិបាកស្តារ និងកសាងឡើងវិញ លើគ្រប់ផ្នែក គ្រប់វិស័យនៃសង្គមទាំងមូល។ ដូច្នេះហើយលទ្ធិប្រជាធិបតេយ្យ​ ​និង​នីតិរដ្ឋ មិនអាចត្រូវ​បានប្រទេសណាមួយចាំបាច់ត្រូវចម្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​បាន​ឡើយ​»​ ​ពោល ​គឺ ​ប្រជាធិបតេយ្យអាចនឹង​ឋិតឋេរ​ ​គង់វង្ស​ ​និង​អភិវឌ្ឍ​ស្របតាម​លក្ខណៈ​ដោយឡែក​ទៅតាម​ប្រវត្តិសាស្ត្រ​ ​នយោបាយ​ ​សង្គម​ ​សេដ្ឋកិច្ច​ ​និង​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​នី​មួយ​ៗ​ជាចាំបាច់៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង