សេចក្តីថ្លែងការណ៍ព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដើម្បីការពារ អ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ
ទីក្រុងហ្សឺណែវ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវមានការរំខានយ៉ាងខ្លាំងដោយសេចក្តីថ្លែងការណ៍បំភ័ន្ត និងរើសអើងពីសំណាក់អ្នកជំនាញសិទ្ធិមនុស្ស កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការប្រកាសឱ្យប្រើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួងព័ត៌មាន និងសូមផ្តល់ការបំភ្លឺ ដូចខាងក្រោម៖
១. ការអំពាវនាវឱ្យ«ព្យួរធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ពីសំណាក់អ្នកជំនាញសិទ្ធិមនុស្ស គឺជាការមាក់ងាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ក្រមសីលធម៌ និងស្តង់ដាអ្នកសារព័ត៌មានគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយ។ ធម្មនុញ្ញនេះបម្រើជាស្តង់ដាអនុវត្តជាតិ ដែលបង្ហាញផ្លូវដល់ភាគីពាក់ព័ន្ធក្នុងការរួមចំណែកដល់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ទន្ទឹមនឹងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ហើយក៏ជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដែលការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ។
២. ការចោទប្រកាន់ថា ធម្មនុញ្ញនេះត្រូវបានប្រកាសឱ្យប្រើដោយគ្មាន «ការប្រឹក្សាយោបល់ឱ្យបានទូលំទូលាយ» គឺគ្មានហេតុផលទាល់តែសោះ។ ជាក់ស្តែង ធម្មនុញ្ញនេះត្រូវបានតាក់ តែងឡើង ដោយផ្អែកលើកិច្ចពិគ្រោះយោបល់ និងវាយតម្លៃយ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ រួមមាន អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធជាង ៣០០នាក់។ ដើម្បីធានាបាននូវបរិយាកាសអំណោយផលសម្រាប់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនួលខុសត្រូវ និងការលើកកម្ពស់សេរីភាពសារព័ត៌មាន មតិយោបល់របស់សមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធនានា ត្រូវបានយកមកពិចារណា និងដាក់បញ្ចូលយ៉ាងយកចិត្តទុកដាក់។ ធម្មនុញ្ញនេះត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន ដើម្បីបម្រើប្រយោជន៍វិជ្ជាជីវៈ និងរក្សាទំនុកចិត្តសាធារណៈ។
៣. ការចោទប្រកាន់ថាធម្មនុញ្ញមិនបានបញ្ជូល «ការបដិសេធនូវផលប្រយោជន៍សាធារណៈ» និងការបង្កើត«ឧបាស្រាយចាំបាច់»ឱ្យបានសមស្រប គឺជាការភាន់ច្រឡំទាំងស្រុង។ កម្ពុជាគោរពសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយស្របតាមច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយ សេរីភាពនេះមិនអាចពង្រីកវិសាលភាពដល់សេរីភាពផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំនោះឡើយ។ ការអនុវត្តសិទ្ធិសេរីភាពបែបនេះត្រូវអនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់សារព័ត៌មាន។ ដូច្នេះ ធម្មនុញ្ញនេះត្រូវបានបង្កើតឡើងសំដៅធានាសន្តិសុខព័ត៌មាន ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងដល់គោលបំណង សិទ្ធិមនុស្ស និងធានានូវសិទ្ធិក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងការពិត។
៤. ការប្រកាសឱ្យប្រើធម្មនុញ្ញនេះធ្វើឡើងទាន់ពេលវេលាចាំបាច់ ក្នុងគោលបំណងលើកកម្ពស់សណ្តាប់ធ្នាប់ប្រព័ន្ធផ្សព្វផ្សាយ និងពង្រឹងក្រមសីលធម៌សារព័ត៌មាន។ ស្របនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបណ្តាញសារព័ត៌មានដែលបានចុះបញ្ជីជាង ២.០០០ និងអ្នកសារព័ត៌មានជាង ១០.០០០នាក់ ការបង្កើតស្តង់ដាប្រតិបត្តិការច្បាស់លាស់សម្រាប់ ក្រមសីលធម៌អ្នកសារព័ត៌មាន ស្របតាមច្បាប់ និងស្តង់ដាអប្បបរមា គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងការពារវិជ្ជាជីវៈសារព័ត៌មាន និងផលប្រយោជន៍សាធារណៈ។
៥. ផ្ទុយពីការអះអាងរបស់អ្នកជំនាញសិទ្ធិមនុស្ស តាមមាត្រា១៩ កថាខ័ណ្ឌ៣ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បញ្ជាក់ថា ការអនុវត្តសេរីភាពបញ្ចេញមតិត្រូវភ្ជាប់ជាមួយនូវកាតព្វកិច្ច ទំនួលខុសត្រូវ និងដែនកំណត់ពិសេសដែលកំណត់ដោយច្បាប់ និងភាពចាំបាច់ក្នុងកិច្ចការពារសិទ្ធិអ្នកដ៏ទៃ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌។ អនុលោមតាមកតិកាសញ្ញាអន្តរជាតិនេះ ធម្មនុញ្ញនេះមិនបានបំពានសេរីភាពនៃការបញ្ចេញមតិនោះទេ ផ្ទុយទៅវិញបានបង្កើតបរិយាកាសអំណោយផលសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់សេរីភាពសារព័ត៌មាន។
៦. ការអំពាវនាវឱ្យមានកិច្ចការពារ និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរី និងកំណែទម្រង់ច្បាប់ និងគោលនយោបាយ គឺគ្មានហេតុផល។ សេរីភាព ឯករាជ្យភាព និងកិច្ចការពារស្របច្បាប់ត្រូវបានធានាដល់អ្នកសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ។ ការអនុម័តធម្មនុញ្ញនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញប្រព័ន្ធប្រជាធិបតេយ្យប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈនៅទូទាំងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធានាថាសេរីភាពនៃការបញ្ចេញមតិត្រូវបានការពារ ខណៈដែលសិទ្ធិអ្នកដទៃក៏ត្រូវបានលើកកម្ពស់ ការអនុវត្តសេរីភាពទាំងនេះគួរតែស្ថិតនៅក្នុងដែនកំណត់នៃច្បាប់។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវទទូចឱ្យអ្នកជំនាញសិទ្ធិមនុស្សទាំងអស់នោះ ប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលអាចបកស្រាយបានថាជាការជ្រៀតជ្រែកយុត្តិធិការក្នុងស្រុករបស់កម្ពុជា។