ហេតុអ្វីបានជារាជរដ្ឋាភិបាល មិនឈឺក្បាលចំពោះអ្នកដែលមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា?
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនបានឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការខិតខំស្វែងរកការងារធ្វើ បង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង។
ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិតជាង៣ម៉ឺន២ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង២០០ បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។
ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ដរាបណាប្រទេសជាតិយើងបន្តមាន សុខសន្តិភាព រក្សាបាននូវស្ថិរភាពនយោបាយ ប្រទេសជាតិយើងនឹងមានឱកាសអភិវឌ្ឍរីកចម្រើន ទៅមុខបន្តទៀត តាមរយៈជំហ៊ានគីង្គក់ ពោលគឺយើងមិននៅស្ងៀមនោះទេ៕