តើរាជរដ្ឋាភិបាលមានផែនការយកភាសាវៀតណាមមកជំនួសភាសាខ្មែរដូចការចោទប្រកាន់មែនដែរឬទេ?
នៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣» នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងអប់រំមិនបានដាក់បញ្ចូលភាសាវៀតណាមជាភាសាជាតិនោះទេ ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា។
ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រឹងសាលាបឋមសិក្សា ពោលគឺពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំចាប់តាំងពីថ្នាក់បឋម ហើយរាជរដ្ឋាភិបាលគ្មានផែនការយកភាសាណាមួយមកជំនួសភាសាខ្មែរនោះទេ ជាក់ស្តែងជនជាតិខ្មែរត្រូវតែរៀនភាសាខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលឹកថា ការជំរុញការថែទាំអភិរក្សភាសាខ្មែរ និងការលើកកម្ពស់ភាសាខ្មែរគឺជាអ្វីដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំបានដាក់ចេញ ហើយថែមទាំងជំរុញភាសាខ្មែរឱ្យទៅជាប្រព័ន្ធឌីជីថល ដូច្នេះប្រជាជនត្រូវស្រាវជ្រាវ និងក្តាប់អោយជាប់នូវទិដ្ឋភាពជាក់ស្តែង អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្សភាសាជាតិ៕