សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ត្រៀមខ្លួនធ្វើប្រក្រតីកម្មទំនាក់ទំនងជាមួយប្រទេសថៃជានិច្ច
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនធ្វើប្រក្រតីកម្មទំនាក់ទំនងជាមួយប្រទេសថៃជានិច្ច ហើយកម្ពុជា ក៏មិនដែលចាត់ទុកថៃជាសត្រូវនោះឡើយ។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នៅតែប្រកាន់ខ្ជាប់ដំណោះស្រាយជា មួយប្រទេសថៃដោយសន្តិវិធី តាមយន្តការទ្វេភាគី និងយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ជៀសភាព តានតឹងផ្នែកយោធា។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា អ្នកណាដែលចាត់ទុកកម្ពុជាជាសត្រូវ ក៏ជាសត្រូវ របស់កម្ពុជាដែរ ហើយសម្តេចសង្ឃឹមថា កម្ពុជានិងថៃ នឹងបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញក្នុងពេលឆាប់ៗខាងមុខ ហើយកម្ពុជា នៅតែបន្តចង់បានព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ៕