Grand News Asia Close

កម្ពុជា-ឥណ្ឌា ចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 131
កម្ពុជា-ឥណ្ឌា ចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ កម្ពុជា-ឥណ្ឌា ចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ

ក្រសួងមុខងារសាធារណៈ និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវបណ្ឌិត Devyani Uttam Khobragrade ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងពិធីនោះ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងថា ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញទំនាក់ទំនងជាដៃគូនៃប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅកម្ពុជា។ លើសពីការផ្លាស់ប្តូរចំណេះដឹង អនុស្សរណៈនេះផ្តោតលើការរៀនសូត្រពីគ្នាទៅវិញទៅមក ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងមុខងារស៊ីវិល ដែលរួមចំណែកដល់ការកែលម្អអភិបាលកិច្ច ការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយក្នុងប្រទេសទាំងពីរ។ អនុស្សារណៈនេះសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង និងធ្វើជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេវាកម្មស៊ីវិល។

នាឱកាសនោះផងដែរ ឯកឧត្តម ប៉ូល ពីឌូ បានថ្លែងបន្តថា នារយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្រសួងមុខងារសាធារណៈសម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមទាំងការរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ ដើម្បីឱ្យស្របតាមការងារអាទិភាពនិងគោលនយោបាយ កែលម្អការគ្រប់គ្រងមន្ត្រីរាជការតាមរយៈឯកសារច្បាប់ ការដំឡើងប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ និងការលើកកម្ពស់សមភាពយេនឌ័រនិងការដាក់បញ្ចូលជនពិការនៅក្នុងក្របខ័ណ្ឌរដ្ឋ គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈការបណ្តុះបណ្តាលនិងសិក្ខាសាលានានា ការបង្កើតប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងមន្ត្រីរាជការ និងការអនុវត្តវិធានការសំខាន់ៗជាច្រើនទៀត៕