Grand News Asia Close

ជោគជ័យ​ ៣ចំណុច របស់ ​សម្តេច​មហាបវរធិបតី​ ក្នុង​ជំហាន​ដំបូង​លើ​ឆាក​អន្តរជាតិ​នៅ​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 185
ជោគជ័យ​ ៣ចំណុច របស់ ​សម្តេច​មហាបវរធិបតី​ ក្នុង​ជំហាន​ដំបូង​លើ​ឆាក​អន្តរជាតិ​នៅ​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី ជោគជ័យ​ ៣ចំណុច របស់ ​សម្តេច​មហាបវរធិបតី​ ក្នុង​ជំហាន​ដំបូង​លើ​ឆាក​អន្តរជាតិ​នៅ​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ​ តាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចេញទស្សនៈថា ជោគជ័យ​ ៣ ចំណុច របស់ ​សម្តេច​មហាបវរធិបតី​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ជំហាន​ដំបូង​លើ​ឆាក​អន្តរជាតិ​នៅ​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។

១. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣​និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ត្រូវ​បិទ​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​ទី​៧​កញ្ញា ម្សិល​ម្ង៉ៃ​ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ពេញ​(ពី​៤​ដល់​៧​កញ្ញា), សម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូល​រួម​យ៉ាង​ស្វិត​ស្វាញ​ក្នុង​ជំនួប​កំពូល(ក្របខណ្ឌអាស៊ាន), ជំនួប​កំពូល​ទ្វេភាគី(ដោយ​ឡែក​ពី​ក្រប​ខណ្ឌ​អាស៊ាន), ព្រម​ទាំង​កិច្ច​ប្រជុំ​ផ្សេងៗដទៃ​ទៀត សរុប​ទាំង​អស់​ជាង​៣០។ ជា​រួម, សម្តេចធិបតី ហ៊ុន ម៉ាណែត មាន​ឱកាស​ចាប់​ដៃ, ជួប​ជា​ផ្លូវ​ការ​ឬ​ក្រៅ​ផ្លូវ​ការ, ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល ព្រមទាំង​មេ​ដឹក​នាំ​កំពូលៗ​នៃ​បណ្តា​ស្ថាប័ន​តំបន់​និង​អន្តរជាតិ​ផ្សេងៗ សរុប​ទាំង​អស់​មិន​តិច​ជាង​២០​នាក់​នោះ​ទេ ដែល​មក​ពី​គ្រប់​ជ្រុង​ជ្រោយ​នៃ​ពិភពលោក, ពី អាស៊ី​អាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េ​ខាង​ត្បូង, ឥណ្ឌា, អាមេរិក, កាណាដា, អូស្ត្រាលី, និង នូវែល​សេឡង់…។ ទាំង​អស់​នេះ​ស្តែង​ឱ្យ​ឃើញ​ប្រកែក​មិន​បាន នូវ​ជោគ​ជ័យ​ផ្នែក​ការ​ទូត របស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នា​ឱកាស​បេសកកម្ម​លើក​ទី​មួយ​បង្អស់​របស់​សម្តេច លើ​ឆាក​អន្តរជាតិ ក្នុង​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ក្រោយ​ពី សម្តេច ទទួល​បាន​តំណែង​ដ៏​ខ្ពង់​ខ្ពស់​និង​ដ៏​ថ្លៃ​ថ្លា​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​២២​សីហា​កន្លង​ទៅ។

២. ជោគ​ជ័យ​ផ្នែក​ការ​ទូត​នេះ ក្លាយ​ជា​ជោគជ័យ​នយោបាយ, ពិសេស​ចាប់​ពី​ពេល​ដែល សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ផ្តើម​ថ្លែង​សុន្ទរកថា(លើក​ទី​មួយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន នៅ​ថ្ងៃ​ទី​៤​កញ្ញា) និង បន្ត​ថ្លែង​សុន្ទរកថា​ជា​ហូរ​ហែ នា​ថ្ងៃ​បន្ត​បន្ទាប់។ ហេតុ​អ្វី? ពីព្រោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូន​សារ​សំខាន់​មួយ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​បរទេស​ទាំង​ជាង​២០​នាក់​ដែល​មាន​វត្តមាន​នៅ​ទីក្រុង​ហ្សាការតា​ ថា សន្តិភាព​និង​ការ​អភិវឌ្ឍ​ចិញ្ចឹម​គ្នា​ទៅ​វិញ​ទៅ​មក ។ ជា​ការ​ពិត, សារ​មួយ​នេះ​មាន​លក្ខណៈ​សាមញ្ញ ប៉ុន្តែ ពោរពេញ​ទៅ​ដោយ​អត្ថន័យ សម្រាប់​បណ្តា​ប្រទេស​តូច​និង​នៅ​ខ្សត់​ខ្សោយ​ក្នុង​លោក ដូច​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ហែល​ឆ្លង​កាត់​សោកនាដកម្ម​មួយ​ពាន់​ជំពូក។ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ហ៊ុន ម៉ាណែត ថ្លែង​ហើយ​ថ្លែង​ទៀត​ថា«សង្រ្គាម​មិន​អាច​បញ្ចប់​ដោយ​សង្រ្គាម​បាន​ឡើយ» និង​ថា គ្មាន​សោះ​ឡើយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច បើ​គ្មាន​សន្តិភាព​ទេ​នោះ។ គឺ​សារ​នយោបាយ​នេះ​ហើយ(មេ​រៀន​ដក​ស្រង់​ចេញ​ពី​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​ដ៏​អភ័ព្វ​របស់​យើង) ដែល​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​និង​ក្នុង​លោក​ចង់​ឮ ខណៈ​ដែល​វិបត្តិ​នៅ​មីយ៉ាន់ម៉ា និង សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​បន្ត​អូស​បន្លាយ និង ខណៈ​ដែល​នៅ​អាស៊ី-ប៉ាស៊ីហ្វិក ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​មាន​លក្ខណៈ​កាន់​តែ​តាន​តឹង​ឡើង​ជា​លំដាប់។

៣. បន្ថែម​ពី​លើ​ជោគជ័យ​ការ​ទូត​និង​ជោគជ័យ​នយោបាយ មាន​ជោគជ័យ​សេដ្ឋកិច្ច​ដែល​គួរ​តែ​ត្រូវ​លើក​ឡើង។ ក្នុង​អំឡុង​ពេល​៤​ថ្ងៃ​ពេញ នៅ​ទីក្រុង​ហ្សាការតា, សម្តេចធិបតី ហ៊ុន មាណែត ប្រឹង​ប្រែង​ណាស់ (ពិសេស​ក្នុង​ក្របខណ្ឌ​នៃ​ជំនួប​ទ្វេ​ភាគី), ប្រឹង​ប្រែង​ស្វែង​រក​ប្រយោជន៍​សេដ្ឋកិច្ច​ជូន​កម្ពុជា។ ជាក់​ស្តែង ពី​ឥណ្ឌូណេស៊ី, នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ទទួល​បាន​ការ​ប្តេជ្ញា ថា​នឹង​នាំ​ចូល​អង្ករ​ខ្មែរ​ឱ្យ​បាន​២៥០,000 តោន​ក្នុង​មួយ​ឆ្នាំ, ហើយ​នឹង​ផ្គត់​ផ្គង់​ជី​ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​ដល់​កសិករ​ខ្មែរ។ ជាក់​ស្តែង​ដូច​គ្នា, កម្ពុជា​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​ជាមួយ​ហ្វីលីពីន ដើម្បី​អភិវឌ្ឍ​ក្នុង​ភាព​ជា​ដៃ​គូ វិស័យ​កសិកម្ម និង វិស័យ​សហគ្រាស​តូច​និង​មធ្យម។ មិន​តែ​ប៉ុណ្ណោះ ហ្វីលីពីន សន្យា​ថា​នឹង​សិក្សា​លទ្ធភាព​នៃ​ការ​បង្កើត​និង​បង្កើន​ជើង​ហោះ​ហើរ​ផ្លូវ​ត្រង់ ពី​ទីក្រុង​ទេសចរណ៍​របស់​ខ្លួន​ឆ្ពោះ​មក​កាន់​សៀមរាប។ រី​ឯ​កូរ៉េ​ខាង​ត្បូង​និង​ម៉ាឡេស៊ី​វិញ យល់​ព្រម​ជា​គោលការណ៍​ក្នុង​ការ​បង្កើន​កូតា​ពលករ​ខ្មែរ និង​ក្នុង​ការ​ចាត់​វិធាន​ការ​បន្ថែម​ដើម្បី​ពង្រឹង​កិច្ច​គាំពា​ពលករ​ខ្មែរ​ដែល​រស់​និង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង