លោក ប៉ាន សូរស័ក្តិ៖ កម្ពុជាសម្រេចបានក្នុងការងារអភិវឌ្ឍវិស័យហាឡាល

ថ្ងៃសុក្រ ទី ២៥ វិច្ឆិកា ២០១៦​
90

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងដូចនេះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសទទួលជួបគណៈប្រតិភូ និងជំនាញការម៉ាឡេស៊ី ដើម្បីពិភាក្សាលើការរៀបចំផែនការបង្ហាញផ្លូវសម្រាប់អភិវឌ្ឍវិស័យហាឡាលនៅកម្ពុជា។

លោករដ្ឋមន្ត្រី ចាប់ផ្ដើមកិច្ចប្រជុំដោយសង្ខេបជូនអំពីសមិទ្ធផលមួយចំនួន ដែលកម្ពុជាបានសម្រេចបានក្នុងការងារអភិវឌ្ឍវិស័យហាឡាល។ សមិទ្ធផលចំបងមួយក្នុងចំណោមនោះ គឺការអនុម័តអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៦ ដែលជាចំណុចចាប់ផ្ដើមក្នុងការសម្រេចបាននូវការអភិវឌ្ឍផលិតផល និងសេវាកម្មហាឡាល ប្រកបដោយនិរន្តរភាព។

ជាកិច្ចឆ្លើយតប ថ្នាក់ដឹកនាំប្រតិភូម៉ាឡេស៊ី បានអបអរសាទរ និងកោតសរសើរដល់កម្ពុជា ដែលបានខិតខំប្រឹងប្រែងផ្ដួចផ្ដើមគោលនយោបាយគ្រប់គ្រងនិងអភិវឌ្ឍហាឡាល។ ចំពោះសំណើរបស់កម្ពុជាដែលបានស្នើសុំឲ្យប្រទេសម៉ាឡេស៊ីជួយរៀបចំផែនការបង្ហាញផ្លូវអភិវឌ្ឍ ជំនាញការម៉ាឡេស៊ីបានរៀបចំសេចក្ដីព្រាងក្របខណ្ឌ និងផែនការបង្ហាញផ្លូវ ដើម្បីជាចំណុចផ្ដើមសម្រាប់រៀបចំកិច្ចពិភាក្សាបច្ចេកទេសបន្តទៀត។ សេចក្ដីព្រាងក្របខណ្ឌ និងផែនការបង្ហាញផ្លូវនេះត្រូវតែមានការពិភាក្សាលំអិតបន្ថែមទៀត ជាពិសេសជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាជ្រើសរើសចំណុចអាទិភាពមួយចំនួន ដើម្បីប្រែក្លាយឯកសារព្រាងទាំងឡាយឲ្យទៅជាផែនការបង្ហាញផ្លូវអភិវឌ្ឍមួយពេញលេញ។ លើសពីនោះថែមទៀត ការបង្កើតក្របខណ្ឌគ្រប់គ្រងរដ្ឋបាលក៏ជាចំណុចសំខាន់មួយដែរ សម្រាប់គ្រប់គ្រងនិងបញ្ជាក់អនុលោមភាពលើផលិតផល និងសេវាកម្មហាឡាលទាំងឡាយ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរអរគុណចំពោះគណៈប្រតិភូ និងជំនាញការម៉ាឡេស៊ីដែលបានផ្ដល់ការណែនាំល្អៗក្នុងការអភិវឌ្ឍវិស័យហាឡាល។ លោក ទទួលស្គាល់ថាប្រទេសម៉ាឡេស៊ីជាប្រទេសនាំមុខគេ ដែលមានការអភិវឌ្ឍវិស័យហាឡាល គ្រប់គ្រង និងអនុលោមភាពខ្ពស់ ហើយលោក ក៏បានអញ្ជើញគណៈប្រតិភូ និងជំនាញការចូលរួមកិច្ចប្រជុំពិភាក្សាបច្ចេកទេសបន្ថែមជាមួយក្រុមការងារហាឡាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់នៅកម្ពុជា។ ចំពោះដំណើរទស្សនកិច្ចនេះ លោក ជឿជាក់ថានឹងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត៕

15123129_1361300283882846_2967108291713575798_o 15128843_1361300363882838_1544973500705376398_o 15129668_1361300803882794_2708763737377671230_o 15156785_1361300913882783_321129802351048813_o 15156790_1361300807216127_4245446450368509981_o 15194524_1361300903882784_2848775889926354794_o 15250925_1361300797216128_5097662390551288711_o

 

ចែករំលែក

បញ្ចេញយោបល់