កូន​ក្នុង​ផ្ទៃ​នឹង​ជួប​គ្រោះថ្នាក់​អ្វីខ្លះ បើ​ម្តាយ​ទទួលទាន​អាហារ​មិនបាន​ត្រឹមត្រូវ?

ថ្ងៃសុក្រ ទី ២៥ វិច្ឆិកា ២០១៦​
424

ស្ត្រីគួរដឹងពីផលវិបាកដែលត្រូវជួបប្រទះ ប្រសិនបើមិនបានទទួលទានអាហារត្រឹមត្រូវក្នុងកំឡុងពេលមានផ្ទៃពោះ។

food-pyramid

បើទោះបីជាស្ត្រី និងទារកម្នាក់ៗមិនដូចគ្នាក៏ដោយ ស្ត្រីគ្រប់រូបត្រូវការអាហាររូបត្ថម្ភគ្រប់គ្រាន់ក្នុងកំឡុងពេលពពោះ។ របបអាហារត្រឹមត្រូវពិតជាសំខាន់ណាស់ចំពោះសុខុមាលភាពរបស់ម្តាយ ក៏ដូចជាទារកក្នុងផ្ទៃ។

ខ្សោយអាហាររូបត្ថម្ភ ម្តាយ និងកូនអាចជួបបញ្ហាជាច្រើនដូចជា ទារកទម្ងន់ស្រាល ស្លាប់គភ៌ ខូចប្រព័ន្ធសរសៃប្រសាទ…។

ខាងក្រោមនឹងបង្ហាញពីផលប៉ះពាល់ផ្សេងៗដល់ទារក បណ្តាលមកពីម្តាយទទួលទានអាហារមិនបានត្រឹមត្រូវ៖

ខូចសរសៃប្រសាទ

នៅពេលម្តាយទទួលទានអាហារមិនបានត្រឹមត្រូវ វាអាចបណ្តាលឱ្យទារកជួបបញ្ហាសរសៃប្រសាទខុសប្រក្រតី ធ្វើឱ្យការលូតលាស់ខួរក្បាល និងឆ្អឹងខ្នងកូនអ្នកខុសធម្មតា។ ករណីខ្លះគ្រប់យ៉ាងលើខ្លួនប្រាណទារកធម្មតា តែអសមត្ថភាពការសិក្សា។

បាត់បង់គភ៌ និងទារក

ប្រសិនបើអ្នកខ្សោយសុខភាព អ្នកអាចត្រូវប្រឈមនឹងការស្លាប់គភ៌ ឬកូនស្លាប់ទាំងក្មេងខ្ចី។ ទោះបីជាយ៉ាងណា សព្វថ្ងៃនេះ កម្រនឹងមានករណីនេះណាស់ តែអ្នកមិនត្រូវព្រងើយកន្តើយ និងត្រូវយកចិត្តទុកដាក់ញ៉ាំអាហារជំនួយសុខភាព។

ទារកទម្ងន់ស្រាលខ្លាំង

ប្រសិនបើអ្នកទទួលទានអាហាររូបត្ថម្ភបានតិចក្នុងកំឡុងពេលមានផ្ទៃពោះ កូនដែលកើតមកនឹងទម្ងន់ស្រាលខ្លាំង។ មិនតែប៉ុណ្ណោះ វាច្រើនធ្វើឱ្យទារកកើតជំងឺរ៉ាំរ៉ៃ ហើយករណីខ្លះអាចឈានទៅដល់ការស្លាប់ក្រោយបានអាយុ ២-៣ឆ្នាំដំបូង។

ក្រិន

បើសិនអ្នកមិនបានទទួលទានអាហារត្រឹមត្រូវ ឬអាហារអ្នកខ្វះជាតិវីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ទារកអ្នកនឹងក្រិន ដោយសារកង្វះធនធានក្នុងខ្លួន។

បរិមាណជាតិកាឡូរីទាប

ម្តាយទទួលទានអាហារមិនបានត្រឹមត្រូវ ងាយនឹងសម្រាលកូនមិនគ្រប់ខែ ព្រោះខ្វះសារធាតុចិញ្ចឹម និងជាតិកាឡូរី។ ដូច្នេះ អ្នកត្រូវទទួលទានឱ្យបានប្រហែល ២២០០កាឡូរីក្នុងត្រីមាសដំបូង និងកើនឡើងដល់ ២៣០០-២៥០០ នៅត្រីមាសបន្ទាប់ៗ។

ទទួលទានអាហារឱ្យបានយ៉ាងតិចណាស់ ៣ពេលជាប្រចាំ

ជារៀងរាល់ថ្ងៃ អ្នកត្រូវទទួលទានអាហារឱ្យបាន ៣ពេល។ ដោយសារទារកអ្នកនឹងស្រូបយកសារធាតុចិញ្ចឹមពីប្រព័ន្ធរាងកាយអ្នក ដូច្នេះបើអ្នកទទួលទានអាហារមិនបានគ្រប់គ្រាន់ វាអាចប៉ះពាល់ដល់ទារក។

កង្វះជាតិកាល់ស្យូម

ត្រូវចាំថា ជាតិកាល់ស្យូមពិតជាសំខាន់ណាស់ចំពោះទារក ហើយប្រសិនបើអ្នកខ្វះជាតិកាល់ស្យូម កូនអ្នកនឹងជួបបញ្ហាពុកធ្មេញ ពុកឆ្អឹង។ បើទោះបីជាអ្នកនៅក្មេងក៏ដោយ បញ្ហានេះនឹងបណ្តាលឱ្យអ្នកឈឺសន្លាក់ ពុកឆ្អឹង និងខូចសុខភាព។

កង្វះអាស៊ីតហ្វូឡិចបណ្តាលឱ្យខូចសរសៃប្រសាទក្មេង

អាស៊ីតហ្វូឡិចពិតជាសំខាន់ណាស់សម្រាប់អ្នកក្នុងដំណាក់កាលពពោះដំបូង។ កង្វះអាស៊ីតហ្វូឡិចនាំឱ្យខូចសរសៃប្រសាទទារក។ យោងតាមការសិក្សា កម្រិតអាស៊ីតហ្វូឡិចក្នុងខ្លួនស្ត្រីទាប ងាយនឹងសម្រាលកូនមិនគ្រប់ខែ។ ហេតុនេះ ព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើនដូចជា ស្ពៃខ្មៅ ផ្កាខាត់ណា ផ្លែប័រ ទឹកក្រូចស្រស់៕

ddw_844465 2016-11-25-005 2016-11-25-002 2016-11-25-003 2016-11-25-004

ចែករំលែក

បញ្ចេញយោបល់