នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាសហការ និងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានប្រារព្ធពិធីសាសនា និងធ្វើរបងព័ទ្ធគល់គ្រញូងដែលត្រូវបានជនល្មើសលួចអារកាត់កាលពីពេលថ្មីៗកន្លងទៅនេះ។ ពិធីនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងជំនឿរបស់ប្រជាពលរដ្ឋ និងដើម្បីការពារគល់គ្រញូងដែលនៅសេសសល់ទុកជាស្លាកស្នាមប្រវត្តិសាស្ត្រនៃដើមឈើកម្រក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងការពារកូនគ្រញូងដែលបានដុះឡើងត្រង់គល់ចាស់នោះ។
ព្រះតេជគុណ បូរ បេត សមាជិកក្រុមបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមមានថេរដីកាថា ដោយសារគ្រញូងមួយដើមនេះជាដើមឈើដែលអ្នកស្រុកធ្លាប់មានជំនឿបន់ស្រន់ពីមុន យើងចង់បំពេញកិច្ចសាសនាជូនពួកគាត់ និងសុំឱ្យគាត់យកការខឹងសម្បារនោះមកជាការរួមចំណែកថែរក្សាវិញ។ ជាក់ស្តែង កាលពីថ្ងៃទី២៤កន្លងទៅនេះយើងបានដឹកនាំពួកគាត់ដាំកូនគ្រញូងចំនួន១០០ដើមនៅក្នុងវត្តថ្មីដំរីសែនជ័យរួចរាល់ហើយដែរ។
ឯកឧត្ដម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងពិធីនេះថា ការអភិរក្សថែទាំ និងដាំឡើងវិញព្រៃឈើក្នុងឧទ្យានអង្គរគឺជាសកម្មភាពដែលយើងតែងធ្វើជាប្រចាំ។ យើងមានការសោកស្តាយដើមគ្រញូងមួយដើមដែលបានបាត់បង់ទៅ តែពេលនេះយើងឃើញដុះកូនគ្រញូងថ្មីដុះឡើង ទើបយើងសម្រេចធ្វើរបងការពារកុំឲ្យអ្នកមកមើលឡើងជាន់។ ម្យ៉ាងទៀត យើងក៏បានសហការជាមួយព្រះសង្ឃធ្វើពិធីសាសនាដើម្បីតម្រូវតាមប្រជាពលរដ្ឋដែលគាត់ចង់បាន។
ជាមួយគ្នានេះដែរឯកឧត្តមអគ្គនាយករងក៏បានបង្ហាញអំពីបេសកកម្មការពារព្រៃឈើក្នុងឧទ្យានអង្គរ ដែលសម្បូរដោយប្រភេទឈើជាង១៨០ប្រភេទ។ យើងមិនមែនអភិរក្សនិងដាំឡើងវិញតែប្រភេទឈើកម្រដូចជាគ្រញូងជាដើមតែមួយមុខទេ យើងបានដាំកូនឈើរាប់ម៉ឺនដើមក្នុងជារៀងរាល់ឆ្នាំក្នុងឧទ្យានអង្គរ និងចែកចាយតាមវត្ត និងសហគមន៍នានាដើម្បីចូលរួមដាំផងដែរ៕