តើមានរណានៅអាស៊ី ទុកចិត្តអាមេរិកទៀត?

ថ្ងៃសុក្រ ទី ២៥ វិច្ឆិកា ២០១៦​
121

នៅឯកិច្ចប្រជុំកំពូល APEC នៅប្រទេស Peru កាលពីសប្តាហ៍មុន ក្រុមប្រទេសជុំវិញតំបន់ប៉ាស៊ីហ្វិក បានអះអាងជាថ្មីអំពីសារៈសំខាន់នៃពាណិជ្ជកម្មសេរីនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ។ សេដ្ឋកិច្ចប្រទេស APEC រួមទាំងសហរដ្ឋអាមេរិកផងដែរនោះ មានចេតនា “រក្សាទីផ្សារបើកចំហ និងប្រយុទ្ធប្រឆាំងរាល់ទម្រង់ទាំងអស់នៃគោលនយោបាយគាំពារនិយម ដែលជាការឆ្លើយតបអវិជ្ជមានមួយចេញពីរដ្ឋបាលថ្មីរបស់ទីក្រុង Washington។ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានសន្យាថា នឹងដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នេះ។ សេចក្តីថ្លែងការណ៍បែបខឹងសម្បាររបស់លោក Trump បានលុបបំបាត់ឱកាសណាមួយដែលថា សភាអាមេរិក នឹងអនុម័តកិច្ចព្រមព្រៀងនេះ អំឡុងពេលដែលនៅសេសសល់នៃរដ្ឋបាលបច្ចុប្បន្ន។

កេរ្តិ៍ឈ្មោះរបស់អាមេរិកនៅក្នុងតំបន់បានចុះខ្សោយទៅហើយ មុនពេលមានការលុបចោលជាផ្លូវការនៃកិច្ចព្រមព្រៀង TPP នេះ។ បរាជ័យនៃកិច្ចព្រមព្រៀង គឺជាកត្តាមួយដែលប៉ះពាល់ដល់សម្ព័ន្ធមិត្តអាមេរិក ជាពិសេស ជប៉ុន និងប្រទេសក្នុងតំបន់ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដូចជា វៀតណាម និងសិង្ហបុរី ដែលមានទស្សនៈថា កិច្ចព្រមព្រៀងនេះគឺជាឧបករណ៍មួយដើម្បីវាស់ស្ទង់គោលបំណងរបស់អាមេរិកមកដល់តំបន់អាស៊ី។ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong ចាប់អារម្មណ៍ចំពោះសក្តានុពលនៃភាពបរាជ័យនៃកិច្ចព្រមព្រៀង TPP នេះ ដោយបានលើកឡើងថា “វាគឺជាកេរ្តិ៍ឈ្មោះរបស់អ្នក ក្នុងនាមជាសម្ព័ន្ធមិត្តមួយ។ តើនរណាមានជំនឿលើអ្នកទៀត?”

ជាក់ស្តែង លោក Trump បានធ្វើឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកមានការមិនសប្បាយចិត្ត ដោយថា រដ្ឋបាលថ្មីរបស់អាមេរិក អាចនឹងដកខ្លួនចេញយឺតៗចេញពីអាស៊ីប៉ាស៊ីហ្វិក។ ក្តីបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិក ដូចជា ជប៉ុន និងកូរ៉េខាងត្បូង មានវិសាលភាពធំធេង ដោយសារពួកគេអាចនឹងមានបន្ទុករួមជាមួយនឹងផែនការរបស់រដ្ឋបាលថ្មី ចំពោះកូរ៉េខាងជើង និងប្រអប់ខ្មៅ ដែលជាយុទ្ធសាស្រ្តរបស់លោក Trump ដើម្បីទប់ទល់ជាមួយចិន។

ក៏ប៉ុន្តែ បញ្ហាទាំងអស់នេះគឺទំនងជាថា TPP នឹងត្រូវបានលុបចោល។ កត្តានេះនឹងធ្វើឱ្យ”យុទ្ធសាស្រ្តបង្វែកម្លាំងមកអាស៊ី” របស់លោក Barack Obama បាត់បង់ទៅវិញ។ កិច្ចព្រមព្រៀង TPP នេះ គឺជាស្ពានចម្លងដើម្បីតភ្ជាប់គោលនយោបាយអាស៊ីរបស់ទីក្រុង Washington ឆ្ពោះទៅរកយុទ្ធសាស្រ្តយូរអង្វែង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ចនៅក្នុងតំបន់។

ពុំមានសំណួរដែលថា ការបរាជ័យនៃ TPP នេះ នឹងផ្តល់ផលប្រយោជន៍មួយដល់ទីក្រុងប៉េកាំងនោះទេ។ រដ្ឋបាលលោក Obama បានព្យាយាមជំរុញកិច្ចព្រមព្រៀងនេះ ដោយបានលើកឡើងថា TPP នឹងបញ្ចៀសស្ថានភាពមួយដែលថា “ចិននឹងមានឥទ្ធិពលផ្តាច់មុខ” នៅក្នុងតំបន់នេះទេ។

បរាជ័យរបស់អាមេរិក ក្នុងការបន្តគោលបំណងផ្នែកសេដ្ឋកិច្ចដើម្បីតភ្ជាប់ជាមួយតំបន់ប៉ាស៊ីហ្វិកនេះ នឹងធ្វើឱ្យទំនាក់ទំនងរបស់អាមេរិក និងប្រទេសផ្សេងទៀតមានការធ្លាក់ចុះ។

កិច្ចព្រមព្រៀង TPP របស់អាមេរិកនេះ មានសាៈសំខាន់ណាស់ ពីព្រោះ វាមានគោលដៅបង្កើតទំនាក់ទំនងជាមួយប្រទេសដែលកំពុងងើបឡើង និងមានការប្រេះឆាកន្លងមក ដូចជា វៀតណាម និងម៉ាឡេស៊ី។ TPP បានជួយជំរុញទំនាក់ទំនងរបស់ទីក្រុង Washington ជាមួយតំបន់ ឧទាហរណ៍ ទំនាក់ទំនងវិស័យការពារជាតិរវាងអាមេរិក និងវៀតណាម។

នៅខណៈពេលដែលចំណុចសំខាន់ស្តីពីបញ្ហាសន្តិសុខរបស់លោក Trump នៅមិនទាន់ច្បាស់លាស់នៅឡើយនោះ ក៏ប៉ុន្តែ ទស្សនៈវិស័យផ្នែកសេដ្ឋកិច្ចរបស់គាត់បានស្តែងឡើងច្បាស់លាស់។ គាត់បានពិចារណាធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្មអន្តរជាតិ មិនត្រឹមតែពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TPP នោះទេ ថែមទាំង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងផងដែរ។

ការរិះគន់របស់លោក Trump លើ TPP បានផ្តោតលើការចោទប្រកាន់របស់ TPP ក្នុងការជួយជំរុញសេដ្ឋកិច្ចនៅអាស៊ី ដោយធ្វើឱ្យបាត់បង់ការងារនៅអាមេរិក។ ទឡ្ហីករណ៍គាំពារនិយមនេះ ទទួលបានការគាំទ្រតិចតួច ដោយពិចារណាថា ការងារប្រាក់ខែខ្ពស់នៅក្នុងក្រុមហ៊ុនអាមេរិក ត្រូវបានគាំទ្រដោយសមត្ថភាពនាំចេញទៅកាន់បរទេសរបស់ប្រទេស។ យោងតាមការវិភាគរបស់វិទ្យាស្ថាន Peterson កិច្ចព្រមព្រៀង TPP នឹងផ្តល់កំណើនប្រាក់ចំណូលពិតប្រាកដ ១៣១លានដុល្លារ នៅសហរដ្ឋអាមេរិកត្រឹមឆ្នាំ ២០៣០ ហើយការនាំចេញរបស់អាមេរិក នឹងឈានដល់ ៣៥៧ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០។

បន្ថែមទៅលើផលប្រយោជន៍សេដ្ឋកិច្ច TPP មានភាពខុសគ្នាទៅនឹងកិច្ចព្រមព្រៀងធំៗផ្សេងទៀត។ TPP មានគោលបំណងមិនត្រឹមតែកាត់បន្ថយអាត្រាពន្ធ និងផ្តល់នូវការចូលទៅកាន់ទីផ្សារសេរីនោះទេ ថែមទាំងជំរុញកំណែទម្រង់បទបញ្ញត្តិ និងរចនាសម្ព័ន្ធក្នុងចំណោមប្រទេសហត្ថលេខីទៀតផង។ គោលបំណងនៃការធ្វើកំណែទម្រង់ទាំងនេះ បានជំរុញឱ្យមានការពិចារណាផ្នែកនយោបាយខ្ពស់ពីសម្ព័ន្ធមិត្តអាមេរិក ដូចជា ជប៉ុន និងមិត្តដែលកំពុងងើបឡើងនៅក្នុងតំបន់ ដូចជាវៀតណាមជាដើម ដែលបច្ចុប្បន្ន កំពុងជាប់គាំងជាមួយនឹងសេចក្តីសម្រេចថា តើត្រូវលុបកិច្ចព្រមព្រៀង TPP ដែលពួកគេបានវិនិយោគកន្លងមកនេះចោល ឬក៏ទទួលយកកិច្ចព្រមព្រៀងនេះ ដោយពុំមានវត្តមានរបស់សហរដ្ឋអាមេរិកនៅថ្ងៃអនាគត៕

ប្រភព : Foreign Policy ចុះថ្ងៃទី ខែ២៤ វិច្ឆិកា ឆ្នាំ២០១៦

photo_2016-11-25_14-53-21

 

ចែករំលែក

បញ្ចេញយោបល់