អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នធានាគុណភាពនៃប្រទេសជប៉ុន (JQA) បើកវគ្គអប់រំបរិស្ថានដល់កុមារនៅសាលាបឋមសិក្សាគ្រើល ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០៦។
កម្មវិធីអប់រំបរិស្ថានដល់កុមាររបស់ស្ថាប័នធានាគុណភាពប្រទេសជប៉ុន បានចាប់ផ្តើមតាំងពីឆ្នាំ២០១១មកម្ល៉េះ ដោយអនុវត្តបាន៧សាលាហើយនៅក្នុងតំបន់ឧទ្យានអង្គរ តែនេះលើកទី១សម្រាប់សាលាបឋមសិក្សាគ្រើល។ ក្រុមការងារបានរៀបចំវិធីសាស្ត្រងាយៗ សប្បាយៗដើម្បីបង្រៀនដល់សិស្ស រួមទាំងលេងល្បែងកម្សាន្តដែលបង្កប់ន័យអប់រំពាក់ព័ន្ធនឹងការងារថែរក្សាបរិស្ថាននៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួនឱ្យបានល្អ។ ក្រៅពីនេះក្រុមការងារបានឱ្យកុមាររើសប្រធានបទដើម្បីអនុវត្តជាក្រុមរយៈពេល៣ខែ ហើយចុងក្រោយនឹងមានការវាយតម្លៃប្រធានបទដែលល្អដើម្បីចែកប័ណ្ណសរសើរដល់ក្រុមកុមារណាដែលទទួលបានជ័យលាភីនៅខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ។
លោកគ្រូ ស៊ុង ស៊ូ នាយកសាលាបឋមសាលាគ្រើល បានសម្តែងនូវសេចក្តីរីករាយចំពោះអាជ្ញាធរជាតិអប្សរានិងស្ថាប័ន JQA ដែលបានយកទីនេះជាគោលដៅអប់រំបរិស្ថាន ដើម្បីបង្កើនចំណេះដឹងបន្ថែមដល់សិស្ស។ លោកគ្រូបន្តទៀតថា ការយកចិត្តទុកដាក់លើបរិស្ថានជាផ្នែកមួយដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃដោយមិនអាចខានបាន។ ក្នុងនោះដែរលោកគ្រូក៏បានជំរុញ និងលើកទឹកចិត្តសិស្សឱ្យចូលរួមសម្អាតបរិស្ថានក្នុងសាលា ឱ្យពួកគេចេះទុកដាក់សំរាមបានត្រឹមត្រូវ និងចូលរួមសម្អាតក្នុងសហគមន៍ផងដែរ ធ្វើឱ្យសហគមន៍មានការចាប់អារម្មណ៍ និងផ្លាស់ប្តូរឥរិយាបថរបស់ពួកគាត់ជាខ្លាំង។ ជាលទ្ធផលតាមរយៈការបណ្តុះគំនិត ការអប់រំ ការបញ្ជ្រាបចំណេះដឹង និងសារៈសំខាន់នៃការសម្អាតបរិស្ថានកន្លងមក បានធ្វើឱ្យក្មេងៗចាប់អារម្មណ៍និងចូលរួមយ៉ាងសកម្ម។
តាមប្រសាសន៍របស់លោក Satoru Kishino ប្រធានទទួលខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុននៅប្រទេសជប៉ុន និងជាប្រធានប្រតិបត្តិរបស់ស្ថាប័ន JQA បានបញ្ជាក់ថា ស្ថាប័នលោកបានធ្វើការងារនេះជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិអប្សរាដើម្បីពង្រីកទិសដៅអប់រំបរិស្ថានឱ្យបានទូទាំងឧទ្យានអង្គរ ក្នុងបំណងឱ្យកុមារចេះគិតគូរដោះស្រាយបញ្ហា និងចេះស្រឡាញ់ ថែរក្សាបរិស្ថានដោយខ្លួនឯងតាំងពីតូចទៅ។ លោក បានបញ្ជាក់ដែរថា ការជ្រើសរើសកុមារមកអប់រំ គឺងាយស្រួលជាងមនុស្សចាស់ ព្រោះបន្ទាប់ពីរៀនសូត្រ ឬដឹងឮហើយ ពួកគេនឹងអនុវត្តភ្លាម។ កាលណាពួកគេដឹង គេស្រឡាញ់ គេចូលចិត្ត គេនឹងថែរក្សាដោយយកចិត្តទុកដាក់ ហើយកុមារទាំងនេះនឹងក្លាយជាគំរូល្អក្នុងការថែរក្សាបរិស្ថាន និងជួយអប់រំដល់កុមារដទៃទៀតផងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមការសង្កេតជាក់ស្តែងលើសាលាគោលដៅកន្លងមក ឃើញថាលទ្ធផល គឺល្អប្រសើរ តែយ៉ាងណាបន្តទៀតនោះ វាក៏អាស្រ័យលើខ្លួនពួកគេដែរ ព្រោះការសម្អាតបរិស្ថានមិនមែនធ្វើមួយថ្ងៃចប់ឡើយ ហើយត្រូវបណ្តុះគំនិតពីក្មេងៗ និងផ្តើមចេញពីយើងគ្រប់ៗគ្នា!
លោក ភោគ បញ្ញា លេខាធិការនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) របស់អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា លោកពិតជាពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីអប់រំនេះ។ កម្មវិធីនេះធ្វើឱ្យកុមារបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថានទាំងនៅសាលារៀន និងលំនៅឋានរបស់ពួកគេផ្ទាល់។ វគ្គសិក្សានេះនឹងនាំឱ្យគេដឹងច្បាស់ពី ដើមហេតុ បញ្ហាប្រឈម ចូលរួមបញ្ចេញសកម្មភាព ការរៀបផែនការ និងការដោះស្រាយបញ្ហានានាចំពោះបរិស្ថានឱ្យបានល្អប្រសើរ ហើយអាជ្ញាធរជាតិអប្សរាក៏នៅក្បែរពួកគេជានិច្ចដើម្បីតាមដានសកម្មភាពសិក្សា និងជួយពន្យល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូ និងស្ថាប័នJQA សំដៅធ្វើយ៉ាងណាឱ្យកុមារក្នុងតំបន់អង្គរមានការយល់ដឹងពីបរិស្ថានខ្ពស់ ហើយបរិស្ថានក្នុងតំបន់អង្គរក៏បានស្អាតគ្រប់ពេលដែរ៕