ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងនិយាយផ្សេងទៅវិញ នៅពេលគាត់ត្រៀមឡើងកាន់តំណែងប្រធានាធិបតី។
បុរសធុរកិច្ចរូបនោះក៏ចាប់ផ្តើមរួចស្រេចក្នុងការងាកចេញពីពាក្យសម្តីបំបោងនិងពាក្យសន្យាខ្លះដែលគាត់បានធ្វើក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដែលមានចាប់តាំងពីរបៀបដែលគាត់នឹងប្រព្រឹត្តដាក់លោកស្រី ហ៊ីលឡារី គ្លីនតុន រហូតដល់អ្វីដែលគាត់អាចសម្រេចបានជាមួយសភា។
ខាងក្រោមនេះគឺជាលោក ដូណាល់ ត្រាំ កាលពីមុននិងពេលបច្ចុប្បន្ន។
ស្តីពីការស៊ើបអង្កេតលោកស្រី ហ៊ីលឡារី គ្លីនតុន
លោក ត្រាំ បានរិះគន់ខ្លាំងៗម្តងហើយម្តងទៀតនូវការប្រើប្រាស់ម៉ាស៊ីនផ្ទុកទិន្នន័យអ៊ីម៉ែលឯកជនក្នុងអំឡុងការធ្វើយុទ្ធនាការឃោសនា ដែលបានរៀបរាប់អំពីបញ្ជីនៃការប្រព្រឹត្តខុសឆ្គង និងបានលើកឡើងជាច្រើនដងថា គ្លីនតុន គួរតែជាប់ពន្ធនាគារនៅពេលអ្នកគាំទ្ររបស់គាត់ស្រែកថា “សូមដាក់គុកលោកស្រី”។
ត្រាំ កាលពីពេលមុន៖ “ប្រសិនបើខ្ញុំជាប់ឆ្នោត ខ្ញុំនឹងណែនាំឲ្យអគ្គរដ្ឋអាជ្ញារបស់ខ្ញុំរើសយករដ្ឋអាជ្ញាពិសេសម្នាក់ដើម្បីពិនិត្យមើលស្ថានភាពរបស់អ្នក ដោយសារតែមិនដែលមានការកុហកច្រើនដល់ម្លឹង និងការបិតបាំងច្រើនដល់ម្លឹងនោះទេ។ មិនដែលមានអ្វីៗកើតឡើងដូចនេះទេ ហើយយើងនឹងមានរដ្ឋអាជ្ញាពិសេសមួយ”។
ត្រាំ ពេលបច្ចុប្បន្ន៖ ខ្ញុំចង់ធ្វើដំណើរទៅមុខ។ ខ្ញុំមិនចង់ត្រឡប់ថយក្រោយទេ។ ហើយខ្ញុំមិនចង់ឲ្យគ្រួសារ គ្លីនតុន ឈឺចាប់នោះទេ។ ខ្ញុំពិតជាមិនចង់នោះទេ។ លោកស្រីបានឈឺចាប់យ៉ាងច្រើនតាមរបៀបផ្សេងៗជាច្រើនហើយ។ ហើយខ្ញុំនឹងមិនធ្វើឲ្យពួកគេឈឺចាប់នោះទេ។ គាត់បានប្រាប់រឿងនេះដល់សារព័ត៌មាន The New York Times កាលពីថ្ងៃអង្គារ។
ស្តីពីការប្រែប្រួលអាកាសធាតុ
លោក ដូណាល់ ត្រាំ បានហៅការប្រែប្រួលអាកាសធាតុថា ជា “ផែនការបោកប្រាស់” បង្កើតឡើងដោយចិននៅមុនពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់គាត់។
ត្រាំ កាលពីមុន៖ នៅក្នុងបទសម្ភាសន៍នៅខែមីនាជាមួយសារព័ត៌មានរបស់ Washington Post គាត់បាននិយាយថា “ខ្ញុំគិតថា មានការផ្លាស់ប្តូរអាកាសធាតុ។ ខ្ញុំមិនមែនជាអ្នកមានជំនឿខ្លាំងទៅនឹងការប្រែប្រួលអាកាសធាតុបង្កើតឡើងដោយមនុស្សនោះទេ។ ខ្ញុំមិនមែនជាអ្នកមានជំនឿខ្លាំងនោះទេ។ ខ្ញុំមិនមែនជាអ្នកមានជំនឿធំនឹងការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្សនោះទេ”។ ហើយនៅខែឧសភា គាត់បាននិយាយថា គាត់នឹង “លប់ចោល” កិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុរបស់ក្រុងប៉ារីស។
ត្រាំ ពេលបច្ចុប្បន្ន៖ គាត់បានប្រាប់សារព័ត៌មាន The New York Times ស្តីពីកិច្ចព្រមព្រៀងប៉ារីសនោះថា “ខ្ញុំមានចិត្តបើកទូលាយដល់ការប្រែប្រួលអាកាសធាតុ។ យើងនឹងពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំមានចិត្តបើកទូលាយយ៉ាងខ្លាំង”។
នៅពេលគេសួរអំពីការរកឃើញបែបវិទ្យាសាស្ត្រស្តីពីការជាប់ពាក់ព័ន្ធរវាងសកម្មភាពមនុស្សនិងការប្រែប្រួលអាកាសធាតុនោះ គាត់បានបន្ថែមថា “ខ្ញុំគិតថា មានភាពទាក់ទងគ្នាខ្លះ។ វាមានការទាក់ទងខ្លះ។ វាអាស្រ័យលើថា មានចំនួនប៉ុន្មានប៉ុណ្ណោះ។ វាក៏អាស្រ័យលើថា តើវានឹងខាតបង់ដល់បណ្តាក្រុមហ៊ុនរបស់យើងច្រើនប៉ុណ្ណា”។
ស្តីពីអូបាម៉ាឃែរ (កម្មវិធីថែទាំសុខភាពរបស់លោកអូបាម៉ា)
ការសន្យាដ៏សំខាន់នៅពេលយុទ្ធនាការមួយរបស់លោក ត្រាំ គឺការសន្យារបស់គាត់ក្នុងការ “លប់ចោល ហើយដាក់ជំនួស” អូបាម៉ាឃែរ ដែលគាត់បានហៅជាច្រើនដងថា “មហន្តរាយ” ក្នុងពេលឃោសនាបោះឆ្នោត។
ត្រាំ នៅពេលមុន៖ គាត់បាននិយាយនៅមុនការបោះឆ្នោតថា “ការផ្លាស់ប្តូរពិតប្រាកដចាប់ផ្តើមពីការលប់ចោលនិងជំនួសអូបាម៉ាឃែរភ្លាម”។
ត្រាំ ពេលបច្ចុប្បន្ន៖ លោក ត្រាំ បានប្រាប់ The Wall Street Journal ដោយបានកោតសសើរដល់បញ្ញត្តិជាច្រើនរបស់ច្បាប់នោះ ដែលគាត់បាននិយាយថា គាត់មានបំណងរក្សាទុកវា ដូចជាការជួយដល់មនុស្សដែលមានបញ្ហាសុខភាពស្រាប់ និងសម្រាប់មនុស្សដែលមានអាយុក្រោម ២៦ ឆ្នាំដែលចង់ប្រើផែនការថែទាំសុខភាពរបស់ឪពុកម្តាយរបស់គេជាដើម”។ គាត់បាននិយាយសំដៅលើបញ្ញត្តិទាំងនោះថា “ខ្ញុំចូលចិត្តវាយ៉ាងខ្លាំង”។
ស្តីពីការធ្វើទារុណកម្មដោយចាក់ទឹកលើមុខ (waterboarding)
ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា អាមេរិកគួរតែចាត់វិធានការកាន់តែគំហ៊ុកក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រាប់បញ្ចូលទាំងយកមកប្រើវិញនូវការធ្វើទារុណកម្មដ៏ចម្រូងចម្រាស់ដែលគេស្គាល់ថា ការប្រើទារុណកម្មចាក់ទឹកលើមុខ។
ត្រាំ កាលពីមុន៖ គាត់បាននិយាយនៅក្នុងការជជែកដេញដោលរបស់គណបក្សសាធារណរដ្ឋនៅថ្ងៃទី ៦ ខែកុម្ភៈថា “ខ្ញុំនឹងយកមកប្រើវិញនូវការធ្វើទារុណកម្មដោយចាក់ទឹកលើមុខ ហើយនឹងនាំមកវិញនូវទារុណកម្មកាន់តែអាក្រក់ជាងទារុណកម្មចាក់ទឹកលើមុខទៅទៀត”។ ហើយសូម្បីតែនៅក្នុងសប្តាហ៍ចុងក្រោយនៃយុទ្ធនាការឃោសនារបស់គាត់ លោក ត្រាំ បានខកចិត្តជាមួយនឹងការរិះគន់លើការធ្វើទារុណកម្មចាក់ទឹកលើមុខ ដោយនិយាយថា “យើងត្រូវតែឃោរឃៅបន្តិច”។
ត្រាំ ពេលបច្ចុប្បន្ន៖ ឥឡូវ គាត់ហាក់បីដូចជាបានផ្លាស់ប្តូរចិត្តគាត់ បន្ទាប់ពីបាននិយាយជាមួយឧត្តមសេនីយ៍ចូលនិវត្តលោក James Mattis ជាបេក្ខជននាំមុខម្នាក់ក្នុងការក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោក ត្រាំ បានប្រាប់ The New York Times ថា “ខ្ញុំមិនដែលមើលឃើញថា ការធ្វើទារុណកម្មដោយចាក់ទឹកលើមុខមានប្រយោជន៍នោះទេ”។
ស្តីពីអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley
ត្រាំ បានជួបជាមួយអតីតអ្នករិះគន់គាត់ជាច្រើន នៅពេលគាត់រៀបចំបង្កើតរដ្ឋការរបស់គាត់។ ហើយ គាត់ថែមទាំងកំពុងផ្តល់ឱកាសដល់អ្នករិះគន់ទាំងនោះនៅក្នុងរដ្ឋការរបស់គាត់ផង។
ត្រាំ កាលពេលមុន៖ គាត់បានធ្វីតនៅខែកុម្ភៈថា “ប្រជាជននៅរដ្ឋ South Carolina ត្រូវបានអាម៉ាស់មុខដោយ Nikki Haley!”។
ត្រាំ ពេលបច្ចុប្បន្ន៖ នៅថ្ងៃពុធ ត្រាំ បានជ្រើសរើសលោកស្រី មកធ្វើជាអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ។
ស្តីពីសារព័ត៌មាន The New York Times
សារព័ត៌មានគឺជាគោលដៅសំខាន់របស់ ត្រាំ ក្នុងការចំអកនិងវាយប្រហារក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
ត្រាំ កាលពីមុន៖ “គ្មានបណ្តាញផ្សព្វផ្សាយណាពុករលួយជាងសារព័ត៌មានបរាជ័យ The New York Times នោះទេ”។
ត្រាំ ពេលបច្ចុប្បន្ន៖ “ខ្ញុំនិយាយថា សារព័ត៌មាន The New York Times គឺជាអលង្ការអាមេរិកដ៏អស្ចារ្យ។ ជាគ្រឿងអលង្ការមួយរបស់ពិភពលោក”៕
ប្រភព៖ CNN ចុះថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦