(ភ្នំពេញ)៖ តាំងពីមុនបោះឆ្នោតនៅសហរដ្ឋអាមេរិកមកម្ល៉េះ លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជាដែលបាននិរទេសខ្លួនឯងទៅក្រៅប្រទេស បានហៅបេក្ខជន ដូណាល់ ត្រាំ ថាជាជនផ្ដាច់ការ ហើយលោកសាស្ត្រាចារ្យដើមកំណើតខ្មែររស់នៅសហរដ្ឋអាមេរិក អៀ សុផល ក៏បានហៅលោក ដូណាល់ ត្រាំ ថាជាមនុស្សល្ងង់ខ្លៅ និងផ្ដាច់ការដូចគ្នាដែលជំហររបស់លោកទាំងពីររូបនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែមានគោលបំណងជួយជ្រោមជ្រែងឲ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន ដែលជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតប៉ុណ្ណោះ។
ពេលលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ចេញមកវាខុសពីគំនិតដែលលោកទាំងពីរចង់បាន មានន័យថា អ្នកដែលលោកទាំងពីរមិនចង់ឲ្យឈ្នះឆ្នោត បែរជាឈ្នះបានឡើងធ្វើជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដោយសារតែប្រជាពលរដ្ឋសហរដ្ឋអាមេរិក ភាគច្រើនបោះឆ្នោតគាំទ្រឲ្យលោក ដូណាល់ ត្រាំ ផ្ទុយពីជនជាតិខ្មែរពីររូប ដោយមួយរូបមានសញ្ជាតិអាមេរិកស្រាប់ និងមួយរូបទៀតមានសញ្ជាតិបារាំង។ ឥឡូវនៅសល់មិនដល់២ខែទៀតទេ លោក អូបាម៉ា នឹងចាកចេញ ហើយលោក ដូណាល់ ត្រាំ នឹងចូលទៅគ្រប់គ្រងវិមានប្រធានាធិបតី សហរដ្ឋអាមេរិកវិញ ក្នុងនាមជាប្រធានាធិបតី មកពីខាងសាធារណរដ្ឋ។
ខណៈរង់ចាំពេលឡើងកាន់អំណាចជាផ្លូវការរបស់លោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិកនោះ នៅឯកម្ពុជាឯណេះវិញ ក្រុមអ្នកចូលចិត្តតាមដាននយោបាយ នៅស្រុកខ្មែរ និងអន្តរជាតិ គេក៏កំពុងរងចាំមើលជំហររបស់លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា និងលោក អៀ សុផល សាស្ត្រាចារ្យខ្មែរ នៅសហរដ្ឋអាមេរិកផងដែរ ថាតើលោកនឹងជ្រើសរើសយកផ្លូវដើរមួយណា? តើលោក សម រង្ស៊ី បន្តដើរទៅរកលោក ដូណាល់ ត្រាំ ឲ្យជួយខ្លួន ឬក៏លោកបញ្ឈប់លែងត្រូវការ ឲ្យមេដឹកនាំដែលខ្លួនចាត់ទុកថា ផ្ដាច់ការឲ្យជួយខ្លួនតទៅទៀត។
ចំណែកលោក អៀ សុផល ដែលចាត់ទុកលោក ដូណាល់ ត្រាំ ជាមនុស្សល្ងង់អវិជ្ជា និងផ្ដាច់ការ ថាតើនៅពេលដែលលោក ត្រាំ ចូលកាន់តំណែង គាត់បន្តរស់នៅក្នុង របបដែលមានមេដឹកនាំដោយមនុស្សល្ងង់ និងផ្ដាច់ការតទៅទៀត ឬ មួយគាត់សុខចិត្តចាកចេញពីសហរដ្ឋអាមេរិកដើម្បីគេចចេញ ពីមេដឹកនាំល្ងង់ និងផ្ដាច់ការ រូបនេះ។
គេថា ក្នុងនាមជាអ្នកនយោបាយចិត្តកូនប្រុស និងក្នុងនាមជាសាស្ត្រាចារ្យដែលតាំងខ្លួនឯងជាអ្នកចេះដឹងមួយរូប មិនគួរនាំគ្នារាប់រក និងរស់នៅជ្រកក្រោមរបបមួយ ដែលមានមេដឹកនាំល្ងង់ខ្លៅ និងផ្ដាច់ការនោះទេ។ យកល្អទាំងលោក សម រង្ស៊ី ទាំងសាស្ត្រាចារ្យ អៀ សុផល គួរតែប្រកាសផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាល របស់លោក ត្រាំ ឲ្យហើយទៅ និងចាកចេញពីសហរដ្ឋអាមេរិក នៅពេលណាដែលប្រទេសនោះមានមេដឹកនាំល្ងង់ខ្លៅ និងផ្ដាច់ការ គេខ្លាចតែលោកទាំងពីរ បានតែនិយាយ តែមិនហ៊ានធ្វើនោះទេ…៕
ប្រភព៖ពី Fresh News