សមាជិកសភារបស់អឺរ៉ុបម្នាក់បានក្រើនរំលឹកកាលពីថ្ងៃអង្គារថា ក្រុមអ្នកផ្តាច់ការមួយក្រុមកំពុងតែព្យាយាមបំបែកសហភាពអឺរ៉ុប ដោយក្រុមនោះសំដៅទៅលើប្រធានាធិបតីរុស្ស៊ី និងតួកគីហើយនិងសមភាគីនាពេលអនាគតរបស់ពួកគេគឺលោក Donald Trump។
លោក Guy Verhofstadt ប្រធានក្រុមអ្នកចរចាស្តីពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប របស់សភាអឺរ៉ុបបានមានប្រសាសន៍ថា «ចំពោះខ្ញុំ វាកាន់តែច្រើនហើយ ដែលយើងត្រូវបានឡោមព័ន្ធដោយអ្នកផ្តាច់ការជាច្រើន។ លោក Putin លោក Erdogan និងលោក Trump បានធ្វើឱ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង»។
លោកបានបន្តទៀតថា អ្វីដែលខ្ញុំបានមើលឃើញថ្ងៃនេះ គឺថា ប្រជាជនរុស្ស៊ី អាមេរិក និងតួកគីកំពុងតែព្យាយាមធ្វើការរួមគ្នាដើម្បីបំផ្លាញគំរូរបស់សហភាពអឺរ៉ុប។ លោកបានចោទប្រកាន់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីពីបទផ្តល់ហិរញ្ញវត្ថុបើកចំហទៅឱ្យគណបក្សដែលមានមន្ទិលសង្ស័យចំពោះអឺរ៉ុប និងមានលក្ខណៈប្រជាភិថុត ហើយនិងចោទប្រកាន់លោក Tayyip Erdogan ប្រធានាធិបតីតួកគីពីបទដាក់សមាជិករបស់គណបក្សប្រឆាំងតួកគីនៅអឺរ៉ុបជាគោលដៅរបស់គាត់។
លោកបានបន្តប្រៀបធៀបពួកគេទៅនឹងលោកប្រធានាធិបតីជាប់ឆ្នោត ដោយលើកឡើងពី ផែនការរបស់លោក Steve Bannon ប្រធានយុទ្ធសាស្ត្ររបស់លោក Trump ដើម្បីបើកការិយាល័យថ្មីរបស់គេហទំព័រ Breitbart Newsដែលមានលក្ខណៈស្តាំនិយមរបស់គាត់នៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ដើម្បីធ្វើឱ្យមានឥទ្ធិពលដល់ការបោះឆ្នោត។
លោកបានបន្ថែមទៀតថា មេដឹកនាំទាំងនោះមានទស្សនៈរួមថា ពួកគេចង់បំផ្លាញវិធីនៃការគិតរបស់យើង និងតម្លៃរបស់យើង។ លោកបានបញ្ជាក់ថា យើងត្រូវតែប្រឆាំងនឹងពួកគេ ហើយនេះគឺជាពេលវេលាដ៏សាហាវនៅក្នុងប្រវត្តិសាស្ត្ររបស់សហភាពអឺរ៉ុប៕
(ប្រភព : AFP ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦)