ខេត្ត​កំពង់​ឆ្នាំង​ បានរៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​

ថ្ងៃពុធ ទី ៩ ឧសភា ២០១៨​
56

កំពង់​ឆ្នាំង៖ នៅព្រឹក​ថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០១៨​នេះ ​ខេត្ត​កំពង់​ឆ្នាំង​ បានរៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ច្បាប់​​ស្ដី​ពី​​សមាគម​ និង​​អង្គ​ការ​​មិន​មែន​រដ្ឋាភិបាល​ ច្បាប់​​ស្ដីពី​​គណបក្ស​​នយោ​បាយ និង​លិខិត​បទ​ដ្ឋាន​​ពាក់​ព័ន្ធ​។

ពិធីផ្សព្វផ្សាយ​នេះ​ធ្វើឡើង​នៅក្នុងកិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​​ខេត្ត​ក្រោម​អធិបតី​ភាព​លោក​ ឈួរ​ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ និង​​មាន​ការ​ចូល​រួម​​ពីលោក​អភិបាលរង​ខេត្ត នា​យក​រដ្ឋ​បាល​​សាលា​ខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាល​ក្រុង​-​ស្រុក មន្ទីរ​អង្គ​ភាព​ជុំ​វិញ​​ខេត្ត​ ​នាយក​ទីចាត់​​ការ និង​​ប្រធាន​​អង្គភាព​​សាលាខេត្ត​។

ឆ្លៀត​ក្នុង​ឱកាសនោះ លោក អម សុភា អភិបាល​រងខេត្ត​ បាន​លើក​ឡើង​ថា៖ គោល​បំណង​នៃ​ការ​​បង្កើត​​វេទិកា​សម្ព័ន្ធ​អង្គការ​​សង្គម​​ស៊ីវិល ​(វ.ស.ស) មាន​ពីរ​​ចំណុច​សំខាន់ៗ គឺ​ពង្រឹង​ភាព​ជា​ម្ចាស់​ការ​ និង​​រក្សា​សន្ដិភាព​។

លោក​អ៊ុន សុផល នាយក​រដ្ឋបាល​សាលាខេត្ត​បានធ្វើ​បទបង្ហាញ​ដោយ​​សង្ខេប​​ស្ដីពីច្បាប់​សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល និង​ច្បាប់ស្ដីពីគណបក្សនយោបាយ។

កិច្ចបន្ទាប់ លោក ស៊ុន សុវណ្ណារិទ្ធ​ អភិបាល​រងខេត្ត បាន​ធ្វើបទបង្ហាញ​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នានារួម​មាន៖
១.​សេចក្ដី​ជូន​ដំណឹង​​លេខ​១៧៥៣ សជណ​ ចុះថ្ងៃទី០២ ខែ​តុលា ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​​កា​រ​ធ្វើ​សកម្ម​ភាព​របស់​សមាគម និង​អង្គការ​​មិន​មែន​រដ្ឋាភិ​បាល​​ក្នុង​ស្រុក
២. សេចក្ដីជូនដំណឹង​លេខ៧០៥ សជណ​ ចុះថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួង​មហាផ្ទៃ​ស្ដីពីការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ដល់​ការចុះបញ្ជី​​គណ​បក្ស​នយោបាយ​ និងបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​​ទី៦ ឆ្នាំ​២០១៨
៣. ប្រកាសរួម​ស្ដីពីអាករចុះបញ្ជីគណបក្ស​នយោបាយ
៤.សេចក្ដីជូនដំណឹង​ស្ដីពីការរំលឹកចំពោះ​សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែលខកខាន​មិនបាន​បំពេញ​កាតព្វកិច្ចតាមការកំណត់​ដោយច្បាប់
៥.​សេចក្ដីជូនដំណឹង​ស្ដីពី​ការបំពេញ​កាតព្វកិច្ច​របស់សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​
៦.សេចក្ដីជូនដំណឹង​លេខ២៥៩ សជណ​ ចុះថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ២០១៨ ​របស់ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​បង្កលក្ខណៈ​ឲ្យ​គណបក្ស​នយោបាយ​ធ្វើសកម្មភាព ដើម្បីចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ អាណត្តិ​ទី៦ ឆ្នាំ​២០១៨ និង​
៧.​បញ្ជីឈ្មោះគណបក្ស​នយោបាយ​ ដែលបាន​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នៅក្រសួង​មហាផ្ទៃ​ ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ គិត​ត្រឹម​ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ គឺមាន​ចំនួន​៣៨គណបក្សនយោបាយ៕

ចែករំលែក

បញ្ចេញយោបល់