ជនពិការជំនាញម៉ាស្សាគាំទ្រ និងថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ដែលបានដាក់​ចុះយន្តការបណ្តុះបណ្តាល​ជំនាញបន្ថែម​ដល់អ្នកជំនាញស្ប៉ា​ និងសុខុមាលភាព​

ថ្ងៃពុធ ទី ៩ ឧសភា ២០១៨​
83

ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងអ្នកជំនាញស្ប៉ា និងសុខុមាលភាព កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងទេសចរណ៍ អ្នកជំនាញស្ប៉ា និងម៉ាស្សាទាំងអស់ ជាពិសេសអ្នកជំនាញជាជនពិការ បានគាំទ្រគោលនយោបាយរបស់ក្រសួងទេសចរណ៍ដែលបានដាក់ចេញនូវផែនការ បណ្តុះបណ្តាលអ្នកកំពុងបម្រើការងារផ្នែកស្ប៉ា និងសុខុមាលភាព។

នាឱកាសនោះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានរំលឹកឡើងវិញអំពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការផ្តល់នូវជំនាញទេសចរណ៍ដល់អ្នកបម្រើការងារទាំងអស់ស្របតាមស្តង់ដាជាតិ និងអាស៊ាន ដើម្បីសម្រេចបាននូវផែនការ យុទ្ធសាស្រ្តអភវិឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ហើយជាពិសេសជំនាញស្ប៉ា និងសុខុមាលភាព ជាជំនាញមួយជាក់លាក់ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដែលត្រូវធ្វើការសិក្សា សំដៅធ្វើយ៉ាងណាឲ្យអ្នកជំនាញទាំងអស់មានសមត្ថភាពខ្ពស់ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នាពេលថ្មីៗនេះផងដែរ ក្រសួងទេសចរណ៍បានបង្កើតនូវស្តង់ដាសមត្ថភាពអ្នកជំនាញទេសចរណ៍ផ្នែកស្ប៉ា និងសុខុមាលភាព ដែលជាផែនទីបង្ហាញទិសសម្រាប់ការបណ្តុះបណ្តាលឆ្លើយតបទៅនឹងប្រព័ន្ធបណ្តុះបណ្តាលជាតិ និងអាស៊ាន។ ដើម្បីជំរុញយន្តការនៃការបណ្តុះបណ្តាលនេះ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាព (វគ្គវិក្រឹត្យការ) ដល់អ្នកកំពុងបម្រើការងារផ្នែកស្ប៉ា និងសុខុមាលភាព នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

កន្លងមក ដោយមើលឃើញពីភាពរីកចម្រើនលើការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងទេសចរណ៍កម្ពុជា ប្រទេសជាសមាជិកអាស៊ាន បានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍កម្ពុជា រៀបចំស្តង់ដាបណ្តុះបណ្តាលអ្នកជំនាញស្ប៉ា និងសុខុមាលភាពអាស៊ាន សម្រាប់ធ្វើការបណ្តុះបណ្តាលអ្នកជំនាញផ្នែកនេះនៅក្នុងប្រទេសទាំង១០ ដោយប្រើប្រាស់ស្តង់ដារួម។ រហូតដល់ពេលនេះ ក្រសួងទេសចរណ៍បានបញ្ចប់ស្តង់ដាកម្ពុជា និងពង្រាងស្តង់ដាអាស៊ានរួចហើយ។

សូមរំលឹកផងដែរថា បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជា បង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ទៀត ដែលជាទិសដៅក្រសួងទេសចរណ៍ នឹងជំរុញជំនាញទេសចរណ៍ដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍កម្ពុជា៖

– ត្រឹមឆ្នាំ២០២០ បង្កើតការងារបានប្រមាណ ១លាននាក់ ហើយ ៥០%យ៉ាងតិចមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ
– ត្រឹមឆ្នាំ២០២៥ បង្កើតការងារបានប្រមាណ ១,២លាននាក់ ហើយ ១០០%យ៉ាងតិចមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ
– ត្រឹមឆ្នាំ២០៣០ បង្កើតការងារបានប្រមាណ ១,៧លាននាក់ ហើយសម្រេចឲ្យបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព SDG4 “ការសិក្សាពេញមួយជីវិត” និង SDG8 “ការងារសមរម្យ និង ផលិតភាពខ្ពស់” ៕

ចែករំលែក

បញ្ចេញយោបល់