អាជ្ញាធរជាតិ​អប្សរាសហការ​ជាមួយបណ្តាញ​ព្រះសង្ឃឯក​រាជ្យដាំកូន​គ្រញូង១០០​ដើមក្នុង​ឧទ្យាន​អង្គរ

ថ្ងៃព្រហស្បតិ៍ ទី ២៤ វិច្ឆិកា ២០១៦​
66

កូនគ្រញូងចំនួន១០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាយកទៅប្រគេនព្រះសង្ឃ ដើម្បីដាំក្នុងបរិវេណវត្តថ្មីដំរីសែនជ័យ នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ស្ថិតនៅក្នុងតំបន់ការពារនៃឧទ្យានអង្គរ។ ការប្រគេនដើមគ្រញូងនេះ ធ្វើឡើងដើម្បីបញ្ជាក់ពីកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដើម្បីជំរុញឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានប្រគេនកូនគ្រញូងទៅព្រះសង្ឃដោយផ្ទាល់នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវត្តថ្មីដំរីសែនជ័យ។ ពិធីដាំត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ដោយមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ ភ្នាក់ងារអភិរក្សព្រៃឈើ និងថ្នាក់ដឹកនាំព្រះសង្ឃ និងអាជ្ញាធរជាតិអប្សរាយ៉ាងច្រើនកុះករ។

ក្នុងនាមបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា “សកម្មភាពដាំដើមគ្រញូងនៅពេលនេះ គឺធ្វើឡើងដើម្បីផ្សះផ្សាការខឹងសម្បាររបស់ប្រជាពលរដ្ឋចំពោះការបាត់បង់ ឲ្យទៅជាការការពារវិញ។ បើយើងជំរុញការខឹងសម្បារឲ្យចេះតែកើនឡើង វាបានត្រឹមតែជាភ្លើងធ្វើឆេះនគរយើង។ កាលណាវាឆេះ វានឹងបាត់ការចូលរួម បាត់បង់ការគាំទ្រ។ ដូច្នេះ វានឹងបាត់បង់អ្វីគ្រប់យ៉ាង ជាពិសេស គឺមរតកវប្បធម៌ដែលមានតម្លៃមហាសាលរបស់យើង ដែលត្រូវការការចូលរួមពីយើងទាំងអស់គ្នា”។

ព្រះតេជគុណបន្ថែមថា ការចូលរួមដាំកូនកូនឈើប្រណិត ដែលជាឈើកម្រនៅពេលនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុរបស់ពិភពលោកសព្វថ្ងៃនេះដែរ។ ពិភពលោកដែលឡើងកម្តៅ អាកាសធាតុប្រែប្រួលជាញឹកញាប់ ក៏ដោយសារការបាត់បង់ធនធានធម្មជាតិព្រៃឈើនេះឯង។ លើសពីនេះ ព្រះតេជគុណក៏គ្រោងនឹងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីនាំយកកូនឈើប្រណិតរបៀបនេះទៅដាំក្នុងវត្តនានា ដែលស្ថិតនៅក្នុងឧទ្យានអង្គរ ធ្វើឲ្យវត្តដែលនៅក្បែរបេតិកភណ្ឌអង្គរក្លាយជាវត្តបៃតងមានពណ៌ស្រស់ស្អាត ត្រជាក់ត្រជុំទៀតផង។

មានប្រសាសន៍ក្នុងពិធីដាំនេះ លោក ហង់ ពៅ បានថ្លែងអំណរគុណចំពោះព្រះសង្ឃដែលបានបំផុសចលនាបន្ថែមទៀត ដល់ប្រជាពលរដ្ឋទូទៅឲ្យចូលរួមគាំទ្រសកម្មភាពថែទាំ និងដាំឡើងវិញនូវព្រៃឈើដែលជារនាំងការពារដ៏សំខាន់នៃប្រាង្គប្រាសាទ។ មិនតែប៉ុណ្ណោះ សកម្មភាពចូលរួមរបស់ព្រះសង្ឃនៅពេនេះ គឺស្របតាមគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ដែលមានការប្តេជ្ញាចិត្តជំរុញការស្ថាបនាសង្គមមួយឈរលើមូលដ្ឋានអភិវឌ្ឍន៍ស៊ីសង្វាក់គ្នារវាង ធម្មជាតិ ប្រាសាទ និងអ្នកស្រុក ពោលគឺ រវាងបរិស្ថាន វប្បធម៌ និងសហគមន៍៕

photo_2016-11-24_14-03-20photo_2016-11-24_14-03-13photo_2016-11-24_14-03-24photo_2016-11-24_14-03-30

ចែករំលែក

បញ្ចេញយោបល់