ប្រធាន​សមាគមយុវជន​កំ​ណែ​ទម្រង់​រដ្ឋ​ ផ្ញើ​លិខិត​ជូន​លោក ដូណាល់ ត្រាំ​ ឱ្យ​ពិនិត្យមើលបណ្តាញ​ព័ត៌មាន​ «ទុច្ចរិត មិន​ទៀង​ត្រង់» និង​អង្គ​ការ​សមាគម​មួយ​ចំ​នួន​នៅកម្ពុជា!​

ថ្ងៃព្រហស្បតិ៍ ទី ២៤ វិច្ឆិកា ២០១៦​
264

 

ប្រធានសមាគមមួយនៅក្នុងប្រទេសកម្ពុជា បានសរសេរលិខិតមួយច្បាប់ជាពីរភាសា អង់គ្លេស និងខ្មែរ ផ្ញើជូនទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ឱ្យពិនិត្យមើលបណ្តាញព័ត៌មានមួយចំនួនរបស់សហរដ្ឋអាមេរិក និងអង្គការសមាគមមួយចំនួនទៀតដែលទទួលមូលនិធិពីអាមេរិក ហើយមានទីស្នាក់ការនៅក្នុងប្រទេសកម្ពុជា ធ្វើការក្រោមលេសប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស  ប៉ុន្តែ មានភាព ទុច្ចរិត មិនទៀងត្រង់។

ខ្លឹមសារលិខិតផ្ញើជូនលោក ដូណាល់ ត្រាំ ត្រូវបានបណ្តាញព័ត៌មានគ្មានព្រំដែន GNN ឃើញបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter  របស់លោក Seyha Pol ( ប៉ុល សីហា ) ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

ក្នុងលិខិតនោះ លោក ប៉ុល សីហា បានសម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោក ដូណាល់ ត្រាំ ដែលទទួលបានជោគជ័យដ៏គួរជាទីមោទនៈ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែ លោក ប៉ុល សីហា សម្តែងនូវការខកចិត្ត និងសោកស្តាយបំផុតដោយមេដឹកនាំគណបក្សប្រឆាំងនៅប្រទេសកម្ពុជាគឺ  លោក សម រង្ស៊ី ដែលបានហៅលោក ដូណាល់ ត្រាំថាជា “ជនផ្តាច់ការ” ទៅវិញ។

ក្រៅពីការរៀបរាប់អំពី ការលូកលាន់ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក លោក ប៉ុល សីហា ក៏បានបង្ហាញនូវការគាំទ្រគោលនយោបាយរបស់ លោក ដូណាល់ត្រាំ ពិសេសការសន្យារបស់លោកត្រាំក្នុងកំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថានឹងបញ្ឈប់នូវគោលនយោបាយបរទេសរបស់អាមេរិកក្នុងការលូកលាន់កិច្ចការផ្ទៃក្នុង និងការផ្លាស់ប្តូរការដឹកនាំរបស់ប្រទេសដទៃ រួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។

ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ លោក ប៉ុល សីហា បានចាប់អារម្មណ៍ខ្ពស់បំផុតចំពោះលោក ដូណាល់ ត្រាំ ដែលបានហៅប្រព័ន្ធផ្សព្វផ្សាយអាមេរិក មានដូចជា CNN និងកាសែត The New York Times  ជាបណ្តាញព័ត៌មាន “ទុច្ចរិតមិនទៀងត្រង់” ។ ក្នុងលិខិត លោក ប៉ុល សីហា ក៏បានប្រដូចវិទ្យុអាស៊ីសេរី (RFA) ជាប្រព័ន្ធផ្សព្វផ្សាយអាមេរិក “ទុច្ចរិតមិនទៀងត្រង់” នៅក្នុងប្រទេសកម្ពុជាផងដែរ ព្រោះប្រជាជនកម្ពុជាជាទូទៅបានយល់ច្បាស់ថា វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុដែលទទួលជំនួយពីអាមេរិកដទៃទៀត គឺមានភាពលម្អៀងខាងផ្នែកនយោបាយដែលមិនអាចប្រកែកបានគាំទ្រ គណបក្សប្រឆាំង ទាំងមុនពេល កំឡុងពេល និងក្រោយពេលការបោះឆ្នោតទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិតាមបែបប្រជាធិបតេយ្យ សេរីពហុបក្សចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមកទល់បច្ចុប្បន្ន។

បន្ថែមពីលើនេះ លោក ប៉ុល សីហា មានជំនឿយ៉ាងមុតមាំថា លោក ដូណាល់ ត្រាំ នឹងលើកយកអ្វីដែលលោក ត្រាំ បានសន្យាយ៉ាងម៉ឺងម៉ាត់ក្នុងកំឡុងពេលឃោសនារកសំឡេងឆ្នោត មកអនុវត្តជាក់ស្តែង ជាពិសេសគឺ “គោលនយោបាយការបរទេសដោះដៃចេញពីការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសអធិបតេយ្យដទៃ រួមទាំងព្រះរាជាណាចក្រកម្ពុជា ផងដែរ”៕

សូមអាននូវខ្លឹមសារលិខិតរបស់លោក ប៉ុល សីហា ផ្ញើជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ដូចតទៅ៖letter-topresident-elect-donald-trump-eng1 letter-topresident-elect-donald-trump-eng2 letter-topresident-elect-donald-trump-kh1 letter-topresident-elect-donald-trump-kh2

1e

 

 

ចែករំលែក

បញ្ចេញយោបល់