កាសែតធំៗនៅអាមេរិក ត្រូវបានលោកត្រាំ ហៅមកបន្ទោសនៅផ្ទះរបស់គាត់

ថ្ងៃពុធ ទី ២៣ វិច្ឆិកា ២០១៦​
203

យោងទៅតាមការចុះផ្សាយរបស់ New York Post បានឱ្យដឹងថា លោក Donald Trump ដែលជាប្រធានាធិបតីជាប់ឆ្នោត បានបន្ទោសដោយប្រើពាក្យយ៉ាងធ្ងន់ៗទៅលើកាសែតធំៗរបស់សហរដ្ឋអាមេរិក កាលពីជំនួបរវាងលោក និងក្រុមអ្នកកាសែតទាំងអស់នៅក្នុងអាគាររបស់លោក កាលពីថ្ងៃច័ន្ទ។

លោកត្រាំបានចាប់ផ្តើមដំបូងគេ ដោយបន្ទោសយ៉ាងចំៗទៅលើលោក Jeff Zucker ដែលជាប្រធានរបស់ CNN ដោយលោកបាននិយាយថា លោកស្អប់ CNN ខ្លាំងណាស់ ហើយគ្រប់គ្នាដែលធ្វើការនៅ CNN គឺជាមនុស្សកុហក ហើយអ្នកទាំងអស់គ្នានោះគួរតែមានភាពខ្មាស់អៀនខ្លះហើយ។ ក្រៅពី CNN លោកត្រាំក៏បានស្តីបន្ទោសដោយប្រយោលផងដែរចំពោះ អ្នកឆ្លើយឆ្លងព័ត៌មានស្រីរបស់ NBC ក៏ដូចជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ ABC News ម្នាក់ទៀតដែលបានយំនៅពេលដែលលទ្ធផលបង្ហាញថា លោកស្រី គ្លីនតុនចាញ់ ដែលត្រូវបានគេស្គាល់ថាគឺលោកស្រី Martha Raddatz ដែលកំពុងតែស្ថិតនៅក្នុងបន្ទប់នោះផងដែរ។

លោកត្រាំបានកោះហៅអ្នកកាសែតទាំងអស់មកដើម្បីប្រាប់អំពីរបៀបរបបធ្វើការជាមួយនឹងអនាគតប្រធានាធិបតីថ្មី ប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួលនៅពេលដែលកិច្ចប្រជុំចាប់ផ្តើម។

កិច្ចប្រជុំបានធ្វើឡើងនៅក្នុងបន្ទប់ប្រជុំដ៏ធំមួយនៅក្នុងអាគាររបស់លោកត្រាំ ដោយមានការចូលរួមពីមនុស្សប្រមាណ ៣០ ទៅ៤០នាក់ដែលសុទ្ធសឹងជាបុគ្គលតំណាងឱ្យកាសែតធំៗទាំងអស់នៅសហរដ្ឋអាមេរិក។

គួររំលឹកផងដែរថា ទំនាក់ទំនងរវាងលោកត្រាំ និងកាសែតធំៗមួយចំនួននៅអាមេរិកគឺមិនល្អនោះទេ ដោយសារតែកាសែតធំៗទាំងនោះតែងតែព្យាយាមផ្សាយនូវព័ត៌មានដែលមិនពិតដើម្បីវាយប្រហារមកលើលោកត្រាំ ចាប់តាំងពីយុទ្ធនាការផ្សព្វផ្សាយរកសម្លេងឆ្នោតមកម្លេះ។ ជាក់ស្តែងលោកត្រាំ ថែមទាំងធ្លាប់បានគម្រាមប្តឹងកាសែត The Times ផងដែរទាក់ទងនឹងករណីដែលកាសែតនេះបានផ្សព្វផ្សាយថា លោកត្រាំបានបំពានលើរាងកាយរបស់ស្ត្រីម្នាក់៕

trump-speaking

 

ចែករំលែក

បញ្ចេញយោបល់