តុលាការកំពូល នឹងប្រកាសសាលដីកាលើសំណុំរឿងសុំមោឃភាពនីតិវិធីចំពោះមន្ត្រីអាដហុក និងគ.ជ.ប នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ

ថ្ងៃពុធ ទី ២៣ វិច្ឆិកា ២០១៦​
141

បន្ទាប់ពីជំនុំជម្រះអស់រយៈពេល១ព្រឹក តុលាការកំពូល បានឲ្យដឹងថា នឹងប្រកាសសាលដីកា លើសំណុំរឿងសុំមោឃភាពនីតិវិធីតុលាការ ចំពោះមន្រ្តីអាដហុក ៤រូប និងគ.ជ.ប ១រូប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

មន្ត្រីអាដហុក៤រូប និងមន្ត្រីគជប គឺលោក នី សុខា លោក ណៃ វ៉ង់ដា  លោក យី សុខសាន្ត និងស្រី លឹម មុន្នី និងលោក នី ចរិយា ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីដល់ អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា តែក្រោយមក កញ្ញា ខុម ចាន់តារាទី បានសារភាពការពិតប្រាប់តុលាការថា អ្នកទាំងនោះបង្ខំឲ្យនាងផ្តល់ចម្លើយក្លែងក្លាយប្រាប់សមត្ថកិច្ច។

សវនាការដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឈួន ចន្ថា ជាតំណាងអយ្យការ។ កម្មវត្ថុ នៃសវនាការនេះគឺបណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។

សូមជំរាបថា ក្រុមជនត្រូវចោទទាំង៥នាក់ត្រូវបាន លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត៕

ចែករំលែក

បញ្ចេញយោបល់