លោកស្រី ម៉ែន សំអន អញ្ជើញសំណេះសំណាលនិងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាក្រុងស្វាយរៀង និងស្រុករំដួល

ថ្ងៃសុក្រ ទី ២៧ មេសា ២០១៨​
57

ស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាក្រុងស្វាយរៀង និងស្រុករំដួល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង និងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អស់លោកគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អភិបាលក្រុង ស្រុកពាក់ព័ន្ធ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្រុង ស្រុក និងឃុំ សង្កាត់ក្នុងខេត្ត ព្រមទាំងបងប្អូនអតីតយុទ្ធជន សរុប ៩០៥នាក់ផងដែរ។

លោកស្រី ម៉ែន សំអន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទំាងមូល ដោយបានលើកឡើងអំពីគំរូវីរភាពរបស់លោកទាំងទ្វេ ដែលជានិច្ចជាកាល តែងតែគិតគូរដល់សុខទុក្ខអតីតយុទ្ធជនរបស់យើងទាំងអស់គ្នា ដែលឆ្លុះបញ្ចាំងតាមរយៈ ការគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកម្ពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង ក៏ដូចជាការលើកទឹកចិត្តដល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ។ លោកស្រី ម៉ែន សំអន ក៏បានបញ្ជាក់បន្ថែមថា សន្ដិភាពដែលនាំឱ្យកម្ពុជា មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺជាស្នាដៃដ៏ធំធេងរបស់យុទ្ធជនទាំងអស់ ដែលគុណូបការៈនេះ គឺពិតជាមិនអាចបំភ្លេចបាននោះទេ ។

ក្នុងឱកាសនោះដែរ លោក ម៉ែន វិបុល បានលើកឡើងថា ការផ្ដល់មេដាយការពារជាតិជូនបងប្អូនអតីតយុទ្ធជននៅពេលនេះ គឺពិតជាសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មិនដែលបំភ្លេច និងនៅតែចងចាំជានិច្ច អំពីគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។

នៅចុងបញ្ចប់ លោកស្រី ម៉ែន សំអន ក៏បានបំពាក់មេដាយជានិមិត្តរូបជូនអតីតយុទ្ធជន ចំនួន ១០រូប និងផ្ដល់ជូនប្រាក់ឧបត្ថម្ភដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា សម្រាប់អតីតយុទ្ធជនទាំងអស់ដែលបានមកចូលរួម ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់