នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) ប្រមុខដឹកនាំនៃប្រទេសទាំង៣ នឹងត្រូវលើកយកឯកសារសំខាន់ៗចំនួន៣ យកមកពិភាក្សា។
ឯកសារសំខាន់ៗដែលនឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល CLV មានដូចជា៖ ១.ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)។ ២.លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម កម្ពុជា ឡាវ និងវៀតណាម លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែ ធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ៣.ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៨ ស្តីពី ការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ ២០១៤ មក។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី៩ ជាមួយលោក ថុងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក ង្វៀង ស៊ុនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និង ដោះស្រាយបញ្ហាប្រឈមចំពោះមុខ ទាក់ទិននឹងការអនុវត្ត ផែនការស្តីពីតំបន់ ត្រីកោណអភិវឌ្ឍន៍។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី នឹងចុះហត្ថ លេខាទៅលើសេចក្តីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសីទកាសែតរួមគ្នា ស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី៩ ស្តីពីការ អភិវឌ្ឍ តំបន់ត្រីកោណ។ ក្រៅពីនេះ សម្តេចតេជានាយករដ្ឋមន្ត្រីក៏ នឹងមានកិច្ចពិភាក្សា ទ្វេភាគីជាមួយលោក ថុងលូន ស៊ីសូលីត និងលោក ង្វៀង ស៊ុនហ្វុក ដាច់ដោយឡែកពីគ្នាផងដែរ។
សូមជម្រាបថា រសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើដោយប្រតិភូថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល កម្ពុជា អាជ្ញាធរខេត្តសៀមរាប មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋជាច្រើន បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ ចំពោះវត្តមាន អញ្ជើញមកដល់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕