ឧត្តម​មន្ត្រី​កម្ពុជា-ឡាវ-វៀត​ណាម ជួប​ប្រជុំលើ​ផែន​ការកិច្ច​ប្រជុំកំពូល​ស្តី​ពីតំបន់​ត្រីកោណ​​អភិវឌ្ឍ​ន៍

ថ្ងៃអង្គារ ទី ២២ វិច្ឆិកា ២០១៦​
140

កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអប្សរាផាឡេស មានបើកកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV SOM) លើកទី១២ ស្តីពីការរៀបចំតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ក្រោមការចូលរួមជាគណៈអធិបតីភាពពី លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក ថុងផានី សុវណ្ណភិត អនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងលោក ង្វៀង ថេហ្វឿង អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម។

ក្នុងឱកាសនោះផងដែរ ឧត្តមមន្ត្រីនិងប្រតិភូនៃប្រទេសទាំងបី បានពិនិត្យឡើងវិញនូវកិច្ចសហការរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបានពិភាក្សាពីដាក់ចេញនូវរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល CLV DTA លើកទី ៩ ការរៀបចំអាជីវកម្មដើម្បីទាក់ទាញអ្នកវិនិយោគិន និងការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី ៨ ព្រមទាំងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី ១០ ដែលបានធ្វើឡើងនៅប្រទេសឡាវ ចាប់តាំងពីឆ្នាំ ២០១៤។

ឧត្តមមន្ត្រីទាំងបីប្រទេស ក៏បានពិភាក្សាពីការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសម្របសម្រួល និងជំរុញពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ការចងក្រងរបាយការណ៍ពង្រាងស្តីពីផែនការសកម្មភាព ដើម្បីតភ្ជាប់សេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ និងវៀតណាម រហូតដល់ឆ្នាំ ២០៣០ ព្រមទាំងរបាយការណ៏ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ និងជំរុញទេសចរណ៍នៅក្នុងតំបន់ត្រីកោណ និងការបញ្ជូនបញ្ជីគម្រោងអទិភាពទាំង ៥ ដែលស្នើឡើងដោយប្រទេសទាំងបី ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល CLV លើកទី ១០ ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ ២០១៨ នៅក្នុងប្រទេសវៀតណាម។

កិច្ចប្រជុំក៏បានធ្វើការរំលេចពីការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ ជាពិសេសប្រទេសជប៉ុន និងធនាគារអភិវឌ្ឍអាស៊ី (ADB) មកលើតំបន់ត្រីកោណនាពេលកន្លងមក និងវឌ្ឍនភាពនៃការកែប្រែផែនការមេស្តីពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស CLV សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ឆ្នាំ ២០២០ ផងដែរ។

សូមបញ្ជាក់ផងដែរថា លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រី (CLV SOM) ថ្ងៃនេះ នឹងត្រូវដាក់ជូននៅក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះលើកទី ១១ ដែលគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមវត្តមានចូលរួមជាគណ:អធិបតីពីរដ្ឋមន្ត្រីនៃប្រទេសទាំងបី៕

15135758_1356435147702693_1337869711127248864_n15171326_1356435767702631_314545289513288904_n15037086_1356435721035969_9213504353513958883_n15179150_1356435344369340_1588464843906586670_n15202635_1356435377702670_5494378150257514878_n15193466_1356435154369359_6286348690631378161_n

 

ចែករំលែក

បញ្ចេញយោបល់