អភិបាលរាជធានីភ្នំពេញ ដាក់ចេញផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ គ្រោះអគ្គិភ័យ និងការពង្រឹងការរៀបចំរំដោះចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ថ្ងៃចន្ទ ទី ៩ មេសា ២០១៨​
43

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ បានដាក់ចេញនូវផែនការ ក្នុងការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ គ្រោះអគ្គិភ័យ និងការពង្រឹង ការរៀបចំរំដោះចរាចរណ៍ លើផ្លូវជាតិសំខាន់ៗ៥ខ្សែ ចេញចូលក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តិទៅ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ការដាក់ចេញជាផែនការ ដើម្បីបម្រើឲ្យប្រជាពលរដ្ឋរបស់លោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ។

ក្រោយកិច្ចប្រជុំ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងន័យពិភាក្សា អំពីកិច្ចការពារ សន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោក ម៉េត មាសភក្តី បានបន្តថា «ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ លើការងារសន្តិសុខសុវត្ថិភាព និងបញ្ហាចរាចរណ៍។ យើងដឹងហើយថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺបងប្អូនប្រជាពលរដ្ឋ ភាគច្រើន បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើត និងចាកចេញធ្វើដំណើរទៅកម្សាន្តនៅ តាមរមណីយដ្ឋាននានា»។

លោកថា ការយកចិត្តទុកដាក់ លើការងារសន្តិសុខសណ្តាប់ធ្នាប់នេះ ជាការងារដ៏សំខាន់បំផុត ដែលរដ្ឋបាល រាជធានីភ្នំពេញ ត្រូវយកទុកដាក់ពីព្រោះថា ក្រៅពីបងប្អូនដែលចាកចេញ ពីភ្នំពេញ ក៏នៅមានបងប្អូន មួយចំនួនទៀត រស់នៅក្នុងរាជធានីភ្នំពេញ ដែលទាមទារឲ្យមានការយកចិត្តទុកការពារសន្តិសុខផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បន្ដទៀតថា ម្យ៉ាងទៀត ប្រជាពលរដ្ឋ ដែលចាកចេញទៅស្រុកកំណើតនោះ បានបន្សល់ទុកនូវផ្ទះសម្បែង ដែលត្រូវតែមានការការពារ លើបញ្ហាចោរកម្ម គាស់លួចផ្ទះ និងបញ្ហាអគ្គិភ័យ ដែលត្រូវធ្វើការត្រួតពិនិត្យតាមដាន។

ការងារត្រួតពិនិត្យ សន្តិសុខសណ្តាប់ធ្នាប់ ត្រូវធ្វើឡើងនៅតាមគោលដៅសំខាន់ៗ ដែលមានមនុស្សប្រមូលផ្តុំ ច្រើន ដូចជា៖ នៅតាមទីវត្តអារ៉ាម រមណីយដ្ឋាន កន្លែងកម្សាន្ត ជាដើម ហើយកងកម្លាំងនៅតាមបណ្តាខណ្ឌ ត្រូវចេញល្បាតជាប្រចាំ។

ចំណែកបញ្ហាសម្រួលចរាចរណ៍ ដែលនៅចំណុចទីតាំងមានមនុស្សច្រើន ក៏មានការកកស្ទះច្រើន នៅតាម គោលដៅ និងច្រកចេញចូលរាជធានីភ្នំពេញ ទាំង៥ច្រក ដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ និងផ្លូវជាតិលេខ៥ ដែលលោកអភិបាល បានដាក់បទបញ្ជាទៅដល់គណៈបញ្ជាការឯកភាពខណ្ឌ សមត្ថកិច្ច ចរាចរណ៍មូលដ្ឋានផ្ទាល់ ត្រូវតែគិតគូរឲ្យបានម៉ត់ចត់ ដើម្បីសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ និងកាត់បន្ថយជាអតិបរិមា ដែលបងប្អូនប្រជាពលរដ្ឋ បានសម្រុកចេញពីរាជធានីភ្នំពេញ។

ដោយឡែកបញ្ហាសំរាម ក៏ត្រូវតែមានការយកចិត្តទុកដាក់ផងដែរ ជាពិសេស នៅរាល់ពេលដែល បញ្ចប់ ពិធីបុណ្យធំៗ នាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋ ទទួលបាននូវផាសុកភាព នូវភាពសប្បាយរីករាយ សុវត្ថិភាព ដោយសារតែការប្រមូលសំរាមបានល្អ ធ្វើឲ្យទីក្រុងភ្នំពេញមានភាពស្រស់បំព្រង ហើយក្រោយពី ពិធីបុណ្យបញ្ចប់ទីក្រុង បានកាត់បន្ថយនូវសំរាម ពាសវាលពាសកាល។

លោកបន្ដថា ជាពិសេសលោកអភិបាលរាជធានីភ្នំពេញ បានណែនាំទៅដល់ក្រុមហ៊ុនស៊ីនទ្រី គណៈបញ្ជាការ ឯកភាពខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការបែងចែកវេន ឲ្យបានត្រឹមត្រូវ ពីបងប្អូនអ្នកប្រមូល សំរាម ក៏ត្រូវជួបជុំបងប្អូនរបស់ខ្លួន នៅស្រុកកំណើតផងដែរ។

លោក ម៉េត មាសភក្តី បានគូសបញ្ជាក់ថា «ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំ សង្ឃឹមថា រាជធានីភ្នំពេញ នឹងមានភាពស្រស់ស្អាតល្អប្រសើរ មានសោភ័ណភាព ដូចដែលយើងបានខិតខំត្រៀម រៀបចំពិធីបុណ្យ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ដោយយើងឃើញថា បានរៀបចំបានល្អ ការតុបតែងភ្លើងផ្កាភ្ញី បានល្អមែនទែន។ អីចឹងទេ យើងចង់ឲ្យភាពល្អប្រសើរនេះ ទទួលបានដែរ ក្រោយពេល ពិធីបុណ្យចូលឆ្នាំបានបញ្ចប់» ៕

ចែករំលែក

បញ្ចេញយោបល់