សៀវភៅកំណាព្យអប់រំរបស់លោកតា ក្រមង៉ុយជាង១ពាន់ក្បាល នឹងត្រូវចែកជូន សិស្ស និស្សិត គ្រូបង្រៀន និងអ្នកខ្វះខាតជីវភាពដោយឥតគិតថ្លៃនៅសបា្តហ៍ក្រោយ

ថ្ងៃចន្ទ ទី ២១ វិច្ឆិកា ២០១៦​
1729

(ភ្នំពេញ)៖ សៀវភៅបិតាកំណាព្យខ្មែរ ដ៏ល្បីល្បាញដែលគេឱ្យងារថាជា «អ្នកប្រាជ្ញវោហារសាស្ត្រ អ៊ុកអ៊ូ ហៅ ង៉ុយ (ក្រមង៉ុយ)» ចំនួន១,៥០០ ក្បាល នឹងត្រូវចែកជូនដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត គ្រូបង្រៀន និង អ្នកដែលនិយម ចូលចិត្តអានសៀវភៅ តែមានជីវភាពក្សត់ខ្សោយ នៅសបា្តហ៍ក្រោយ ពោលគឺចាប់ពីថ្ងៃទី ២-៤ ខែធ្នូ ២០១៦ខាងមុខនេះ ។

លោក ពុយ គា អ្នកសារព័ត៌មានខ្មែរ និងជាអ្នកស្រាវជ្រាវមួយរូប បានរៀបរៀងបោះពុម្ពផ្សាយឡើងវិញនូវស្នាដៃ របស់អ្នកប្រាជ្ញវោហារសាស្ត្រខ្មែរខាងលើ បានលើកឡើងថា សៀវភៅចំនួន១,៥០០ក្បាល ដែល លោកនឹងចែកជូននោះ ធ្វើឡើងនៅឯពិព័ណ៍សៀវភៅកម្ពុជាលើកទី៥ នៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី ២-៤ ខែធ្នូ ២០១៦។ សៀវភៅចំនួន១,៥០០ក្បាល គឺជាអំណោយរបស់សប្បុរសជន ដែលលោកយល់ថាការរួមចំណែកបែបនេះ នឹងជួយមួយផែ្នកដល់ការលើកតម្កើងវិស័យអំណាននៅកម្ពុជា និងជួយក្រើនរំលឹកអប់រំដល់យុវជនផងដែរ។ អ្នកកាសែតរូបនេះបានបនែ្ថមថា លោកនឹងសែ្វងរកសប្បុរសជនបន្តទៀត ដើម្បីបោះពុម្ពបនែ្ថម និងចែកជូនដល់សាលារៀន និងវត្តអារាម នៅតំបន់ឆ្ងាយៗនិងដាច់ស្រយាល។

ជាថ្មីម្តងទៀត លោក ពុយ គា ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ហើយសង្ឃឹមថាការចូលរួមបរិច្ចាគទាំងនេះ នឹងនាំទៅជាវិញ្ញាណរស់មួយ និងជាចរន្តបន្តលើកទឹកចិត្តដល់អ្នកអាន និងឱ្យតម្លៃលើ វិស័យអប់រំនៅកម្ពុជា ដែលជាមូលដ្ថានគ្រឹះក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចំរើនឆ្ពោះទៅមុខ។ អ្នកដែលទទួលបានសៀវភៅក្រមង៉ុយ នឹងនឹកឃើញដល់សប្បុរសជន ដែលមានឈ្មោះនៅលើសៀវភៅទាំងនោះ។

សៀវភៅកម្រាស់ ១៤១ ទំព័រ ជាកម្រងកំណាព្យចុងជួន តាំងពីដើមដល់ចប់ បានបង្កប់នូវអត្ថន័យអប់រំ និងរំលឹកដាស់តឿនដល់មនុស្សស្ទើរគ្រប់ស្រទាប់វណ្ណៈទាំងស្រីទាំងប្រុស និងជាពិសេសយុវជនឱ្យស្គាល់បុណ្យ ស្គាល់បាប ស្គាល់ចាស់ ស្គាល់ទុំ និងរបៀបរើសគូរអនាគត (ប្តី ប្រពន្ធ) ឱ្យបានសមបំណងផងដែរ។

កំណាព្យរបស់ក្រមង៉ុយ ត្រូវបានចាស់ៗនិងគ្រូបង្រៀនលើកមកតំណាលតៗគ្នាដើម្បីឱ្យកូនចៅ និងសិស្ស ស្តាប់នូវឃ្លាឃ្លោងដ៏ពេញនិយមដូចជា៖

– កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឲ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំចេះតែក្រ។

– បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។

– កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្តិ ចង់គង់ប្រយោជន៍ ឲ្យចេះប្រយ័ត្ន ពាក្យឪមួយម៉ាត់ ឲ្យគិតមួយម៉ោង។

– កុំឃ្លានចំណី កុំខ្លាចអត់ប្តី កុំភ័យខ្លាចចាស់ មើលមុខឯងផង កុំរើសឥតខ្មាស់ ខ្លួនល្អស្រលះ មិនខ្វះគេស្តី។

– កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ។

– កុំឆ្មើងអាងបុណ្យ ស្រដីឱ្យទន់ ពោលពាក្យពីរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងកិត្តិយស កុំឆ្លៀតនាំ ឈ្លោះ ញុះញង់អ្នកធំ។

សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២៩០៨៨៤០/០១៥៣៣៦៧៨៩៕

photo_2016-11-21_16-09-27 photo_2016-11-21_16-09-35 photo_2016-11-21_16-10-05 photo_2016-11-21_16-10-07

ចែករំលែក

បញ្ចេញយោបល់