លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើជើង “ង៧0” មានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ កងពលតូចថ្មើជើង “ង៧0” នឹងបញ្ជូនកំលាំងចំនួន ៧៦នាក់ ចូលរួមលំហាត់សមយុទ្ធ “នាគមាស” រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ប្រឆាំងភេរវកម្ម នៅសាលាកងទ័ព ជើងគោកក្នុងខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ វ៉ាង ចាងឆឹង មេបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខណៈលោកបានមកបំពេញទស្សនកិច្ចផ្លូវការនៅបញ្ជាការដ្ឋានកងពលតូចថ្មើជើង “ង៧០”។
លោក ម៉ៅ សុផាន់ ក៏បានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះប្រជាជានចិន ដែលបានជួយឧបត្ថម្ភនូវរថយន្ត និងសម្ភារៈមួយចំនួនដល់កងពលតូច”ង៧០”។ ទន្ទឹមគ្នានេះ លោកមេបញ្ជាការកងពលតូច “ង៧០” បានសំណូមពរ និងស្នើដល់កងទ័ពរំដោះប្រជាជានចិន ផ្តល់ជំនួយឧបត្ថម្ភដល់កងយោធ ពលខេមរភូមិន្ទតាមរយៈក្រសួងការពារជាតិកម្ពុជាសម្រាប់ឆ្នាំ២០១៧ ខាងមុខនេះរួមមាន៖ ផ្តល់គ្រូមកហ្វឹកហ្វឺនផ្នែកកងទ័ពពិសេស ប្រឆាំងភេរវកម្ម និងសុំឧបត្ថម្ភសំភារៈឧបករណ៍បំពាក់កម្លាំងថ្មីសម្រាប់បំពេញភារកិច្ចជូនរដ្ឋាភិបាល និងស្ថេរភាពទីក្រុងភ្នំពេញ។
លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច”ង៧០” បានចាត់ទុកដំណើទស្សនៈកិច្ចរបស់គណៈប្រតិភូកងទ័ពរំដោះប្រជាជនចិនមកបញ្ជាការដ្ឋានកងពលលើកនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការរិតចំណងមិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរបានកាន់តែរីកចម្រើន និងរឹងមាំជាលំដាប់ ដើម្បីបន្តប្រពៃណីនៃទំនាក់ទំនងល្អផូរផង់ ដែលបានបន្សល់ទុកដោយអតីតអ្នកដឹកនាំកម្ពុជា និងចិន តាំងពីដើមរៀងរហូតមក។
តាងនាមឱ្យប្រជាជន កងយោធពលខេមរភូមិន្ទ និងកងពលតូចលេខ៧០ លោក ម៉ៅ សុផាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកងទ័ព និងប្រជាជនចិន ដែលបានគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រទេសយើងទាំងពីរមានឱកាសពង្រីកទំនាក់ទំនងគ្នាបានល្អលើគ្រប់វិស័យ។ រាជរដ្ឋាភិបាល កងទ័ព និង ប្រជាជនកម្ពុជា សូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការរីកចម្រើននូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន ដែលបានឈានដល់ដំណាក់កាលគឺ ពីទំនាក់ទំនង អ្នកជិតខាងល្អទៅជាកិច្ចសហការដែលប្រកបដោយការជឿទុកចិត្ត ហើយដល់ពេលនេះក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តពោល គឺកិច្ចសហប្របត្តិការភាពជាដៃគូយុទ្ធសាស្រ្តរួមសុខរួមទុក្ខ។
គួររំលឹកថា កន្លងទៅប្រទេសចិន បានផ្តល់ជំនួយឥតសំណងចំនួន ៦០០លានដុល្លារអាមេរិក ដល់កម្ពុជាចាប់ពីឆ្នាំ២០១៦ ដល់២០១៨។ ជំនួយនេះ គឺដើម្បីប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍សង្គមលើវិស័យជាច្រើនដូចជាការថែទាំសុខភាព កសិកម្ម វប្បធម៌ និងវិស័យអប់រំ៕