នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម នឹងចូលរួមកិច្ចប្រជុំ CLV ២ថ្ងៃ នៅខេត្តសៀមរាប ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ

ថ្ងៃចន្ទ ទី ២១ វិច្ឆិកា ២០១៦​
193

បើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឱ្យដឹងថា នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កិច្ចប្រជុំកំពូលរវាងកម្ពុជា ឡាវ និងវៀតណាម (CLV) លើកទី៩ ស្ដីពី «ការអភិវឌ្ឍតំបន់ត្រីកោណ» នឹងប្រព្រឹត្តទៅរយៈ ពេល២ថ្ងៃ នៅក្នុងខេត្តសៀមរាប។

កិច្ចប្រជុំនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាមផងដែរ។
ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈមចំពោះមុខ ក្នុងការអនុវត្តឯកសារសំខាន់ៗ រួមមាន៖ទី ១.ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០) ទី២.លទ្ធផលនៃកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ និងទី៣.ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី៨ ស្ដីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ២០១៤មក។

សូមជម្រាបថា កិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី នឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសីទកាសែតផងដែរ។ ភាគីទាំងបីរំពឹងថា គម្រោង និងកិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានអនុម័តយល់ព្រម និងចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំនេះ។ ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចាទ្វេភាគី ដោយឡែកពីគ្នា ជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីរៀតណាមផងដែរ៕

to to1

ចែករំលែក

បញ្ចេញយោបល់