(កណ្តាល) ៖ កាលពីព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍មកពីភូមិចំនួន ៤០ ក្នុងឃុំ ១៨ ទូទាំងស្រុកខ្សាច់កណ្តាល សរុបចំនួន ១៤៨ នាក់ ស្រី ៨៧ នាក់ កុមារ ១០ នាក់ បានទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ្រហមកម្ពុជា នៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកខ្សាច់កណ្តាល។
ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការនិមន្តចូលរួមពីព្រះសង្ឃ និងសប្បុរសជនមួយចំនួនទៀត។
ក្នុងឱកាសនោះ អំណោយដែលបានចែកជូនក្នុងម្នាក់ៗទទួលបានមាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកសុទ្ធអង្គរពូរ៉ូ ១ កេស និងថវិកា ចំនួន ៦ ម៉ឺនរៀល ៕