សម្តេចតេជោ ហ៊ុន សែន ចាត់ទុកខេត្តស្វាយរៀងជាខេត្តមួយដែលមានការរីកចំរើនខ្លាំងផ្នែកសេដ្ឋកិច្ច

ថ្ងៃសុក្រ ទី ១៨ វិច្ឆិកា ២០១៦​
106

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកខេត្តស្វាយរៀង ជាខេត្តមួយដែលមានការរីកចំរើនខាងផ្នែកសេដ្ឋកិច្ច ដោយសារខេត្តនេះបានខិតខំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសដែលបាននាំមកនូវការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនិងក៍បានជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

មានប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោហ៊ុន សែន បានថ្លែងថា ខេត្តស្វាយរៀងគឺជាខេត្តមួយនៅក្នុងចំណោមខេត្តដែលមានការរីកលូតលាស់ខាងផ្នែកសេដ្ឋកិច្ច ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសបានកើតនៅក្នុងខេត្តនេះផ្តល់ឱកាសសម្រាប់ការងារធ្វើដល់កម្មករផង និងផ្តល់ឱ្យកម្ពុជាសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារពិភពលោកផងដែរ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ។

សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះការខិតខំទាំងអស់របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រឹងប្រែងអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដើម្បីរួមចំណែកជួយអភិវឌ្ឍខេត្តនេះឱ្យបានរីកចំរើនថែមទៀត សម្តេចតេជោ បានផ្តល់ការគិតគូរជាពិសេសទៅលើការអភិវឌ្ឍធនធានមនុស្សដោយបានបន្តជួយកសាងអគារសិក្សាដល់សាលាបឋមសិក្សាព្រះសីហនុ វិទ្យាល័យស្វាយរៀង សាលាគរុកោសល្យនិងវិក្រិត្យការខេត្ត និងសាលាបឋមសិក្សាអនុវត្តន៍សរុបចំនួន៥ខ្នងស្មើនឹង៨៨បន្ទប់ អគារស្នាក់នៅគ្រូ១ខ្នង ២ជាន់១០បន្ទប់ ក្នុងគោលដៅជំរុញលើការពង្រឹងប្រសិទ្ធភាពវិស័យអប់រំនៅកម្ពុជា ឱ្យបានកាន់តែខ្លាំងចាប់ពីទីក្រុងរហូតដល់ជនបទជាពិសេសនៅតាមបន្ទាត់ព្រំដែនដែលជាអតីតតំបន់សង្គ្រាម ក៏សម្តេចបានខិតខំបង្ខិតសាលាឱ្យបានទៅដល់គ្រប់ទីកន្លែងទាំងអស់ដោយមិនទុកឱ្យកុមារជួបកង្វះខាតសាលារៀនដូចមុនទៀតឡើយ។ សម្តេចតេជោ បានឆ្លៀតយកឱកាសនេះ ក្រើនរំលឹកដល់ក្មួយៗ ចៅៗសិស្សានុសិស្ស   ដើម្បីកសាងអនាគតឱ្យបានល្អ គួរខិតខំស្វាធ្យាយសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងឱ្យបានជ្រៅជ្រះជាពិសេសត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាងដែលសង្គមស្អប់ខ្ពើម។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងថាដោយសារកត្តាសុខសន្តិភាព និង ស្ថេរភាពនយោបាយល្អ ជាពិសេសដោយមានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តស្វាយរៀងទទួលបានការមកបណ្តាក់ទុនវិនិយោគពីវិស័យឯកជនដោយបានបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤កន្លែងដែលកំពុងដំណើការសព្វថ្ងៃ ក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសម៉េនហាត់ធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេង តំបន់សេដ្ឋកិច្ចសានតុង និងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ សរុបនៅទូទាំងខេត្តមានរោងចក្រសហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឯកជន ចំនួន១៤៩កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានប្រមាណជាង៥ម៉ឺននាក់។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ខេត្តស្វាយរៀង ក៏ទួលបានសមិទ្ធិផលជាច្រើនផងដែរ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិតរួមមាន ប្រឡាយកូនភ្លោះប្រវែង៣៣,៥គីឡូម៉ែត្រ ,ស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត។ អគារសិក្សានៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ ចំនួន១៧៩ខ្នង ស្មើនឹង៩១៤បន្ទប់ ក្នុងនោះសាកលវិទ្យាល័យស្វាយរៀងទទួលបាន អគារសិក្សា១ខ្នង៣ជាន់ ១៧បន្ទប់ សាលប្រជុំធំមួយខ្នង និងបណ្ណាល័យមួយខ្នង។ ក្រៅពីនេះក៏នៅមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ស្ពាន មន្ទីរ វត្តអារាមជាច្រើនទៀត។

ចំពោះការធ្វើទំនាក់ទំនង ជាមួយប្រទេសជិតខាង រដ្ឋបាលខេត្តបានបន្តខិតខំពង្រឹងប្រពៃណី ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយខេត្តឡុងអាន ខេត្តតៃនីញ ប្រទេសវៀតណាម សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់ព្រំដែន ឱ្យមានសន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ អនុវត្តសារាចរលេខ០៨សរ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់វិធានការណែនាំអប់រំប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការជួលដីស្រែចំការ ឬលំនៅដ្ឋាន នៅតាមតំបន់ព្រំដែន ឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង៕

15110837_1155509537830875_8904301468885996839_o 15122876_1155509011164261_1615564084162891258_o 15123223_1155509187830910_3906138880540350691_o-copy 15123351_1155510311164131_1425721270048312540_o-copy 15123363_1155509284497567_3903545291019844753_o

ចែករំលែក

បញ្ចេញយោបល់